ក្រុមប្រឹក្សាធម្មនុញ្ញ នឹងរៀបចំព្រះពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅសប្ដាហ៍ក្រោយ
- 2020-02-20 08:41:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមប្រឹក្សាធម្មនុញ្ញ នឹងរៀបចំព្រះពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នៅសប្ដាហ៍ក្រោយ
ចន្លោះមិនឃើញ
ព្រះពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសម្ដេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី នឹងត្រូវរៀបចំនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តបទុមវតី ។ នេះបើតាមការឱ្យដឹងពីលោក យាង វណ្ឌី ស្ថាបនិកក្រុមព្រះសុរិយា បានថ្លែងប្រាប់ sabay។
យ៉ាងណាមិញលោកបានបន្ថែមថា ព្រះពិធីបុណ្យគម្រប់ ១០០ ថ្ងៃព្រះរាម រៀម នរោត្តម បុប្ផាទេវី ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៨ ដល់ ១៩ ខែកុម្ភៈ ម្សិលមិញនេះ នៅព្រះរាជដំណាក់ ក្នុងសង្កាត់បឹងកេង រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួមពីរាជវង្សានុវង្ស សមាជិក សមាជិកា ស្ថាប័នរដ្ឋ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសជាច្រើនរូប។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយព្រះរោគាពាធ។ នេះបើតាមទំព័រហ្វេសប៊ុកផេក Royal du Cambodge បានចេញផ្សាយ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រកាសថា «រាជរដ្ឋាភិបាលកំណត់យកជាថ្ងៃកាន់ទុក្ខនៃការសោយទិវង្គត សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដោយគ្រប់ស្ថាប័នរដ្ឋ និងផ្នែកឯកជនទម្លាក់ទង់ជាតិ ចុះពាក់កណ្តាលដង ដើម្បីបង្ហាញពីការចូលរួមការកាន់ទុក្ខ ចំពោះការបាត់បង់ដ៏ធំធេងសម្រាប់ជាតិរបស់យើង»។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។
ព្រះអង្គត្រូវបានត្រាស់បង្គាប់ជា នាដការីដំបូងគេបំផុត សម្រាប់សម្តែងនូវ របាំអប្សរា ដែលតម្លើងដោយសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា សម្រាប់ទទួលបដិសណ្ឋារកិច្ច នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជារបស់ ឯកឧត្តម Charles de Gaulle ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅក្នុងឆ្នាំ ១៩៦៤ និងក្រោយមកទៀត ដោយទតឃើញពីភាពល្អឯកនេះហើយ ទើបព្រះអង្គត្រូវបានប្រោសព្រះរាជទានដង្ហែព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ យាងទៅសម្តែងរបាំព្រះរាជទ្រព្យ ក្នុងដំណើរព្រះរាជទសន្សកិច្ចទៅកាន់ក្រៅប្រទេស និងសម្តែងជូនភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។
ព្រះអង្គបានទទួលព្រះរាជក្រឹត្យតម្លើងព្រះគោរមងារជា «សម្ដេចរាជបុត្រី ព្រះរៀម» នាថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៤ និងទទួលតំណែងជា «ទេពនាថវដ្តីឯក» ពីព្រះរាជក្រឹត្យ ស្ដីពីការតែតាំងមត៌កមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៣។ ព្រះអង្គជាសាស្ត្រាចារ្យរបាំបុរាណ ក្នុងក្របខណ្ឌក្រសួងអប់រំចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧០។ ក្នុងរបប ប៉ុល ពត ព្រះអង្គ បានភៀសព្រះកាយទៅគង់នៅក្នុង ជំរុំជនភៀសខ្លួន ខ្មែរ-ថៃ មួយរយៈមុនបន្តទៅគង់រស់នៅប្រទេសបារាំង។ ព្រះអង្គបានបង្ហាត់បង្រៀនជូនប្រជាជនខ្មែរ ដែលរស់នៅក្នុងជំរុំ Site B អំពីរបាំព្រះរាជទ្រព្យនេះ ដើម្បីឲ្យប្រជាជនទាំងនោះភ្លេចនូវ ការលំបាកពេលរស់នៅក្នុងជំរុំផង និងដើម្បីថែរក្សានូវរបាំព្រះរាជទ្រព្យនេះផង ព្រោះទ្រង់បារម្ភខ្លាចបាត់បង់ពេលប្រទេសធ្លាក់ ចូលក្នុងសង្គ្រាម។
ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសម្រេចយាង ចូលប្រទេសកម្ពុជាវិញ ហើយបានកាន់តំណែងជា អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ពីឆ្នាំ១៩៩១ ដល់ឆ្នាំ ១៩៩៣។ ក្នុងចន្លោះឆ្នាំ១៩៩៣ ដល់១៩៩៨ ព្រះអង្គ ជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកផ្នែកវប្បធម៌ និងក្រោយមកកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពីឆ្នាំ១៩៩៨ ដល់ ២០០៤។ ពីឆ្នាំ ២០០០ ដល់ ២០១៣ ព្រះអង្គ ជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ ទ្រង់បានក្លាយជាសមាជិកព្រឹទ្ធសភា ពីឆ្នាំ២០០៤ ដល់ ២០១៦ និងជាមួយគ្នានេះជា សមាជិកកត្តិយស នៃសិល្បៈរបាំអន្តរជាតិពិភពលោក CID ។ ព្រះអង្គជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងនៅឆ្នាំ២០១៦ ជាសមាជិកនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
ស្នាព្រះហស្តដ៏សំខាន់ របស់ទ្រង់ គឺការនាំឲ្យមានការបញ្ចូលរបាំព្រះរាជទ្រព្យ ចូលជាបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ នៅអង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាថវដ្តីឯក គឺជាព្រះនិមិត្តរូប នៃរបាំព្រះរាជទ្រព្យខ្មែរ ពីព្រោះតែកាលពីអតីតកាល ក៏ដូចជាបច្ចុប្បន្ន ប្រជាជនខ្មែរដែលស្គាល់ ឬឮឈ្មោះរបាំព្រះរាជទ្រព្យ តែងតែនឹកឃើញជានិច្ចដល់ព្រះនាមរបស់ទ្រង់ ដែលជាអ្នកសម្តែងរបាំដ៏ប៉ិនប្រសប់នេះ រួមជាមួយសម្រស់ដ៏ស្រស់សោភា។ ទោះបីជាបច្ចុប្បន្ន ព្រះអង្គ មានព្រះជន្ម៧៧ព្រះវស្សា និងឈប់សម្តែងក្តី ក៏ទ្រង់នៅតែបន្តរៀបចំក្រុមសម្តែងរបាំព្រះរាជទ្រព្យ ដើម្បីផ្សព្វផ្សាយឲ្យយុវជនជំនាន់ក្រោយបានដឹង និងជាពិសេសផ្សព្វផ្សាយ នៅលើឆាកអន្តរជាតិ៕