រឿង "កុំងាកក្រោយ" ដាក់បញ្ចាំងក្នុងនាមជាភាពយន្តខ្មែរចុងក្រោយគេសម្រាប់ឆ្នាំ ២០១៩
- 2019-12-25 03:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "កុំងាកក្រោយ" ដាក់បញ្ចាំងក្នុងនាមជាភាពយន្តខ្មែរចុងក្រោយគេសម្រាប់ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
បន្ទាប់ពីបានធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងចង្កោមអ្នកគាំទ្រ ក្រោយពីបានបញ្ចេញវីដេអូ Trailer កាលពីសប្ដាហ៍ ម្សិលមិញនេះរឿងទី២របស់ផលិតកម្ម Galaxy “កុំងាកក្រោយ" បានបើកសម្ពោធដាក់បញ្ចាំងជូនប្រិយមិត្តបានទស្សនាហើយ។
ពិធីនេះ បានប្រារព្ធធ្វើនៅ Eden Garden ដោយមានចំនួនអ្នកគាំទ្រចូលរួមយ៉ាងច្រើន។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ដែលត្រូវបានអញ្ជើញឲ្យចូលរួមជាអធិបតី បានគូសបញ្ជាក់ឲ្យដឹងថា ពីការរីកចម្រើននៃភាពយន្តខ្មែរនាដំណាក់កាលចុងក្រោយនេះ។ លោកលើកឡើងថា តាមរយៈមហោស្រពភាពយន្តលើកទី៦ ដែលបានធ្វើឡើងប្រកបដោយជោគជ័យ លោក បូរក្ស អះអាងថា ភាពយន្តខ្មែរ បានកើនឡើងគួរឲ្យកត់សម្គាល់ទាំងបរិមាណ ពិសេសគុណភាព ដោយក្នុងនោះ មានភាពយន្តខ្លះ បានឈានដល់ទីផ្សារអន្តរជាតិថែមទៀត។
ដូច្នេះហើយ នាមជាអាណាព្យាបាលក្នុងឧស្សាហកម្មភាពយន្ត លោកសូមស្វាគមន៍ចំពោះលទ្ធផលថ្មីៗនៃផលិតផលភាពយន្តក្នុងស្រុក។ ជាក់ស្ដែងការមកដល់នៃភាពយន្តរឿង "កុំងាកក្រោយ" របស់ផលិតកម្ម Galaxy ដែលជាខ្សែភាពយន្តខ្មែរចុងក្រោយបំផុតសម្រាប់ឆ្នាំ ២០១៩ ដែលត្រូវបានសម្ពោធដាក់បញ្ចាំង លោកជឿថា នឹងបន្ថែមពណ៌សម្បុរដល់ឧស្សាហកម្មភាពយន្តក្នុងស្រុក ឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។
នៅក្នុងការសន្ទនាដោយឡែកមួយ ត្បិតតែមិនទាន់បានទស្សនាសាច់រឿងពេញ ប៉ុន្តែលោក ប៉ុក បូរក្ស មានសុទិដ្ឋិនិយមចំពោះផលិតផលភាពយន្តមួយនេះ ដោយយោងលើហេតុផលក្រេឌីតល្អរបស់អ្នកនិពន្ធ និងដឹកនាំរឿង។ លោកថា រ៉ូណាន មានទឹកដៃល្អ បើផ្អែកទៅលើសមិទ្ធផលមួយចំនួនរបស់លោក ក្នុងអតីតកាល។
ងាកមកអ្នកដឹកនាំរឿងផ្ទាល់ គឺលោក រ៉ូណាន ចាន់ណា បានឲ្យដឹងថា លោកខ្លួនឯងក៏មានសុទិដ្ឋិនិយមដូចគ្នាចំពោះរឿងនេះ។ លោកថា ក្រោយពីខំសម្រិតសម្រាំង លទ្ធផលល្អបានបង្ហាញឲ្យឃើញខ្លះ ក្រោយពីផលិតកម្មបានបញ្ចេញវីដេអូ Trailer កាលពីសប្ដាហ៍មុន មានសន្ទស្សន៍ការគាំទ្រច្រើន។ លោកសង្កត់ធ្ងន់ថា សាច់រឿង "កុំងាកក្រោយ" មានភាពប្រទាក់ក្រឡាល្អ មានគ្រប់រសជាតិ។ ដូច្នេះហើយ លោកមានក្ដីសង្ឃឹមថា នឹងអាចត្រូវចិត្តទស្សនិកជន។
រឿង "កុំងាកក្រោយ" គឺជាវណ្ណកម្មទី២របស់ផលិតកម្ម Galaxy របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បន្ទាប់ពីរឿង "កំពូលល្ងង់នៅអាស៊ី"។ តាមលោក យឹម តាស្រង់ នាយកគ្រប់គ្រងផលិតកម្មបានបញ្ចេញឲ្យដឹងថា នេះគ្រាន់ជាសមិទ្ធផលចុងក្រោយ សម្រាប់ឆ្នាំ ២០១៩នេះ ប៉ុន្តែមិនមែនជាការផលិតចុងក្រោយបំផុត របស់ Galaxy ពោលគឺ លោកនៅមានគម្រោងភាពយន្តជាច្រើនទៀតនៅក្នុងដៃ ដោយគ្រោងនឹងបង្ហាញជូនបន្តបន្ទាប់នាឆ្នាំ ២០២០ ខាងមុខ។ ប៉ុន្តែ អ្នកគ្រប់គ្រងរូបនេះ មិនបាននិយាយលម្អិតឡើយពីគម្រោងខាងលើនេះ ប៉ុន្តែថា នៅឆ្នាំថ្មីនេះ នឹងមានរឿងថ្មីៗច្រើន។
ក្រោយពីសម្ពោធយប់មិញនេះ "កុំងាកក្រោយ" នឹងដាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី ២៦ ធ្នូ ២០១៩ នៅគ្រប់រោងភាពយន្តល្បីៗទាំងនៅរាជធានី និងតាមបណ្ដាខេត្តធំៗ។ តួសម្ដែងក្នុងរឿងនេះមាន លោក ជា លាងឈែ ទី្រ ដារ៉ាវុធ កញ្ញា ឆាយ នីតា លោក ពីម័យ និងតារាប្រុសស្រី វ័យក្មេងជាច្រើនរូបទៀត៕