មោទកភាព​ហួស លីហ្សា ត្រូវ​បាន​ជ្រើសរើស​តំណាង​កម្ពុជា​ទៅ​ចូល​រួម​គូរ​គំនូរ​លើ​រថយន្ត កម្រិត​អន្តរជាតិ

  • 2020-02-25 03:43:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ម៉ម លីហ្សា ដែល​ជា​វិចិត្រការិនី​គំនូរ​ច្នៃ​ប្រឌិត​បែប​សម័យ (modern contemporary art) នៅ​ថ្មី​ៗ​នេះ បាន​ទម្លាយ​រឿង​មួយ​ធ្វើ​ឲ្យ​នាង​មាន​មោទកភាព​បំផុត ដែល​នោះ គឺ​នាង​ត្រូវ​បាន​ជ្រើសរើស​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​គូរ​គំនូរ​លើ​រថយន្ត​កម្រិត​អន្តរជាតិ​ហៅ​ថា "Bimmermeet4 tribute to BMW art car"។

លីហ្សា បាន​បញ្ចេញ​រឿង​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង ជា​ហេតុ​នាំ​ឲ្យ​អ្នក​គាំទ្រ​នាង​ជា​ច្រើន​បាន​ចូល​រួម​សាទរ។ "អស្ចារ្យ​ណាស់!! ព្រឹត្តិការណ៍ រចនា​សិល្បៈ លើ​រថយន្ត​ម៉ាក BMW !! ខ្ញុំ​មាន មោទកភាព និង សប្បាយ​រីករាយ​ណាស់​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា សិល្ប​ការិនី​តំណាង​អោយ​ប្រទេស​កម្ពុជា"។ សិល្ប​ការិនី​ថ្លែង។

វិចិត្រ​ការិនី​ថ្មី​វ័យ​ក្មេង បាន​បញ្ជាក់​​ថា ព្រឹត្តិការណ៍​ធ្វើ​ឡើង​នៅ​ប្រទេស​ថៃ ដោយ​ក្នុង​នោះ មាន​វិចិត្រករ​ដូច​គ្នា មក​ពី​ប្រទេស​​ចំនួន ១៣​ឯណោះ នឹង​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ​នេះ។ ម៉ម លីហ្សា ថា​អ្វី​ដែល​នាង​ទទួល​បាន​នា​ពេល​នេះ គឺ​ជា​សុបិន​បាន​ក្លាយ​ជា​ការ​ពិត​អីចឹង។ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មាន​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​បាន​នេះ។

តាម​ព័ត៌មាន មិន​មែន​មាន​តែ លីហ្សា ម្នាក់​ទេ ដែល​ត្រូវ​បាន​ជ្រើសរើស​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​រចនា​សិល្បៈ​លើ​រថយន្ត​ខាង​លើ ប៉ុន្តែ​គឺ​មាន​សិល្បករ​ម្នាក់​ទៀត​ឈ្មោះ Peap Tarr ក៏​នឹង​ត្រូវ​រួម​ដំណើរ​ជាមួយ​គ្នា​ទៅ​កាន់​ឆាក​អន្តរជាតិ​ដែរ។

នេះ​មិន​មែន​ជា​លើក​ទី​១​ដែល​វិចិត្រការិនី​ខ្មែរ ម៉ម លីហ្សា ត្រូវ​បាន​ក្រុមហ៊ុន​ធំ​លំដាប់​អន្តរជាតិ​ជ្រើសរើស​យក​នាង ទៅ​រំលេច​ស្នាដៃ​សិល្បៈ​លើ​ផលិតផល​របស់​គេ ប៉ុន្តែ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​នាង កន្លង​មក លីហ្សា ក៏​ធ្លាប់​ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ដ៏​ធំ​មួយ គឺ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia អញ្ជើញ​នាង​ទៅ​គូស​រូប​សិល្បៈ​សម្រាប់​ក្រុម​ហ៊ុន​គេ​ដែរ។

ព្រឹត្តិការណ៍​ក្នុង​អតីតកាល លីហ្សា បញ្ជាក់​ថា មាន​វិចិត្រករ​ចំនួន ៦​ប្រទេស​ត្រូវ​បាន​ជ្រើសរើស។ ដូច​គ្នា​នឹង​ពេល​នេះ​ដែរ លីហ្សា ប្រាប់​ថា គ្រា​នោះ​នាង​ក៏​មាន​មោទកភាព និង​សប្បាយ​រីករាយ​ខ្លាំង​ដូច​គ្នា​ដែរ។ លីហ្សា បាន​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ប្រទេស​ថៃ​សម្រាប់​ព្រឹត្តិការណ៍​ខាង​លើ​តាំង​ពី​ថ្ងៃ​ទី ១៦ កុម្ភៈ ហើយ​តាម​គម្រោង​នាង និង​មក​ដល់​កម្ពុជា​វិញ​នៅ​ថ្ងៃ​នេះ៕

រូបភាព៖​ ហ្វេសប៊ុក លីហ្សា

អត្ថបទ៖ ទារិកា