មេ​ធំ Instagram លើក​ហេតុផល​ហួសចិត្ត​មួយ ដែល IG ​គ្មាន App ពេញ​អេក្រង់​នៅ​លើ iPad

  • 2020-02-19 01:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រលូក​ក្នុង​ការ​ប្រកួតប្រជែង​លើ​កម្មវិធី​បណ្តាញ​សង្គម ​មក​ទល់​ឆ្នាំ ២០២០ នេះ Instagrm មាន​អាយុ​កាល ១០ ឆ្នាំ​ហើយ ប៉ុន្តែ​បែរ​ជា​មិន​ទាន់​មាន App ពេញលេញ​ឬ​ពេញ​អេក្រង់​សម្រាប់​ថេបប្លែត​ iPad របស់ Apple ដដែល។

បើ​យើង​ក្រឡេក​ទៅ​មើល​ប្រភេទ​ថេបប្លែត​របស់ Android គឺ​អាច​ប្រើ​ជា​លក្ខណៈ​ពេញលេញ​ដូច​ទូរសព្ទ​ជា​ធម្មតា លំបាក​អ្វី​តែ iPad មួយ បែរ​ជា​តម្រូវ​ឲ្យ​ប្រើប្រាស់​កម្មវិធី​បែប iPhone Version ទៅ​វិញ។

ពន្យល់​ដោយ​នាយក​ប្រតិបត្តិ​របស់ Instagram ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​ស្ថិត​ក្រោម​ទ្រនំ​មេ​ Facebook បាន​ប្រាប់ The Verge ជាមួយ​ហេតុផល​ដ៏​ហួស​ចិត្ត​បំផុត។ លោក Adam Mosseri បាន​ប្រាប់​ហេតុផល​ថា​ដោយ​សារ​តែ​ខ្វះខាត​កម្លាំង មិន​មាន​ធនធាន​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​កម្មវិធី​ជំនាន់ iPad។

លោក Mosseri និយាយ៖ "យើង​ក៏​ចង់​បង្កើត​កម្មវិធី​នៅ​លើ iPad តែ​ចំនួន​មនុស្ស​របស់​យើង​មាន​កំណត់ ហើយ​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ណា​មួយ​វា​ក៏​មិនមែន​ជា​រឿង​ដែល​ចាំ​បាច់​ល្អ​បំផុត​ក្នុង​ការ​ត្រូវ​ធ្វើ​បន្ទាប់​នោះ​ដែរ"។

វា​ជា​ចម្លើយ​ហួស​ចិត្ត​ដែល Instagram ថា​មិន​អាច​បង្កើត iPad Version ដោយ​សារ​តែ​កង្វះ​ខាត​ធនធាន ព្រោះ​បើ​យើង​សម្លឹង​មើល​ចំណូល​ដែល​ក្រុមហ៊ុន​មេ Facebook រក​បាន​គឺ​ដល់​ទៅ ២១,១ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ ហើយ​បច្ចុប្បន្ន​មាន​បុគ្គលិក​បម្រើការ​ជិត ៥០ ០០០ នាក់​ឯ​ណោះ ហើយ​ក៏​សុទ្ធ​សឹង​ជា​អ្នក​ជំនាញ​ខាង​បង្កើត​ឬ​អភិវឌ្ឍ​កម្មវិធី​កំពូលៗ​ថែម​ទៀត៕

អានអត្ថបទ:

ប្រភព៖ pcmag   ប្រែ​សម្រួល៖ កៅ រក្សា