ទារកចិនម្នាក់ ក្លាយជាអ្នកឆ្លងវីរុសកូរ៉ូណាក្មេងជាងគេបំផុត ក្រោយទើបកើតបាន ៣០ម៉ោង

  • 2020-02-06 07:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទារក​ចិន​ដែល​ទើប​តែ​កើត​ម្នាក់ ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ក្រោយ​ពេល​ដែល​ទើ​បនឹង​កើត​បាន ៣០​ម៉ោង​ប៉ុណ្ណោះ ដែល​ជា​ករណី​ក្មេង​ជាង​គេ​ឆ្លង​ជំ​ងឺ​នេះ។

យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចិន Xinhua ទារកនេះបានកើតនៅថ្ងៃទី ២ ខែកុម្ភះនៅក្នុងមន្ទីរពេទ្យនៃទីក្រុង Wuhan ដែលជាចំណុចកណ្តាលផ្ទុះឡើងវីរុស​កូរ៉ូណា។ ម្តាយទារក ត្រូវ​បាន​ធ្វើ​តេស្ត​រកឃើញ​ថា​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណាមុនពេលសំរាលកូន ប៉ុន្តែគេ​នៅមិនទាន់ច្បាស់ថាតើជំងឺនេះត្រូវបានចម្លងតាមរបៀបណា​ទេ។ ទារកដែលមានទំងន់ ៣.២៥ គីឡូក្រាមនៅពេលចាប់កំណើត ឥឡូវស្ថិតក្នុងស្ថានភាព​សុខភាពស្ថេរភាព ហើយត្រូវបានគេដាក់ឱ្យស្ថិតនៅក្រោមការ​តាមដាន​បន្ដ​ទៀត។

ជាមួយគ្នា​ដែរ គ្រូពេទ្យជាន់ខ្ពស់នៃផ្នែកប្រសាទទារកនៃមន្ទីរពេទ្យ បាន​ឲ្យ​ដឹង​ថា​ករណីនេះជាសញ្ញាមួយដែលបង្ហាញថា “ យើងគួរតែព្រួយបារម្ភអំពី​ផ្លូវ​ចម្លង​មេរោគថ្មីដែលអាចកើតមាន”។ វីរុសនេះបានរាតត្បាតទៅក្រៅប្រទេសដោយមានប្រទេសចំនួន ២៥ បានបញ្ជាក់ថាមានចំនួនសរុប ១៩១ ករណី បើទោះបីជាមកដល់ពេលនេះមានតែពីរនាក់ប៉ុណ្ណោះដែលបានស្លាប់នៅខាងក្រៅប្រទេសចិនដីគោកក៏​ដោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន