កុំឆ្ងល់​! បើសិន​រកទិញ AirPods និង AirPods Pro មិនបាន

  • 2020-02-07 07:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple កំពុង​តែ​ព្យាយាម​បង្កើន​​ទំហំ​ផលិត​សម្រាប់​កាស​ AirPods និង AirPods Pro ដ៏​ពេញ​និយម​របស់​ខ្លួន ប៉ុន្តែ​​វា​អាច​នឹង​ត្រូវ​រាំង​ស្ទះ​ដោយ​សារ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន។

តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ការ​ដំឡើង​ AirPods ​ដ៏​ធំ​របស់ Apple គឺ​​មាន Luxshare-ICT, Goertek និង Inventec បាន​បិទ​រោងចក្រ​របស់​ខ្លួន ចាប់​តាំង​ពី​​ដើម​ចូល​ឆ្នាំ​ចិន​ ហើយ​ទោះ​បី​ជា​ការ​​ដំឡើង​ AirPods ​អាច​នឹង​ចាប់​ផ្ដើម​ឡើង​វិញ​នា​ថ្ងៃ​ចន្ទ​ក្រោយ ក៏​គ្រឿង​បន្លាស់​អាច​មិន​គ្រប់​គ្រាន់​ដោយ​សារ​តែ​រោងចក្រ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ចិន បាន​បិទ​ដោយ​សារ​ភ័យ​ខ្លាច​នឹង​វីរុស។

រោងចក្រ​​ដំឡើង​​ AirPods មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សម្រាប់​ការ​ផលិត AirPods រយៈពេល ២ សប្ដាហ៍​ប៉ុណ្ណោះ សម្រាប់​​ការ​ផលិត​លើស​នេះ​គឺ​ត្រូវ​រង់​ចាំ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នៅ​ចិន​បើក​ដំណើរ​ការ​ឡើង​វិញ​សិន។

អ្នក​ដែល​ជួប​និយាយ​ជា​មួយ Nikkei បាន​និយាយ​ថា​មិន​ច្បាស់​ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បន្លាស់​នៅ​ចិន នឹង​អាច​បន្ត​ការងារ​ដោយ​រលូន​ឬ​យ៉ាង​ណា​នោះ​ទេ។ ប្រភព​និយាយ​ដូច​នេះ​ថា ៖ "យើង​ពិត​ជា​ត្រូវ​រង់​ចាំ​មើល​ស្ថានការណ៍​នា​សប្ដាហ៍​ក្រោយ។ ប្រសិន​បើ​ក្រុមហ៊ុន​​ដំឡើង​​ AirPods មិន​អាច​​ទទួល​បាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​ក្នុង​ពេល ២ សប្ដាហ៍ វា​នឹង​ជា​បញ្ហា​ធំ។”

ការ​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​ពី​តំបន់​នីមួយៗ​នៅ​ចិន ក៏​ទំនង​ជា​ធ្វើ​ឲ្យ​មាន​កង្វះ​ខាត​ខាង​កម្លាំង​ពលកម្ម​នៅ​រោងចក្រ​ផង​ដែរ ហើយ​​ក្រុមហ៊ុន​ត្រូវ​គិត​គូរ​លើ​ការ​ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម​ផង ​ថែម​ត្រូវ​បារម្ភ​ថា​កម្មករ​​​អាច​នាំ​វីរុស​មក​រោងចក្រ​ផង។ រោងចក្រ Foxconn ជា​ដើម និយាយ​ថា​កម្មករ​ដែល​ត្រឡប់​ពី​ខេត្ត Henan នឹង​ត្រូវ​​ដាក់​ដោយ​ឡែក​រយៈពេល ២ សប្ដាហ៍ ខណៈ​ដែល​កម្មករ​ដទៃ​ទៀត​នឹង​ត្រូវ​នៅ​ដោយ​ឡែក ១ សប្ដាហ៍។

Apple ចង់​ផលិត​ AirPods ឲ្យ​បាន ៤៥ លាន​គ្រឿង​នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ស្តុក​នៃ AirPods បច្ចុប្បន្ន​គឺ​កាន់​តែ​ថយ​ចុះ ហើយ​រក្សា​ទុក​សម្រាប់​ហាង​របស់ Apple។ ពេល​នេះ AirPods ធម្មតា​នៅ​មាន​ក្នុង​ស្តុក ប៉ុន្តែ AirPods Pro មិន​មាន​លក់​ភ្លាមៗ​នោះ​ទេ ចង់​ទិញ​ត្រូវ​តែ​រង់​ចាំ៕​​​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង