មិន​បាច់ Search ទេ អ្នក​លែង​រក​ឃើញ​កម្មវិធី​មួយ​នេះ​លើ Play Store ទៀត​ហើយ

  • 2020-02-18 02:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​សម្រេច​ដក​ចោល​កម្មវិធី​ផ្ញើ​ឆែត ToTok ជា​លើក​ទី​ពីរ បន្ទាប់​ពី​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ថា​ជា​កម្មវិធី​ប្រើ​ក្នុង​គោលបំណង​ចារកម្ម​សម្រាប់​ផ្តល់​ប្រយោជន៍​ឲ្យ​ប្រទេស​អារ៉ាប់​រួម។

កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ កម្មវិធី ToTok ត្រូវ​បាន​ដក​ម្តង​រួច​មក​ហើយ​ទាំង​នៅ​លើ App Store និង Play Store លុះ​មក​ដល់​ខែ​កញ្ញា​ស្រាប់​តែ​ត្រលប់​មក​វិញ​ម្តង​ទៀត​លើ Play Store ហើយ​ទើប​តែ​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​អាមេរិក​ក៏​សម្រេច​លុប​ចេញ​ជា​លើក​ទី ២។ Google បាន​បញ្ជាក់​ថា​ពិត​ជា​ដក​ចោល​នៅ​កម្មវិធី ToTok ពី Play Store ពិត​មែន ប៉ុន្តែ​ជុំវិញ​មូលហេតុ​ជាក់ច្បាស់​គឺ​ក្រុមហ៊ុន​មិន​បាន​បង្ហើប​នោះ​ឡើយ។

យ៉ាងណាមិញ ToTok ធ្លាប់​បាន​បដិសេធ​ច្រានចោល​ការ​ចោទប្រកាន់​នេះ​ម្តង​រួច​មក​ហើយ ថា​ខ្លួន​គោរព​សិទ្ធឯកជន​ភាព​និង​ធានា​នូវ​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​ជានិច្ច ហើយ​ពុំ​មាន​ការ​លួច​ចែកចាយ​ទិន្នន័យ​របស់​អ្នក​ប្រើ​ទៅ​កាន់​ប្រទេស​ណាមួយ​នោះ​ទេ។

រំឭក​ថា ToTok ជា​កម្មវិធី​ពេញ​និយម​មួយ​នៅ​អារ៉ាប់​រួម​ដែល​មាន​ការ​ទាញ​យក​រាប់​លាន​ដង​រួច​មក​ហើយ​កន្លង​មក ខណៈ​នៅ​សហរដ្ឋអាមេរិក​ក៏​ធ្លាប់​ជាប់​ឈ្មោះ​ជា​កម្មវិធី​បណ្តាញ​សង្គម​ដែល​មាន​ការ​ចុច​ទាញ​យក​ច្រើន​បំផុត​មួយ​ផង​ដែរ៕

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា