ទើបតែដឹង អតីតកាលតួឯកស្រីរឿង "កុំងាកក្រោយ" ស្រីស្អាត ឆាយ នីតា គឺជាអ្នកគ្រូស្មោះ!
- 2019-12-25 07:57:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែដឹង អតីតកាលតួឯកស្រីរឿង "កុំងាកក្រោយ" ស្រីស្អាត ឆាយ នីតា គឺជាអ្នកគ្រូស្មោះ!
ចន្លោះមិនឃើញ
កញ្ញា ឆាយ នីតា ដ៏ស្រស់ឆើត ទើបតែលេចមុខក្នុងសង្គមសិល្បៈប្រមាណ២ឆ្នាំជាង និងទើបតែសម្រេចបានលទ្ធផលធំក្នុងតំណែងតួឯកស្រីក្នុងរឿង "កុំងាកក្រោយ" ដែលត្រូវបានបើកសម្ពោធដាក់បញ្ចាំងនាថ្ងៃម្សិលមិញ។ ប៉ុន្តែបកទៅអតីតកាលរបស់នាង នីតា គឺជាអ្នកគ្រូបង្រៀនម្នាក់។
ឆាយ នីតា មានវ័យ ២៤ឆ្នាំ ជាអ្នកភ្នំពេញ នាងកើតក្នុងគ្រួសារដែលមានឪពុកជាគ្រូបង្រៀន ម្ដាយជាអាជីវករ និងមានបងប្អូនទាំងអស់ ៦នាក់(ស្រី៤ ប្រុស២) ហើយនាងជាកូនទី៤ក្នុងចំណោមបងប្អូនទាំងអស់(កូនស្រីពៅក្នុងចំណោមបងប្អូនស្រី)។ ដោយសារមានឪពុកជាគ្រូបង្រៀន បានត្រួសត្រាយផ្លូវឲ្យកូនស្ទើរទាំងអស់ក្លាយជាគ្រូបង្រៀន រួមបញ្ចូលទាំង នីតា ផង។
តារាស្រី បានឲ្យដឹងថា បងស្រីៗរបស់កញ្ញា សុទ្ធជាគ្រូបង្រៀន ហើយនាងក៏ជាគ្រូបង្រៀនដូចគ្នាដែរ។ "ពីមុនខ្ញុំគឺជាគ្រូបង្រៀន គឺគ្រូបង្រៀនមត្តេយ្យភាសាអង់គ្លេសនៅសាលាប៊ែលធី ហើយបងៗខ្ញុំទាំងអស់ ក៏ជាគ្រូបង្រៀនដែរ"។ ប៉ុន្តែក្រោយពីបានផ្ញើខ្លួនក្នុងអាជីពដែលគេហៅថាអាណាព្យាបាលទី២បានមួយរយៈធំ នាងក៏បានផ្លាស់ប្ដូរ តាមរយៈការប្រឡងប្រជែងសម្រស់ និងសមត្ថភាពសិល្បៈមួយនៅឆ្នាំ ២០១៦។
នីតា ឲ្យដឹងថា នៅឆ្នាំ ២០១៦ ដោយសារនិស្ស័យ និងឱកាសផង កញ្ញា បានដាក់ពាក្យប្រឡងក្នុងកម្មវិធី Miss Cambodia ហើយជាលទ្ធផល កញ្ញា បានជាប់ចំណាត់ថ្នាក់លេខ៣ ហើយជីវភាពជាគ្រូបង្រៀនរបស់នាង ក៏ប្រែក្លាយបន្តិចម្ដងៗ។ "ក្រោយពីជាប់មក គេនាំទៅនេះទៅនោះរហូត អីចឹងហើយ ខ្ញុំត្រូវសុំច្បាប់ការងារច្រើន អីចឹងក៏សម្រេចថាសុំឈប់តែម្ដងទៅ!”។ កញ្ញា ឆាយ នីតា ថ្លែង។
បន្ទាប់ពីលាអាជីពគ្រូបង្រៀន ឆាយ នីតា បានចាប់ផ្ដើមអាជីពសិល្បៈដោយការដើរម៉ូដ។ អាជីពនេះសាមីខ្លួន បានប្រាប់ថា ចូលចិត្តតាំងពីតូចៗ ព្រោះតែយល់ថាអាជីពដែលអាចឲ្យនាងស្លៀកពាក់ស្អាត បង្ហាញគេឯង។ ប៉ុន្តែបន្តមកទៀត ក៏បានឈានមកជាតារាសម្ដែងបន្ថែមទៀត ដោយមានការណែនាំពីលោក ទ្រី ដារ៉ាវុធ រហូតដល់សម្ដែងជាតួឯកជាមួយគ្នាក្នុងរឿង "កុំងាកក្រោយ"។
អតីតអ្នកគ្រូ បានឲ្យដឹងថា បន្ទាប់ពីក្លាយជាតារាសម្ដែង នាងក៏មើលឃើញពីភាពខុសប្លែកបន្ថែមពីលើអាជីពដើរម៉ូដដែលនាងស្រឡាញ់តាំងពីកុមារ។ នាងថា ការសម្ដែងបានឲ្យនាងស្គាល់រសជាតិជីវិតច្រើនបែបច្រើនយ៉ាង មានទាំងសើច យំ និងការលំបាកជាច្រើនទៀត ពិសេសអាជីពថ្មីនេះ ធ្វើឲ្យនាងកាន់តែមានគេស្គាល់ច្រើនថែមទៀត។ ដូច្នេះហើយ នីតា នឹងពង្រឹងអាជីពទាំងពីរដោយមិនចោលមួយណានោះទេ ព្រោះសុទ្ធតែសំខាន់សម្រាប់នាងទាំងអស់។
ក្រោយពីចាប់បានតំណែងតួឯកស្រីក្នុងវណ្ណកម្មទី២របស់ផលិតកម្ម Galaxy រឿង "កុំងាកក្រោយ" នេះ ឆាយ នីតា បានបង្ហើបថា គិតមកត្រឹមពេលនេះ នាងទទួលគម្រោងថតប្រមាណ ២-៣រឿងរួចទៀតសម្រាប់ឆ្នាំ ២០២០ ខាងមុខ ក្នុងនោះមានទាំងប្រភេទរឿងខ្នាតធំ និងរឿងខ្នាតខ្លី។ តាមរយៈសមិទ្ធផលទាំងនេះ សាមីខ្លួនមានក្ដីសង្ឃឹមថា ទស្សនិកជនជាច្រើនទៀត នឹងបានស្គាល់នាង ក៏ដូចជាជួយឲ្យប្រជាប្រិយភាពនាងកាន់តែខ្ពស់ឆ្នាំ ២០២០ខាងមុខ៕