សប្បាយ​កប់​ហើយ! Klapyahandz Records នឹង​ទៅ​ប្រគំ​តន្ត្រី​ធំ​ផ្សាយ​ផ្ទាល់​ពីប៉ារីស​តែ​ម្ដងឆាប់​ៗ​នេះ!

  • 2020-02-19 03:45:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មិន​សូវ​ចេញ​សកម្មភាព​ច្រើន​នា​ឆ្នាំ​កន្លង​មក នៅ​ដើម​ឆ្នាំ​នេះ Klapyahandz Records ដែល​ជា​ផលិតកម្ម​ប្រមូល​ផ្ដុំ​ដោយ​តារា​ចម្រៀង​រ៉េប​ជា​ច្រើន​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ផែន​ការ​ទៅ​ធ្វើ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។ នេះ​បើ​តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​ពីសាមី​ផលិតកម្ម។

នេះ​គឺ​ជា​សកម្មភាព​លើក​ទី១​សម្រាប់​ផលិតកម្ម​ចម្រៀង​រ៉េប​របស់​កម្ពុជា​នៅ​លើ​ទឹក​ដី​អឺរ៉ុប ក្នុង​នោះ​បើ​តាម​ព័ត៌មាន​ការ​ប្រគំ​តន្ត្រី​ដ៏​ធំនេះ ប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង ៨ ល្ងាច ដល់ ១ ភ្លឺ (​ទីតាំង Paris 13ème) រៀប​ចំ​ដោយ​ Sabay Events​។ តារា​ចម្រៀង​ខ្មែរ​ជំនាន់​ថ្មី​បី​រូប​គឺ​លោក វុទ្ធា​, លោក​AGO និង​កញ្ញា ស្រី​ល័​ក្ខ នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ធំ​នេះ។

​លោក លោក សុខ វិសាល ដែល​មាន​សញ្ជាតិ​បារាំង​ខ្មែរ លើក​ឡើង​ថា នេះ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​តន្ត្រីបុរាណ និង​ស​ម័​យ ដែល​ផលិតកម្ម Klapyahandz Records បាន​បង្កើត​សិល្បៈ​តន្ត្រី​មួយ​ដែល​ផ្សារ​ភ្ជាប់​ជន​រួម​ជាតិខ្មែរ​គ្រប់​ជំ​នាន់ ដែល​រស់នៅ​ក្នុង​ប្រទេស​ផ្សេងៗ​លើ​ពិ​ភព​លោក​។

លោក​បន្ត​ថា លោក​មាន​មោទកភាព​ណាស់​ជាមួយ​ព្រឹត្តិការណ៍​នេះ ហើយ​ថា ពិត​ជា​ពិសេស​ណាស់ ដែល​សមាគម Samaki Kohn Khmer និង Sabay Events បាន​សហការ​គ្នា​នាំ​មក​ជូន​ប្រិយមិត្ត​នូ​វ​កម្មវិធី​ប្រ​គំ​តន្ត្រី​ខ្មែរ​បន្ត​ផ្ទាល់​ដំ​បូ​ង​បង្អស់​នៅ​ទីក្រុង​ប៉ារីស​នា​ពេល​នេះ។ ព្រោះ​ថា កម្មវិធី​តន្ត្រី​ដ៏​ធំ​នេះ ធ្វើ​ឡើង​​ក្នុង​គោល​បំណង​បង្កើត​ចំណង​ទាក់​ទង​រវាង​ប្រជា​ជន​កម្ពុជា ដែល​រស់​នៅ​ក្នុង​ប្រទេស​បារាំង និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​សិល្បករ​ជំនាន់​ថ្មី​នេះ​។​

​តាម​ផែនការ​ដែល​បាន​គ្រោង ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ខាង​លើ នឹង​ធ្វើ​ឡើង​នៅ​សាលា​តន្ត្រី Galerie VII,​ ​ដំបូង​មាន​ឈ្មោះ​ថា 7 Spirits, ដែល​ស្ថិតនៅ 7 rue Sainte Hélène 75013 Paris ក្នុង​ថ្ងៃ​ទី​ ២៨ កុម្ភៈ ឆ្នាំ​២០២០ ចាប់ពី​វេលា​ម៉ោង ៨ ល្ងាច​តទៅ​។

ប្រិយមិត្ត អាច​រក​ទិញ​សំបុត្រ​សម្រាប់​ចូល​រួម​បាន​តាម​រយៈ​គេហ​ទំ​ព័រ​នេះ​ www.weezevent.com ឬ​ក៏​អាច​ទិញ​នៅ​សាលតន្ត្រី​ផ្ទាល់​តម្លៃ 30.99€​។ ​

ផលិតកម្ម Klapyahandz Records ត្រូវ​បាន​ផ្ដួច​ផ្ដើម​បង្កើត​ដោយ​លោក សុខ វិសាល។ ត្រឡប់​ទៅ​អតីត​កាល គឺ​បន្ទាប់ពី​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩៣ លោក សុខ វិសាល ដែល​មាន​សញ្ជាតិ​បារាំង​ខ្មែរ គឺជា​បុគ្គ​ល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​ដែល​បាន​ផ្តួច​ផ្តើម​ចលនា HipHop ។ បន្ទាប់មក​លោក​បាន​បន្ត​បេសកកម្ម​នេះ រហូត​បង្កើត​បាន​ផលិតកម្ម​តន្ត្រី​ផ្ទាល់ខ្លួន​ដែល​មាន​ឈ្មោះថា Klapyahandz Records នៅ​ឆ្នាំ​២០០៥។

មក​ដល់​បច្ចុប្បន្ន Klapyahandz Records មានបទ​ទទួល​បាន​ការ​ពេញ​និយម​ជា​ច្រើន ដូច​ជា​បទ "ស្នេហា​ក្នុង​ពេល​រាត្រី" និង​បទ "ស្ដាយ​ស្នេហ៍​អភ័ព្វ" ជា​ដើម។ ដោយ​ឡែក Channel ផលិតកម្ម​នៅ​លើ youtube គឺ​មាន​ចំនួន​អ្នក subscribe ជាង 390,000 នាក់​រួម​ជាមួយ​នឹង​ចំ​នួន​នៃ​ការ​ទស្សនា​ជាង 90 លាន​ដង​ពី​ទូទាំង​ពិភព​លោក៕ ​ ​ ​