​គិត​ត្រឹម​ឆ្នាំ​​២០២០​​ គម្រោងលំនៅឋាន​ សម្រាប់​មន្ត្រី​រាជ​កា​រ​ និង​​អ្នក​ចំណូល​​ទាបមាន​ប៉ុន្មាន​គម្រោង​ហើយ?​​

  • 2020-01-13 02:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​​ដើម​ឆ្នាំ​​២០២០​ នេះ​​គម្រោង​លំនៅ​ឋាន​សាធារណៈ​ និង​តម្លៃ​​ទាប​ សម្រាប់​គ្រួសារ​​មន្ត្រីរាជការ​ការ​មាន​​​ចំនួន​ ៥ គម្រោង​។ នេះ​​បើ​តាម​​របាយការណ៍​ក្រសួង​រៀបចំ​ដែន​​ដី​នគរ​រូប​នីយកម្ម​ និង​សំណង់​ដែល​​គេហទំព័រ​ sabay ទទួល​បាន​កាល​ពី​ចុង​សប្ដាហ៍​មុន​​​។

គម្រោង​លំនៅឋាន​​តម្លៃ​​សមរម្យ​សម្រាប់​មន្ត្រី​រាជការ​​ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​ជន​​ពិការ​មាន​ចំណូល​​ទាប​ និង​មធ្យម​ ដែល​​អាច​​បង់​រំលោះ​ត្រឹម​១​ខែ​៨០​ដុល្លារ​ ក្នុងឆ្នាំ២០២០​​គឺ​ទទួល​បាន​​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​បង​ប្អូន​​មន្ត្រី​រាជការ​តែ​ម្ដង​។

របាយ​ការណ៍​ក្រសួង​រៀបចំ​ដែន​ដី​​ ដែល​បាន​​ចេញ​ផ្សាយ​ចុង​សប្ដាហ៍​មុន​​ឱ្យ​ដឹង​ថា​ ​គិត​​ត្រឹម​ដើម​ឆ្នាំ​២០២០​ គម្រោង​​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​​​សមរម្យ​​មាន​ចំនួន​ ៥ ​គម្រោង​។ គម្រោង​ទី​​១ ​គម្រោង​អភិវឌ្ឍ​"លំនៅឋាន​​ទីក្រុង​រណប​សិរីមង្គល​”​ របស់​ក្រុម​ worldbridge Home Co,Ltd មាន​​ទីតាំង​​នៅ​ភូមិ​កោះ​គរ​ ឃុំ​​រកា​ខ្ពស់​ ស្រុក​ស្អាត​ ខេត្ត​កណ្ដាល​ បច្ចុប្បន្ន​សម្រេច​បាន​​ ៩០%​។ ​គម្រោង​នេះ​បាន​​បើក​ការដ្ឋាន​សាង​សង់​កាល​​ពី​ថ្ងៃ​ទី ៧ ខែ​មករា​ ឆ្នាំ​២០១៧ ​ក្រោម​អធិបតី​ភាព​លោក​ឧបនាយករដ្ឋមន្រ្តី​​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែន​ដី​នគរ​រូបនីយកម្ម និង​សំណង់ ​ជា សុផារ៉ា​ ​និង​​លោក​ឧកញ៉ា ​សៀ រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​។

ទី​២ គម្រោង​អភិវឌ្ឍ​លំនៅឋាន​​​តម្លៃ​សមរម្យ​ "បុរី​សែន​មនោរម្យ​ ​ព្រែក​តាទែន​” អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ B&BM Development Co,Ltd. មាន​ទីតាំង​ស្ថិត​នៅ​​ភូមិ​ស្លែង​ដី​ដុះ​ ឃុំព្រែក​តាទែន​ ​ស្រុក​ពញា​ឮ​ ខេត្ត​កណ្ដាល បច្ចុប្បន្ន​សម្រេច​បាន​៥០%។ ​គម្រោង​នេះ​សាងសង់​លំនៅឋាន​​ចំនួន​ ៥៣៤០ ​ខ្នង។ ​ ទី​​៣ គម្រោង​អភិវឌ្ឍ​លំនៅឋាន​​តម្លៃ​សមរម្យ "លំនៅឋាន​​អារ៉ាខារ៉ា​”​ ចំនួន​​២៩៦០​ចំណែក​​ឯក​ជន​ មាន​​ទីតាំង​ស្ថិត​នៅ​​ភូមិ​ផ្សារ​​ទឹក​​ថ្លា សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​​សម្រេច​បាន​​ ៥១% ។

ទី៤ គម្រោង​អភិវឌ្ឍ​លំនៅឋាន​​តម្លៃ​សមរម្យ "ហ្រ្គេន​​ផាក​” ដំណាក់​កាល​​ទី​១ មាន​ទីតាំង​ស្ថិត​នៅ​​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​សម្រេច​បាន​៦៧%។

ទី​៥ ​គម្រោង​អភិវឌ្ឍ​លំនៅឋាន​​តម្លៃ​សមរម្យ​ "សុខារេស៊ីដិន​​” ចំនួន​៤២៩៦ ចំណែក​ឯកជន​​ មាន​ទីតាំង​ស្ថិត​នៅ​​​ភូមិផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ បាន​​បើក​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ​២០១៩​ថ្មី​ៗ​នេះ។ ​ដូច្នេះ​សរុប​ទាំង​ ៥​ គម្រោង​​មាន​​​លំនៅឋាន​​ចំនួន​ ៨៣៣១ ​ខ្នង និង​ ៧២៥៦ ចំណែក​ឯកជន​​។

ក្នុង​​ឱកាស​បើក​ការដ្ឋាន​សាង​សង់​លំនៅឋាន​​របស់​ក្រុមហ៊ុន​​ worldbridge Home Co,Ltd ​កាល​ពី​ឆ្នាំ​២០១៧​ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​មាន​ប្រសាសន៍​ថា ផ្ទះ​ដែល​ចាប់ផ្ដើម សាងសង់​នេះ​មិនមែន ធ្វើ​ឲ្យ​ចេះ​តែ​បាន ធ្វើ​ខ្វះ​គុណភាព តំបន់​នៃ​ការ​អភិវឌ្ឍ​គម្រោង គិតតែ​ពី​ផ្ទះ​ជាប់​គ្នា​រហូត ដូច​សម្បុក​ចាប​នោះ គឺ​មិនមែន​ទេ គឺ​មាន​ផ្លូវ​ហេដ្ឋា រចនា​សម្ព័ន្ធស្រប មាន​សួនច្បារ មាន​សាលារៀន និង​មន្ទីរពេទ្យ​ជាដើម ព្រោះ​ផ្ទះ​នេះ​ធ្វើ​ជា​លក្ខណៈ​សហគមន៍ ។

លោក​បាន​បន្ត​ថា “ខ្ញុំ​ក៏​ទទួល​បាន​រួម​ចំណែក នៅ​ក្នុង​ការ​ការពារ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ឲ្យ​មាន​ផ្ទៃ​បៃតង​នេះ ៥,១ភាគរយយ៉ាងតិច មាន​ទុក​ទីធ្លា មាន​ទី​សាធារណៈ ​ដើម្បី​ជួប​ជុំ​គ្នា​នៅ​ក្នុង​តំបន់​នេះ នេះ​ជា​គោល​បំណង​របស់​យើង” ។ លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សង្កត់​ធ្ងន់​ថា ការ​លក់​គម្រោង​នេះ មិន​ត្រូវ​មាន​បក្ខពួក និយម​នោះ​ទេ។

ក្រសួង​​រៀប​ចំ​ដែន​ដី​ ក៏​នឹង​បន្ត​ជំរុញ​សាង​សង់​លំនៅឋាន​​តម្លៃ​សមរម្យ​ និង​លំនៅឋាន​​បន្សាំ​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ​សម្រាប់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​​ ប្រាក់​​ចំណូល​ទាប និង​គ្រួសារ​ងាយ​រង​គ្រោះ​៕​

អត្ថបទពេញនិយម