មិនលេងសើចទេ! ប្រទេសក្បែរខាងកម្ពុជាចំនួន ២ ផ្ទុះជំងឺឆ្លងប្រភេទថ្មីមកពីចិន

  • 2020-01-21 07:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដ្ឋាភិបាល​ចិន​អះអាងថា មាន​ការ​ផ្ទុះ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ពី​ការ​ចម្លង​នៃ​ជំងឺ​ថ្មី​ដ៏​អាថ៌​កំបាំង​នេះ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​លាន​នាក់​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី។

ដំបូង​ឡើយ​មេរោគ​ដ៏​អាថ៌កំបាំង​នេះ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង Wuhan បន្ដ​រាល​ដាល​ទៅ​ដល់​ប៉េកាំង និង​ក្រុង Shenzhen។ ប៉ុន្តែយ៉ាងហោចណាស់មានមនុស្សពីរនាក់ បានឆ្លងមេរោគក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទោះបីជារស់នៅរាប់រយ​គីឡូម៉ែត្រ​ពី​ទីក្រុង Wuhan ក៏ដោយ។ មេរោគ​ឆ្លង​ថ្មី​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម​នេះ ត្រូវ​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ហើយ​មក​ទល់​ពេល​នេះ​រាល​ដាល​ទៅ​ដល់​បរទេស ដោយ​មាន​ពីរ​ករណី​ក្នុង​ប្រទេស​ថៃ និង​ពីរ​ករណី​ទៀត​ក្នុង​ប្រទេស​វៀត​ណាម។ ក្រៅ​ពី​នេះ ជំងឺ​ឆ្លង​ប្រភេទ​ថ្មី​ដ៏​អាថ៌​កំបាំង និង​គួរ​ឲ្យ​ខ្លាច ក៏​បាន​រាល​ដាល​ទៅ​ដល់​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​កាល​ពី​ពេល​ថ្មី​ៗ​ផង​ដែរ។

នៅ​ក្នុង​ប្រទេស​ថៃ អាជ្ញាធរ​បាន​រក​ឃើញ​ស្ត្រី​ជនជាតិ​ចិន​វ័យ ៦១​ឆ្នាំ​ម្នាក់​មាន​ផ្ទុក​មេរោគ​ឆ្លង​ប្រភេទ​ថ្មី​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ដែល​ជា​ករណី​ដំបូង​គេ​បង្អស់​ផ្ទុះ​ឡើង​ខាង​ក្រៅ​ប្រទេស​ចិន។ ចំណែក​ឯ​មួយ​ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លួន​បុរស​អ្នក​ទេសចរ​ជនជាតិ​អង់គ្លេស​វ័យ ៣២​ឆ្នាំ​ឈ្មោះ Ash Shorley ដែល​ទៅ​កម្សាន្ដ​នៅ​លើ​កោះ​ដ៏​ល្បី Phi Phi ក៏​ស្រាប់​តែ​ធ្លាក់​ខ្លួន​មាន​អាការ​ដូច​ជា​ផ្ដាសាយ។ គ្រូ​ពេទ្យ​នៅ​លើ​កោះ មិន​អាច​ផ្ដល់​ការ​ព្យាបាល​សមស្រប​សម្រាប់​ជំងឺ​ដ៏​ចម្លែក​នេះ​ទេ ហើយ​បុរស​រង​គ្រោះ​ខាង​លើ​ត្រូវ​បាន​ដឹក​តាម​យន្ដហោះ​មក​កាន់​កោះ​ភូកេទ​ដើម្បី​ព្យាបាល​បន្ដ។ ​ក្រុម​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ​ភូកេទ ​បញ្ជាក់​ថា​ រោគ​សញ្ញា​របស់​បុរស​រូប​នេះ គឺ​ស្រដៀង​ទៅ​នឹង​អ្នក​ជំងឺ​ដែល​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។

(ជនជាតិ​អង់គ្លេស​វ័យ ៣២​ឆ្នាំ​ឈ្មោះ Ash Shorley)

ចំណែក​ឯ​នៅ​ប្រទេ​សវៀតណាម​វិញ ក្រសួង​សុខាភិបាល បាន​រក​ឃើញ​មេរោគ​ឆ្លង​ប្រភេទ​ថ្មី​ក្នុង​ខ្លួន​ស្ត្រី​ជន​ជាតិ​ចិន​ពីរ​នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Wuhan និង​ដាក់​ពួកគេ​ឲ្យ​នៅ​ដោយ​ឡែក​ជៀស​វាង​ការ​ឆ្លង​រាលដាល​បន្ដ​ទៀត។ ស្ត្រី​ទាំង​ពីរ​នាក់ ត្រូវ​បាន​ពិនិត្យ​ឃើញ​មាន​ផ្ទុក​មេរោគ​នេះ​ក្រោយ​ចុះ​ចត​នៅ​ព្រលាន​យន្ដហោះ​អន្ដរជាតិ Danang កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ ក្រសួង​វៀតណាម បាន​បើក​កិច្ច​ប្រជុំ​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​ពុធ ដើម្បី​បញ្ជូន​ក្រុម​ការងារ​ទៅ​តំបន់​កើត​ហេតុ​ខាង​លើ​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ថ្មី​ដ៏​កាច​សាហាវ​នេះ។ ក្រៅ​ពី​នេះ នៅ​ក្នុង​ប្រទេស​ជប៉ុន អាជ្ញាធរ​ក៏​បាន​រក​ឃើញ​បុរស​ម្នាក់​មាន​ផ្ទុក​មេរោគ​ឆ្លង​ថ្មី​នេះ​ដែរ​ក្រោយ​ពេល​ដែល​រូប​គេ​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Wuhan កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ នេះ​គឺ​ជា​ករណី​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​លើក​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេស​ជប៉ុន។

គួរ​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ស្វែង​រក​ឃើញ​ថា​នេះ​ជា​មេរោគ​ប្រភេទ​អ្វី​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​រោគ​សញ្ញា​របស់​វា​ស្រដៀង​ទៅ​នឹង​ជំងឺ SARS ដែល​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០០៣ ដែល​ចម្លង​មនុស្ស​ជាង ៨​ពាន់​នាក់ និង​សម្លាប់ ៧៧៤​នាក់​ទៀត​ផង។ ជំងឺ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ជា​ច្រើន ដោយ​ពួកគេ​ចាប់​ផ្ដើម​បង្កើន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​ចូល​ក្នុង​ប្រទេស ដោយ​ដាក់​ឧបករណ៍​ស្កេន​កម្ដៅ​ខ្លួន​រក​រោគ​សញ្ញា​នៃ​មេរោគ មុន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម