ទីបំផុត! នាយ​ តាក់ស៊ី​ ដាច់​ចិត្ត​ទម្លាយពី​កាល​បរិច្ឆេទ​រៀបការ​ភរិយា​ថ្មី​ហើយ!

  • 2020-03-02 03:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​ប្រចាំ​ស្ថានីយ៍​ទូរទសស្សន៍ ស៊ី ធី អិន លោក រឿង សារ៉េត ហៅ​នាយ​តាក់ស៊ី បាន​ទម្លាយ​ពី​គម្រោង​រៀបការ​ហើយ គឺ​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០។ ភាគី​ខាង​ស្រី​មិន​បាន​បង្គាប់​ថ្លៃ​បណ្ណាការ ឬ​ថ្លែ​ទឹកដោះ​ឡើយ ប៉ុន្ដែ​បង្គាប់​ឲ្យ​លោក​រៀបចំ​ពិធី​បង្គលការ​សមរម្យ​មួយ​ទៅ​តាម​ប្រពៃណី​ខ្មែរ។

នាយ​តាក់ស៊ី​និយាយថា៖" ខ្ញុំ​ពិត​ជា​បាន​ស្រឡាញ់​នារី​ម្នាក់​មែន​អូន ហើយ​បង​នឹង​រៀបចំ​ពិធី​មង្គល​មួយ​នៅ​ក្នុង​ខែ​៥ ខាង​មុខ​នេះ​ហើយ។ ពិធី​ហ្នឹង​អត់​ធ្វើ​នៅ​ខេត្ដ​ស្វាយរៀង​ទេ គឺ​នៅ​ភ្នំពេញ​យើង​នេះ​ទេ"។

នាយ​តាក់ស៊ី ឲ្យដឹង​បន្ថែម​ថា រូប​លោក និង​អ្នកនាង សុខា បាន​ប្រែក្លាយ​ពី​ការ​ស្រឡាញ់​រាប់​អានធម្មតា មក​ស្រឡាញ់​គ្នា​ក្នុង​នាម​ជា​ស្វាមី និង​ភរិយាអស់រយៈពេល​ជិត​៤​ខែ​ហើយ។ អ្វី​ដែល​ធ្វើ​ឲ្យ​លោក​ជាប់ចិត្ដ ហើយ​ឈាន​ដល់​ការសម្រេច​ដាក់​ថ្ងៃ​រៀបការ​ជាមួយ​គ្នា​នេះ ពីព្រោះ​នៅ​អំឡុង​ពេល​ដែល​លោក​ធ្លាក់​ខ្លួន​ឈឺ​ដុនដាប​ខ្លាំងដោយសារ​ជំងឺ​ទឹក​នោម​ផ្អែម គឺ​មាន​តែ​នាង​ម្នាក់​គត់​ដែល​បាន​ជួយ​មើល​ថែទាំយ៉ាង​ដិតដល់។

នាយ​តាក់ស៊ី បាន​លែងលះ​ជាមួយ​ប្រពន្ធ​ដើម​ដែលជាតារាកំប្លែង​ដូចគ្នា គឺអ្នកនាង ភីម នៅ​មុន​ពេល​ដែល​លោក​ចេញ​សាងព្រះភ្នួស​នៅ​វត្ដ​ដងទង់ ខេត្ដ​កំពង់​ស្ពឺ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៩។ បច្ចុប្បន្ន​រូប​លោក និង​ប្រពន្ធ​ដើម​ដែល​មាន​កូន​ជា​ចំណង​ដៃ​ផង​នោះ សម្រេច​ចិត្ដថា​មិន​ចាប់​ដៃ​គ្នា​ជា​គូរ​ជីវិត​ឡើង​វិញ​ទេ ក្រោយ​ពី​នាយ​ បាន​​លាចាក​សិក្ខាបទ​ដោយសារ​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែមមក។

លោក រឿង សារ៉េត ហៅ​នាយ​តាក់ស៊ី មានវ័យ​៤១​ឆ្នាំ ហើយ​អ្នកនាង សុខា ដែល​ជា​អនាគត​ភរិយា​លោក​វិញ​មាន​វ័យ​៣៩ ជា​ស្ដ្រី​មេម៉ាយ​គ្មាន​កូន រស់នៅ​ក្រុង​បាវិត ខេត្ដ​ស្វាយរៀង។ អ្នក​ទាំង​ពីរ កំពុង​សន្សំ​លុយ និង​ត្រៀម​ខ្លួន​ចូល​រៀងការ​ហើយ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត