ទូរសព្ទប្រើឈីប SD 865 ដំបូងគេចេញជាផ្លូវការ ប៉ុន្តែមិនមែនរបស់ Samsung និង Xiaomi

  • 2020-02-07 07:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចិន​​ ZTE បាន​​បញ្ចេញ​ស្មាតហ្វូន​ប្រើ​ឈីប​ Snapdragon 865 បាន​មុន​គេ មុន​ក្រុមហ៊ុន Samsung និង Xiaomi ទៅ​ទៀត ដែល Xiaomi ​ធ្លាប់​បាន​ប្រកាស​ក្ដែងៗ​ថា​នឹង​បញ្ចេញ​ឲ្យ​បាន​មុន​គេ។

ZTE បាន​ប្រកាស​ចេញ​ស្មាតហ្វូន ZTE Axon 10s Pro ដែល​ការ​ឌីហ្សាញ និង​លក្ខណៈ​សម្បត្តិ​ភាគ​ច្រើន​មិន​ខុស​គ្នា​ពី Axon 10 Pro ចេញ​កាល​ឆ្នាំ​មុន​ខ្លាំង​ប៉ុន្មាន​ឡើយ។ វា​នៅ​តែ​មាន​អេក្រង់​កោង AMOLED ទំហំ ៦,៤៧ អ៊ីញ ជា​មួយ​កម្រិត​បង្ហាញ​ ១០៨០ភីកសែល មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​អេក្រង់ និង​មាន​ក្បាល​ឆក​សម្រាប់​ដាក់​កាមេរ៉ា Selfie។

កាមេរ៉ា​ក៏​មិន​ផ្លាស់​ប្ដូរ​ដែរ។ វា​នៅ​តែ​មាន​កាមេរ៉ា​មេ​កម្រិត ៤៨MP, កាមេរ៉ា Wide-Angle ទំហំ ២០ MP (១២៥ ដឺក្រេ) និង​កាមេរ៉ា Telephoto ទំហំ ៨ MP។ ចំណែក​កាមេរ៉ា​មុខ​មាន​កម្រិត ២០ MP។

អ្វី​ដែល​ផ្លាស់​ប្ដូរ​ខ្លាំង​គឺ​ការ​ប្ដូរ​ប្រើ​បន្ទះ​ឈីប Snapdragon 865 ដែល​​ធ្វើ​ឲ្យ​ស្មាតហ្វូន​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ជាង​មុខ, មាន​ក្រាហ្វិក​ខ្លាំង និង​បន្ថែម​នូវ​ការ​គាំទ្រ​សេវា 5G។ វា​​ក៏​មាន​ប្រើ​បច្ចេកវិទ្យា Wi-Fi 6 និង​មាន​មុខងារ Link-Booster ដែល​អាច​ប្ដូរ​​សេវា​រវាង​ Wi-Fi, LTE ឬ 5G បាន​យ៉ាង​រហ័ស។

Axon 10s Pro មាន​ជម្រើស​អង្គ​ផ្ទុក ១២៨GB គួប​ផ្សំ RAM ៦GB ដែល​ស៊េរី​កប់​បំផុត​គឺ​មាន RAM ទំហំ ១២GB ជា​ប្រភេទ LPDDR5 គួប​ផ្សំ​អង្គ​ផ្ទុក ២៥៦GB ជា​ UFS 3.0។ ថាមពល​ថ្ម​គឺ ៤០០០ mAh ដែល​ទ្រាំទ្រ​ការ​សាក​ថ្ម​ល្បឿន​លឿន Qualcom Quick Charge 4.0។

តម្លៃ​និង​កាល​បរិច្ឆេទ​ចេញ​លក់​នៅ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ Axon 10 Pro ពេល​ចេញ​លក់​គឺ​មាន​តម្លៃ​​ចាប់​ពី​ប្រមាណ ៤៦៩ ដុល្លារ ប៉ុណ្ណោះ៕​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី