ទី​បំផុត​ភាពយន្ត​ជីវិត​ពិត​យ៉ាង​កម្រ​ក្នុង​ពេល​បច្ចុប្បន្ន "ដើម្បី​កូន" បាន​ចេញ Trailer ហើយ!

  • 2020-01-10 02:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ដក​ស្រង់​ពី​ជីវិត​ពិត​យ៉ាង​កម្រ​មួយ​នៅ​ក្នុង​បរិបថ​សព្វ​ថ្ងៃ មាន​ចំណង​ជើង​ថា "ដើម្បី​កូន" ដែល​ទទួល​បាន​ការ​លើក​សរសើរ​ពី​នាយកដ្ឋាន​ភាពយន្ត​នោះ បាន​បញ្ចេញ​វីដេអូ "Trailer” ផ្លូវ​ការ​របស់​ខ្លួន​ហើយ នៅ​យប់​មិញ​នេះ ស្រប​ពេល​ដែល​អ្នក​ទស្សនា​ពោល​ថា កម្សត់ មើល​ហើយ​ស្រក់​ទឹក​ភ្នែក​មិន​ដឹង​ខ្លួន។

វីដេអូ​រយៈ​ពេល​ជាង ៣នាទី​នេះ បាន​ចេញ ក្រោយ​ពី​លោក ហ៊ុយ យ៉ាឡេង បាន​បង្ហើប​ក្នុង​ថ្ងៃ​សន្និសីទ​ពី​ការ​បរិច្ចាគ​ថវិកា ១០០០​ដុល្លារ​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ថា ភាពយន្ត​រសជាតិ​ថ្មី​បំផុត​របស់​លោក​នេះ គឺ​គ្រោង​នឹង​ឡើង​រោងកុន​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​បាន​ទស្សនា​នៅ​ដំណាច់​ខែ​នេះ​ហើយ។

លោក យ៉ាឡេង ដែល​ជា​អ្នក​និពន្ធ ដឹកនាំ និង​សម្ដែង​ខ្លួន​ឯង​ផង បាន​ឲ្យ​ដឹង​ថា សាច់​រឿង គឺ​លោក​ដក​ស្រង់​ពី​ជីវិត​ពិត​របស់​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់ យក​មក​ធ្វើ​ចេញ​ជា​ភាពយន្ត។ លោក​ចង់​ឲ្យ​យុវវ័យ បាន​យល់​កាន់​តែ​ច្បាស់​ពី​ពលិកម្ម​របស់​បុគ្គល​ជា​អាណាព្យាបាល​ម្នាក់​ៗ តស៊ូ លះបង់​ខ្លាំង​ប៉ុណ្ណា ទើប​អាច​បីបាច់​កូន​ៗ​រហូត​ដល់​ពេល​វ័យ អាច​រក​អនាគត​បាន។

មួយ​វិញ​ទៀត លោក​ក៏​ចង់​បណ្ដុះ​ក្ដី​ស្រឡាញ់​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​ភាព​ជិត​ស្និទ្ធ​ក្នុង​គ្រួសារ​ឲ្យ​បាន​កាន់​តែ​ច្រើន ទើប​លោក​មាន​ក្ដី​រំពឹង​យុវវ័យ​ទាំង​អស់​អាច​ជូន​អំណោយ​ទៅ​អ្នក​មាន​គុណ ដោយ​ការ​ជូន​ពួក​គាត់​មក​ទស្សនា​រឿង​នេះ ព្រោះ​លោក​ជឿ​ថា អ៊ុំ ពូ មា មីង ក៏​ប្រាថ្នា​ពេល​វេលា​បែប​នេះ​ដែរ ប៉ុន្តែ​រឿង​ដែល​ពិបាក គឺ​ខ្វះ​ភាពយន្ត​ដែល​ពួក​គាត់​អាច​មើល​បាន។

"ផ្សេង​ពី​នេះ​ទៀត ខ្ញុំ​ចង់​បន្ថែម​ពណ៌​សម្បុរ​ដល់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក ឲ្យ​មាន​គ្រប់​រសជាតិ​ដូច​កាល​ទសវត្ស ៦០ កាល​ជំនាន់​នោះ ខ្ញុំ​ឃើញ មនុស្ស​ម្នា​ដឹកដៃ ម្ដាយ​កូន​ទៅ​មើល​កុន ហើយ​ពួក​គាត់​គាំទ្រ​គ្រប់​ភាពយន្ត​មិន​ថា​តែ​រឿង​ខ្មោច ឬ​កំប្លែង​ទេ...អីចឹង​ហើយ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ទិដ្ឋភាព​នោះ កើត​ឡើង​នៅ​សម័យ​បច្ចុប្បន្ន!”។ លោក ហ៊ុយ យ៉ាឡេង ថ្លែង។

តោះ...ទស្សនា​វីដេអូ Trailer រឿង "ដើម្បី​កូន" ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា