​រឿង "ដើម្បី​កូន" មិន​ទាន់​ឈប់​បញ្ចាំង​ផង ហ៊ុយ យ៉ាឡេង បង្ហើប​ ៥រឿង​ទៀត​នៅ​ក្នុង​ដៃ​ទៅ​ហើយ!

  • 2020-02-20 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ខ្សែភាពយន្ដ​រឿង " ដើម្បី​កូន" លោក ហុ៊យ យ៉ាឡេង ថា​លោក​នឹង​ផលិតភាពយន្ដ​យ៉ាង​ហោច​ឲ្យ​បាន​៥​រឿង​ទៀត​នៅ​ចន្លោះ​២០២០ ដល់​ឆ្នាំ​២០២៥ ពោល​គឺ​មុន​ពេល​ដែល​លោក​ប្រកាស​ថា​នឹង​ថត​រឿង"​ព្រះបាទ​ជ័យវរ្ម័ន​ទី៧" នៅ​ឆ្នាំ​២០២៥។

លោក ហ៊ុយ យ៉ាឡេង៖ "រហូត​ដល់​ពេល​ហ្នឹង...អន់​ណាស់​ក៏​បាន​៥​រឿង​ដែរ។ ខ្ញុំ​មាន​សង្ខេប​រឿង​ទាំង​អស់​ហើយ នៅ​តែ​យើង​សម្រេច​ថា​ផលិត​រឿង​ណា​ពួកយើង​ប្រជុំ​គ្នា ហើយ​អង្គុយ​សរសេរ​តែ​១​ខែ ឬ​២​ខែ​ទេ ហើយ​យើង​អាច​ចេញ​ផលិត​បាន"។

ចម្ងល់​របស់​ប្រិយមិត្ដ​ថាតើ​លោក ហ៊ុយ យ៉ាឡេង ​មាន​លទ្ធភាព និង​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បញ្ចេញ​នូវ​ស្នាដៃ​ថ្មីទាំង​អស់នេះ​ទេ? ចំពោះ​ចម្លើយ​​ លោក​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ Sabay ថា ​លោក​មាន​ផែនការ​ច្បាស់​លាស់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយ​លោក​ក៏មាន​គំនិត​ធ្វើ​រឿង​ជា​ច្រើន​នៅ​ក្នុង​ខួរ​ក្បាលដែរ តែលោក​មិន​ច្បាស់​ថា ​ចាប់​ពី​ពេល​នេះ​ដល់​លោក​អស់​ជីវិត​ទៀត​ បាន​បញ្ចេញ​វា​អស់ ឬ​អត់​នោះ​ទេ៕

ហ៊ុយ យ៉ាឡេង៖ "យើង​មាន​របៀប​រក​ប្រភព​ជំនួយ ឬ​សប្បុរសជន ដើម្បី​ទំនុក​បម្រុង​ក្នុង​ការ​ផលិត​រឿង​នីមួយៗ។ ដូច​ជា​ម្សិល​មិញ​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នក​ជំនួញ​បរទេស​ម្នាក់​និយាយ​ពី​រឿង​នេះ តែ​គេ​មិន​ទាន់​អាច​ឆ្លើយតប​ជា​ផ្លូវការ​ភ្លាមៗ។ ដូច្នេះ​រឿង​ថ្មី​ទាំង​៥ ក៏​យើង​គិត ហើយ​រឿង​ព្រះបាទ​ជ័យវរ្ម័នទី៧​ដែល​ចំណាយ​ទឹកប្រាក់​រហូត​ដល់​៧​លាន​ដុល្លារ​នោះ​ក៏យើង​រឹតតែ​គិតទៀត"។

លោក ហ៊ុយ យ៉ាឡេង ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​អ្នកនិពន្ធ​វ័យ​ក្មេង​តែ​មាន​បទ​ពិសោធន៍​ក្នុង​ការ​និពន្ធ និង​ដឹកនាំ​រឿង​ចាស់​វស្សា​។ ពោល គឺ​ក្នុងរយៈ​ពេល​២០​ឆ្នាំ​ក្នុង​អាជីព​តែង​និពន្ធ​របស់​លោក បានបញ្ចេញរឿងជាច្រើន ក្នុងក៏មានរឿង"ដើម្បីកូន" ដែលបាន និង​កំពុង​ទទួលបានការគាំទ្រយ៉ាងរច្រើន។

លោក​យល់​ថា រឿង​ទាំង​៥ ដែល​ត្រូវ​ផលិត​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​មិន​ចាញ់​រឿង​មុន​ៗ​ឡើយ បន្ទាប់​ពី​ថត​ចប់ ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ដ ព្រោះ​លោក​នឹង​រំលេច​រឿង​បែប​វិទ្យាសាស្ដ្រ និង​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​ពិត​ក្នុង​សង្គម​សព្វថ្ងៃ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត