ផលិតករ​កត់​សម្គាល់​ថា ទស្សនិកជន​ចេញ​ទង្វើ​ល្អ​ភ្លាម​ៗ ក្រោយ​ពី​បាន​ទស្សនា​រឿង "ដើម្បី​កូន"!

  • 2020-02-07 05:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រមាណ​ជិត​២​សប្ដាហ៍​ហើយ ដែល​ទស្សនិកជន​បាន និង​កំពុង​ជជែក​គ្នា​ពី​រឿង "ដើម្បី​កូន" ដោយ​សរសើរ​ថា​រឿង​អប់រំ​សង្គម និង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​អ្នក​ធាក់​ស៊ីក្លូ​នេះ​ថា ល្អ​មើល និង​មាន​ការ​អប់រំ​ច្រើន ហើយ ជាមួយ​គ្នា គេ​ឃើញ​មាន​ចំណុច​វិជ្ជមាន​មួយ​កើត​ឡើង​ក្រោយ​ទស្សនិកជន​បាន​ទស្សនា​រឿង​នេះ​ហើយ។

តាម​លោក ហ៊ុយ យ៉ាឡេង ផលិតករ អ្នក​និពន្ធ អ្នក​ដឹកនាំ ព្រម​ជា​តួ​សម្ដែង​ផ្ទាល់​ក្នុង​រឿង​បាន​ឲ្យ​ដឹង​ថា ទស្សនិកជន​ម្នាក់ បាន​រត់​ទៅ​ទិញ​ម្ហូប​អាហារ​បាយ​សម្ល​យក​ទៅ​ប្រគល់​ដល់​តា​ស៊ីក្លូ។ "បាទ​បង កូន​ហ្នឹង គាត់​បាន Tag មក​ខ្ញុំ គេ​ថា​ពេល​មើល​រឿង​ខ្ញុំ​ហ្នឹង​ហើយ គេ​អាណិត​តា​ស៊ីក្លូ អីចឹង​គ្រាន់​តែ​មើល​ចប់ គេ​បាន​ទៅ​ទិញ​បាយ​ម្ហូប​ឲ្យ​តាស៊ីក្លូ​តែ​ម្ដង នៅ​ម្ដុំ​ៗ​កន្លែង​ខ្ញុំ​ថត​ហ្នឹង!”។

ទស្សនិកជន​រូប​នោះ ត្រូវ​បាន​ដឹង​បាន​ប្រើ​គណនី Raksmey Pich បង្ហោះ​ពី​សកម្មភាព​របស់​នាង។ "លើក​ទី​១ ដែល​ជិះ​(ស៊ីក្លូ​)ដោយ​សារ​តែ​មើល​រឿង #ដើម្បី​កូន​ ធ្វើ​ឲ្យ​ខ្ញុំ​បាន​ដឹង​ថា​ ជីវិត​អ្នក​ទាំង​អស់​ពិត​ជា​លំបាក​មែន...នេះ​ជា​ទឹក​ចិត្ត​បន្តិចបន្តួច​របស់​ខ្ញុំ​!”។ Pich សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង ហើយ​ជាមួយ​គ្នា មិត្ត​ភក្ដិ​ក្នុង​បណ្ដាញ​សង្គម​ជាមួយ​គ្នា​ជា​ច្រើន​បាន​សាទរ​ចំពោះ​សកម្មភាព​របស់​នាង។

ឯ​អ្នក​ខ្លះ​ទៀត បាន​បន្ទោស​ទៅ​ម្ចាស់​គណនី​ខាង​លើ​ថា ធ្វើ​សកម្មភាព​នេះ ហេតុ​អី​មិន​ហៅ​ពួក​គេ​ឲ្យ​ចូល​រួម​ផង។ ត្បិត​ថា នេះ​ជា​សកម្មភាព​តូច​មួយ​នៅ​ឡើយ ប៉ុន្តែ​វា​ជា​គំរូ​​មួយ​ដ៏​ល្អ​ទាំង​ផ្នែក​សង្គម និង​ក្នុង​វិស័យ​ភាពយន្ត។ លោក ហ៊ុយ យ៉ា​ឡេង បាន​លើក​ឡើង​ថា ការ​ចាប់​ផ្ដើម​ជាមួយ​សកម្មភាព​តូច​មួយ ប្រសើរ​ជាង​គ្មាន ហើយ​បើ​សិន​ជា​មិន​មាន​រឿង​តូច​ៗ រឿង​ធំ​ៗ​នឹង​មិន​កើត​ឡើង​ជា​រៀង​រហូត។ នេះ​និយាយ​ក្នុង​ផ្នែក​កិច្ចការ​ជួយ​សង្គម ដែល​គ្រប់​គ្នា​គួរ​មាន​កាតព្វកិច្ច។

វិល​មក​ចំណុច​វិជ្ជមាន​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​វិញ លោក​ថា នេះ​រឹត​តែ​​ជា​សញ្ញាណ​ល្អ​មួយ​ដែរ​ដែល​ថា ទស្សនិកជន​ក៏​ចាប់​ផ្ដើម​ទទួល​យក​ផលិតផល​ភាពយន្ត​បែប​អប់រំ​សង្គម​ហើយ ហើយ​ជាក់​ស្ដែង ផល​វិជ្ជមាន​ដែល​បាន​ពី​ភាពយន្ត​ប្រភេទ​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ភ្លាម​ៗ ដូច​ករណី​ប្អូន​ស្រី​ខាង​លើ។

“ដូច្នេះ​ហើយ ខ្ញុំ​ថ្លែង​អំណរ​គុណ​ដល់​អ្នកគាំទ្រ ​និង​សំណូម​ពរ​ដល់​អ្នក​នៅ​ក្នុង​វិស័យ​ភាព​យន្ត​ទាំងអស់​រួម​គ្នា​ជំរុញ​អោយ​ផលិតផល​ថ្មី​រសជាតិ​ថ្មី​ដែល​មិន​មែន​ជា​រឿង​ខ្មោច​ដដែលៗ​ឲ្យ​​ដើរ​ទៅមុខ ហើយ​បើ​ផលិត​នេះ​ដើរ​ទៅមុខ​យើង​នឹង​ល្អ​ទាំង​អស់​គ្នា វិស័​យ​ភាព​យ​ន្ត នឹង​រីកចម្រើន​ហើយ​ពួក​យើង​នៅ​ក្នុង​វិ​ស័​យ​នេះ​នឹង​រីកចម្រើន​ដូច​គ្នា!"។

ភាពយន្ត "ដើម្បី​កូន" គឺ​ជា​ភាពយន្ត​អប់រំ​សង្គម និង​​ឆ្លុះ​បញ្ចាំង​ជា​លើក​ដំបូង​ពី​ស្ថានភាព​ជីវិត​របស់​អ្នក​ធាក់​ស៊ីក្លូ។ ភាព​យន្ត​នេះ បាន​ដាក់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី ៣០ មករា នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី និង​បណ្ដា​ខេត្ត​មាន​សក្ដានុ​ពល។ ក្នុង​រយៈ ពេល​នេះ គេ​ឃើញ​មាន​ទស្សនិកជន​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ទស្សនា ក្នុង​នោះ​មិន​ត្រឹម​ពលរដ្ឋ​ធម្មតា ក៏​មាន​សិល្បករ​ជា​ច្រើន​ដូច​ជា រ៉េតធី ដូណា ហេង​ពិ​ទូ ដួង​ម៉ា​និច យ៉ែម ស្រី​ពេជ្រ ​ជាដើម ក៏​បាន​ទៅ​ទស្សនា​ដែរ។

ពួក​គេ​ទាំង​នោះ ក៏​ឲ្យ​ដឹង​ដូច​គ្នា​ថា "ដើម្បី​កូន" គឺ​ល្អ​មើល និង​ការ​អប់រំ​សង្គម​ច្រើន ហើយ​ថា ពួក​គេ​ពិត​ពិបាក​ទប់​ទឹក​ភ្នែក​អំឡុង​ពេល​ទស្សនា​ខ្សែ​ភាពយន្ត​មួយ​រឿង​នេះ។ លោក ហ៊ុយ យ៉ាឡេង ដែល​ដំបូង​ឡើយ​នៅ​មាន​ការ​បារម្ភ​ខ្លះ​ៗ អំពី​ខ្សែ​ភាពយន្ត​របស់​លោក ថា​អាច​នឹង​ខ្វះ​ការ​គាំទ្រ លោក​ថា បាន​ធូរ​ចិត្ត​បន្តិច​វិញ ក្រោយ​ឃើញ​ពុក​ម៉ែ បង​ប្អូន ប្អូន​យុវវ័យ បាន​សម្រុក​នាំ​គ្នា​មក​គាំទ្រ។

លោក​ថា រឿង​នេះ លោក​ចង់​បណ្ដុះ​នូវ​មនោសញ្ចេតនា​របស់​កូន​ៗ និង​អ្នក​មាន​គុណ​ឲ្យ​រឹត​តែ​ជិត​ស្និទ្ធ ដោយ​ការ​ឆ្លុះ​បញ្ចាំង​ពី​ពលិកម្ម​សព្វ​បែប​យ៉ាង​ដើម្បី​កូន។ ដូច្នេះ​ហើយ តាំង​ពី​ដើម​មក តែង​រំលឹក​សារ​ដោយ​ចង់​ឲ្យ​យុវវ័យ​ផ្ដល់​កាដូ​អ្នក​មាន​គុណ​ដោយ​ការ​នាំ​ពួក​គាត់​មក​ទស្សនា​ភាពយន្ត​ដែល​ពួក​គាត់​អាច​ទស្សនា​បាន ដ្បិត​ថា​ភាពយន្ត​ប្រភេទ​នេះ នៅ​មាន​តិច​ណាស់​ធៀប​នឹង​អតីតកាល​នា​ទសវត្ស​ទី​៦០។

"ក្រៅ​ពី​ហ្នឹង ខ្ញុំ​ចង់​ឃើញ​ទិដ្ឋភាព​ខ្លះ​ដែល​ខ្ញុំ​បាន​ឃើញ​កាល​សម័យ​នោះ គឺ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដឹកដៃ​គ្នា​ត្រសង​មក​ទស្សនា​ភាពយន្ត​ខ្មែរ...ហើយ​ជាក់​ស្ដែង​តាម​រយៈ​រឿង​នេះ ខ្ញុំ​បាន​ឃើញ​ខ្លះ​ហើយ មាន​ទាំង​ប្អូន​ៗ​យុវវ័យ ឪពុក​ម្ដាយ នាំ​កូន ហើយ​កូន​ៗនាំ​អ្នក​មាន​គុណ​មក​ទស្សនា​រឿង​នេះ ហើយ​សង្ឃឹម​ថា នឹង​ឃើញ​ទិដ្ឋភាព​ដូច​គ្នា​នេះ មាន​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ!”។ ហ៊ុយ យ៉ាឡេង ថ្លែង។

គិត​ត្រឹម​ថ្ងៃ​នេះ​រឿង "ដើម្បី​កូន" បាន​ទៅ​ដល់​ខេត្ត​បាត់ដំបង​ហើយ ហើយ​បើ​តាម​ផលិតករ​ដដែល​បាន​ឲ្យ​ដឹង​ថា សំបុត្រ​សម្រាប់​ទស្សនា ត្រូវ​បាន​លក់​ដាច់​អស់​ហើយ៕

អត្ថបទ៖ ទារិកា