ព្រឹត្តិការណ៍សម្រាប់អ្នកស្រឡាញ់ Modeling គ្រោងធ្វើចុងសប្ដាហ៍នេះ ហើយឲ្យចូលរួមដោយសេរីទៀត
- 2020-02-25 07:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍សម្រាប់អ្នកស្រឡាញ់ Modeling គ្រោងធ្វើចុងសប្ដាហ៍នេះ ហើយឲ្យចូលរួមដោយសេរីទៀត
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ដ៏ធំមួយ ដែលត្រៀមនឹងបើកជូនប្រិយមិត្តអ្នកស្រឡាញ់វិស័យ Modeling ចូលរួមដោយឥតគិតថ្លៃផងនោះ គ្រោងនឹងប្រព្រឹត្តឡើងនៅចុងសប្ដាហ៍នេះហើយ។ នេះបើតាមស្ថាបនិកគម្រោងម្នាក់បានបង្ហើប។
ព្រឹត្តិការណ៍នេះត្រូវគេដាក់ឈ្មោះថា "Industry Night” ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅហាង "Fizz Bar” ស្ថិតនៅតំបន់ទួលទំពូងនាថ្ងៃទី ២៩ កុម្ភៈ ២០២០ ពីម៉ោង ៦:០០-១០:០០យប់។ នេះមិនមែនជាការប្រកួតប្រជែង ហើយក៏មិនមែនជាការដើរម៉ូដដែរ ប៉ុន្តែ Phatry Derek Pan ស្ថាបនិកក្រុមម៉ូដែល Perfect 10 និងជាម្ចាស់គម្រោងខាងលើ នេះជាកន្លែងជួបជុំរបស់បុគ្គលល្បីៗមកពីផ្នែកជាច្រើន ដើម្បីបង្កើតទំនាក់ទំនង ឈានទៅពង្រឹង និងពង្រីកអាជីវកម្មពួកគេ។
តាមស្ថាបនិកដដែល តារាម៉ូដែលជាតិ និងអន្តរជាតិ រួមជាមួយប្រិយមិត្តដែលស្រឡាញ់ចូលវិស័យបង្ហាញម៉ូដទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអ្នកដែលបម្រើឲ្យវិស័យផ្សេងទៀតដូចជាភាពយន្ត និងទូរទស្សន៍ជាច្រើននឹងមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើព្រមគ្នា។ មិនត្រឹមផ្ដល់ជូនការចូលរួមដោយឥតគិតថ្លៃ Phatry បញ្ជាក់ថា ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី នឹងត្រូវផ្ដល់ជូននូវភេសជ្ជៈដោយឥតគិតថ្លៃថែមទៀត។
នេះគឺជាលើកទី១ដែល Perfect 10 ក្រុមម៉ូដែលប្រមូលផ្ដុំដោយតារាម៉ូដែលវ័យក្មេង ស្អាត និងព្រមដោយទេពកោសល្យបានរៀបចំព្រឹត្តិការណ៍ខាងលើឡើង ហើយតារាម៉ូដែលទាំងអស់របស់ក្រុមនេះ នឹងបង្ហាញវត្តមានព្រមគ្នាក្នុងកម្មវិធី។ លោក Phatry បញ្ជាក់ថា ត្បិតនេះជាលើកទី១ ប៉ុន្តែព្រឹត្តិការណ៍ "Industry Night” គ្រោងនឹងមានជាបន្តបន្ទាប់នាពេលខាងមុខ។
"យើងមានបំណងថានឹងរៀបចំឲ្យបានរៀងរាល់ ២ខែម្ដង ពាក់ព័ន្ធនឹងវិស័យដើរម៉ូដ ភាពយន្ត និងទូរទស្សន៍នេះ នាពេលអនាគត ប៉ុន្តែខុសពីព្រឹត្តិការណ៍លើកនេះ កម្មវិធីលើកក្រោយអាចជាការប្រកួតដើរម៉ូដ បន្ថែមពីលើគ្រាន់ជាវេទិកាដើម្បីជួបជុំរឹតចំណងទាក់ទងគ្នា!"។ Phatry ថ្លែង។
ដូច្នេះ កុំភ្លេច "Industry Night” នាព្រលប់ថ្ងៃសៅរ៍សប្ដាហ៍នេះនៅ Fizz Bar ជាប់ហាងកាហ្វេ Starbuck ទួលទំពូង៕