មិន​ធម្មតា តាម​ព័ត៌មាន កូន​កំលោះ​ទាំង​៣​របស់ ព្រាប សុវត្ថិ ស៊ី​ថ្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ណាស់!

  • 2020-02-13 09:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ទាំង​៣​របស់​លោក ព្រាប សុវត្ថិ បាន​បង្ហាញ​ខ្លួន​យ៉ាង​ត្រសង​តាម​ទម្លាប់ ក្នុង​ពិធី​សម្ពោធ​ផលិតផល​តែ​គុជ​តៃវ៉ាន់​មួយ​នា​ព្រឹក​មិញ ដែល​ជា​ការងារ​មួយ​ដែល​មាន​ដំណឹង​ថា ពួក​គេ​ទាំង​៣​នាក់​នោះ​ស៊ី​ថ្លៃ​ពលកម្ម​ខ្ពស់​ខ្លាំង​ណាស់។

វត្តមាន​របស់​កូន​កំលោះ​សង្ហា​ទាំង​៣​របស់​កំពូល​តារា​ចម្រៀង ព្រម​ជាមួយ​ព័ត៌មាន​ថា ពួក​គេ​ទាំង​៣ គឺ​ជា​តារា​តំណាង​ផលិតផល (Brand Ambassador) ពេញ​និយម​សម្រាប់​យុវវ័យ​នេះ​ហើយ។ ជាមួយ​គ្នា​ក៏​បាន​នាំ​ដល់​ការ​ជជែក​គ្នា​ក្នុង​ចង្កោម​មហាជន​ដែល​នៅ​ក្នុង​ហេតុការណ៍។ ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ បាន​លើក​ឡើង​ថា គ្រាន់​តែ​បង្ហាញ​ខ្លួន​ចូល​រួម​សម្ពោធ​បើក​ដំណើរ​នេះ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និង​សុវត្ថិ សេរីវុឌ្ឍ ទទួល​បាន​ថ្លៃ​ហត់​នឿយ​រួម​គ្នា​ប្រមាណ ១ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

ប៉ុន្តែ​ភ្លាម​ៗ មនុស្ស​ម្នាក់​ទៀត​បាន​ទាត់​ចោល​របាយការណ៍​ខាង​លើ ថា​ជា​រឿង​មិន​ពិត។ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​អះអាង​ថា អាច​មិន​មែន​ដូច្នេះ​ទេ។ "ប្រហែល​អត់​ទេ...បើ​ពួក​គេ​ទាំង​បី​គឺ​ជា​តារា​តំណាង​ផលិតផល​ហើយ ការ​ចូល​រួម​ព្រឹក​នេះ ទំនង​មិន​មាន​បន្ថែម​ថ្លៃ​ខ្លួន​ឡើយ ពោល​គឺ​អ្វី​ៗ​ទំនង​ជា​បូក​បញ្ចូល​ជាមួយ​តម្លៃ​កិច្ចសន្យា​ការងារ​នាម​ជា​តារា​តំណាង​ផលិតផល​ក្នុង​វេលា​ជាក់​លាក់​មួយ​នោះ​ហើយ!”។

យ៉ាង​ណា ក៏​ដោយ​ប្រភព​នោះ មិន​ហ៊ាន​សន្និដ្ឋាន​ទេ​ថា ពួក​គេ​ទទួល​ថ្លៃ​ពលកម្ម​លើ​ការងារ​នេះ​ប៉ុន្មាន ហើយ​ថា​ការងារ​ពួក​គេ​មាន​សុពលភាព​ប៉ុន្មាន​ឆ្នាំ ក៏​ទេ​ដែរ។ ជុំវិញ​តម្លៃ​ពលកម្ម​នេះ​របស់​កូន​ប្រុស​កំពូល​តារា​ចម្រៀង ត្រូវ​បាន​ចាត់​ទុក​ជា​រឿង​រសើប​មួយ ក្នុង​នោះ បើ​តាម​ប្រភព​មួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា លោក ព្រាប សុវត្ថិ ហាម​ដាច់​ខាត​ចំពោះ​អ្នក​ពាក់ព័ន្ធ ក្នុង​ការ​បញ្ចេញ​អំពី​រឿង​នេះ។

ដូច្នេះ​ហើយ សូម្បី​ម្ចាស់​ហាង​តែ​គុជ​យីហោ "Daboba” ក៏​មិន​ក្លាហាន​ក្នុង​ការ​និយាយ​ពី​រឿង​នេះ​ដែរ។ អ្នក​ស្រីចន្ធូ លើក​ឡើង​ថា "អូហ៍​អត់​ទេ...រឿង​នេះ សុំ​ទុក​ជា​ការ​សម្ងាត់ អត់​អាច​និយាយ​បាន​ទេ​ចា៎ សុំ​ទោស!"។ ងាក​មក​សាមី​ខ្លួន កំលោះ​ទាំង​បី ក៏​បាន​ស្នើ​សុំ​ទុក​រឿង​នេះ​ជា​រឿង​សម្ងាត់​ដូច​គ្នា។ ពួក​គេ​គ្រាន់​តែ​និយាយ​ថា ពួក​គេ​រីករាយ​ចំពោះ​ការងារ​នេះ ហើយ​ថា នេះ​ជា​ការងារ​ធំ​ទី​១ ដែល​បង​ប្អូន​ពួក​គេ​សម្រេច​បាន​រួម​គ្នា​ក្នុង​ដើម​ឆ្នាំ ២០២០នេះ។

ជុំវិញ​រឿង​នេះ​ដដែល ត្បិត​ថា​អ្នក​ពាក់​ព័ន្ធ​សំខាន់​ៗ សុទ្ធ​តែ​ព្យាយាម​លាក់​លៀម ប៉ុន្តែ​ប្រភព​មួយ​ផ្សេង​ទៀត មក​ពី​ភ្នាក់ងារ(Agency) ដែល​ធ្លាប់​ធ្វើ​ការងារ​ខ្លះ​ៗ​ជាមួយ​អ្នក​ទាំង​បី បាន​លួច​បង្ហើប​ថា ពួក​គេ​ទាំង​៣ ធ្លាប់​ធ្វើ​ការងារ​ជាមួយ​ជាមួយ​ស្ករ​គ្រាប់ អ៊ិកអូ កាល​ពី​ឆ្នាំ​ទៅ ហើយ​កាល​ណោះ ពួក​គេ​ទទួល​ថ្លៃ​ឈ្នួល​ពលកម្ម​ប្រមាណ​ពី ៥-៦ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​កិច្ច​សន្យា​ការងារ​១​ឆ្នាំ។

វិល​មក​ការងារ​នៅ​ថ្ងៃ​នេះ ជា​ប្រភេទ​ការងារ​ដូច​គ្នា...គេ​ជឿ​ថា ពួក​គេ​ទំនង​ជា​ទទួល​បាន​ប្រហាក់​ប្រហែល​គ្នា។ "ខ្ញុំ​ជឿ​ថា ពួក​គេ​អាច​បាន​ប្រហែល​គ្នា បើ​ទោះ​នោះ​ជា​ការងារ​១​ឆ្នាំ​មុន​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា តម្លៃ​ខ្លួន​ពួក​គេ​មិន​ឡើង​លឿន​ត្រឹម​ប៉ុន្មាន​ខែ​នោះ​ទេ!”។ ប្រភព​ថ្លែង៕

អត្ថបទ៖ ទារិកា