​​ផ្លូវ​ជាតិ​លេខ​២​ ចាប់​ផ្ដើម​សម្រុក​ឈូស​ឆាយ​ ខណៈពិធីសម្ពោធ​បើក​ការដ្ឋាន​​ឆាប់​ៗ​នេះ​

  • 2020-01-06 04:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​រដូវ​​ប្រាំង​បាន​​ឈាន​មក​ដល់​​ ការដ្ឋាន​​សាង​សង់​​​ពង្រីក​ផ្លូវ​ជាតិ​លេខ​​២ បាន​​ចាប់​​ផ្ដើម​​ឈូស​​ឆាយ​ពង្រីក​​​ចាប់​​ពី​​រង្វង់​មូល​គួរ​ស្រូវ​​ ក្នុង​ខណ្ឌ​ដង្កោ​រាជធានី​​ភ្នំពេញ​ ​រហូត​​ដល់​ប្រជុំ​​ជន​​​ផ្សារ​សំរោង​យ៉ោង​ ក្នុង​​ស្រុក​បាទី​​ខេត្ត​​តាកែវ​ ហើយ​គិត​​ត្រឹម​សប្ដាហ៍​មុន​​នេះ​។

លោក​ គង់ វិមាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​​បាន​ថ្លែង​ប្រាប់​ sabay ​ឱ្យ​ដឹង​ថា ការ​ឈូស​ឆាយ​​ពង្រីក​កំពុង​ចាប់​​ផ្ដើម​យ៉ាង​សកម្ម​ ខណៈ​ដំណោះ​ស្រាយ​ផល​ប៉ះពាល់​​​​ដី​បង​ប្អូន​​ប្រជាពលរដ្ឋ​​ត្រូវ​​​ធ្វើ​ជា​បន្ត​បន្ទាប់ ដោយ​អនុវត្ត​តាម​​ច្បាប់​ផ្លូវ​​ថ្នល់​​ ហើយ​​ការ​សាង​សង់​នឹង​ត្រូវ​​ធ្វើ​ឡើង​​តាម​​​ផ្លូវ​ចាស់​ ដោយ​មិន​មាន​ផ្លូវ​ឡើយ​ បើ​ទោះ​ជា​តាម​​​កំណាត់​ផ្លូវ​ជាតិ​លេខ​​២ មាន​ទី​ប្រជុំ​​ជន​ច្រើន​យ៉ាង​ណា។

​អញ្ចឹង​ក្រុម​ការងារ​​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​នឹង​កំពុង​ដោះស្រាយ​ផល​ប៉ះពាល់​​បណ្ដើរ​ៗ​ និង​ត្រូវ​សាង​សង់​​ពង្រីក​តាម​​ផ្លូវ​ចាស់​ ដោយ​មិន​​មាន​ផ្លូវ​វៀង​ទេ​”។

​ដោយ​មិន​ទាន់​អាច​​ប្រាប់​ពេល​វេលា​ជាក់​លាក់​ លោក​បាន​បន្ថែម​ថា សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​​ជា​អធិបតី​ភាព​បើក​ការដ្ឋាន​សាង​សង់​​ផ្លូវ​ជាតិ​លេខ​២​ ឆាប់​ៗ​នេះ​។

តាម​របាយការណ៍​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​​ឱ្យ​ដឹង​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២ និង​ផ្លូវលេខ២២ មាន​ប្រវែង​សរុប ៧២,១៧​គីឡូ​ម៉ែត្រ​គ្រោង​​នឹង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ និង​ថវិកា​រ​ប​ដិ​ភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨.៥លាន​ដុល្លារ​អាមេរិក។

គម្រោង​នេះ ឆ្លង​កាត់​រាជធានី-ខេត្ត​ចំនួន៣ រួមមាន​ខេត្ត​កណ្តាល ​រាជធានី​ភ្នំពេញ និង​ខេត្ត​តាកែវ​ ដោយ​​បែងចែក​ជា៣​កំណាត់​ផ្លូវ​ធំ​ៗ​មាន​ដូច​ជា៖​

- កំណាត់​ទី១៖ ចាប់​ផ្ដើម​ចេញពី​រង្វង់​មូល​តាខ្មៅ ដល់​រង្វង់​មូល​ស្រ្តី​បី​កួរ​ស្រូវ ដែល​មាន​ប្រវែង ៨,៧​គ.ម។ ពង្រីក​ពី ២គន្លង ទៅ ៤គន្លង ដែល​នៅ​តំបន់​ទីប្រជុំជន ប្រវែង ៤,៣គ.ម មាន​ទទឹង​ផ្លូវ ១៥ម និង​ក្រៅ​តំបន់​​ទីប្រជុំជន​មាន​ទទឹង​ផ្លូវ ២០,៥ម។ កំណាត់​ផ្លូវ​នេះ​ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់​ ១២ស.ម។

- កំណាត់​ទី២៖ ចាប់​ផ្ដើម​ពី​រង្វង់​មូល​ស្ត្រី​បី​កួរ​ស្រូវ ដល់​រង្វង់​មូល​​អូរ​ចំបក់ ដែល​មាន​ប្រវែង​ ៥៣,៨១គ.ម ស្ថិត​ក្នុង​តំបន់​ជនបទ។កំណាត់​ផ្លូវ​នេះ​មាន ២គន្លង និង​ទទឹង ១៣ម ក្រាល​បេតុង​កៅស៊ូ (AC) ដែល​មាន​កម្រាស់ ១០ស.ម។

- កំណាត់​ទី៣៖ ចាប់​ផ្ដើម​ពី​រង្វង់​មូល​អូរ​ចំបក់ ដល់​ផ្សារ​អង្គតា​សោម (ផ្លូវជាតិ​លេខ២២) ដែល​មាន​ប្រវែង​ ៩,៦គ.ម ស្ថិត​ក្នុង​តំបន់​ជនបទ។ កំណាត់​ផ្លូវ​នេះ មាន​ទំហំ​ទទឹង​ផ្លូវ​សរុប ១៣ម​ ក្រាល​បេតុង​កៅ​ស៊ូ (AC) ដែល​មាន​កម្រាស់ ​១០​សង់​ទី​ម៉ែត្រ​។ ការ​ស្ថាបនា​នេះ គ្រោង​នឹង​ប្រើ​រយៈ​ពេល ៣០ខែ (ប្រហែល ២ឆ្នាំ​កន្លះ)៕​

អត្ថបទថ្មី