ឆ្លើយបានទេ តើកម្ពុជាមានបន្លែប៉ុន្មានប្រភេទ?
- 2020-03-07 08:55:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លើយបានទេ តើកម្ពុជាមានបន្លែប៉ុន្មានប្រភេទ?
ចន្លោះមិនឃើញ
នៅក្នុងប្រទេកម្ពុជាត្រូវបានគេចាត់ថ្នាក់បន្លែជា ៤ប្រភេទ គឺបន្លែធម្មជាតិ បន្លែសុវត្ថិភាព បន្លែសរីរាង្គ និងបន្លែគីមី ប៉ុន្ដែជាទូទៅអ្នកនៅភ្នំពេញនិយមហៅតែពីរប្រភេទទេ គឺបន្លែធម្មជាតិ និងបន្លែគីមី។ នេះបើតាមការលើកឡើងរបស់លោក ចាវ ប៉េងណាំ នាយកប្រតិបត្តិអង្គការអភិវឌ្ឈន៍កសិកម្ម និងជាគ្រូបណ្ដុំបណ្ដាលផ្នែកកសិកម្ម បានថ្លែងប្រាប់គេហទំព័រ Sabay កាលពីថ្ងៃទី ៧ ខែមីនា ២០២០។
តើបន្លែទាំង ៤ប្រភេទខាងលើ មានន័យខុសគ្នាដូចម្ដេច?
១. បន្លែធម្មជាតិ៖ បន្លែងធម្មជាតិគឺជាបន្លែដែលប្រជាកសិករ ឬប្រជាជនខ្មែរនិយមដាំជាលក្ខណៈគ្រួសារ ឬជាអាជីវកម្មក្ដី ប៉ុន្ដែមិនប្រើប្រាស់សារធាតុគីមីនោះឡើយ។ បើទោះបីមានសត្វចង្រៃស៊ីបន្លែក្ដី ក៏ពួកគាត់តែងតែផ្សំថ្នាំបែបធម្មជាតិ ដែលមាននៅជុំវិញផ្ទះរបស់គាត់តែប៉ុណ្ណោះ។
២. បន្លែសុវត្ថិភាព៖ បន្លែសុវត្ថិភាពគឺជាការដាំដុំជាលក្ខណៈទ្រង់ទ្រាយធំ ទៅតាមទំហំដីរបស់ពួកគាត់។ ប៉ុន្ដែការដាំដុះនេះក៏មានការប្រើប្រាស់ថ្នាំគីមី ដើម្បីបាញ់សម្លាប់សត្វល្អិតផ្សេងៗ តែមិនធ្វើឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវស្ដង់ដា នៃការណែនាំច្បាស់លាស់ ហើយកសិករបន្លែសុវត្ថិភាព ទទួលបានការបណ្ដុំបណ្ដាលត្រឹមត្រូវ ពីអ្នកជំនាញកសិកម្ម។
៣. បន្លែសរីរាង្គ៖ បន្លែប្រភេទនេះ គឺមានការប្រយ័ត្នប្រយែងខ្ពស់លើគុណភាពនៃការដាំដុះ រាប់តាំងពីការជ្រើសរើសដីឡើង។ នៅត្រង់នេះមានន័យថា ក្រៅពីមិនប្រើប្រាស់ថ្នាំគីមីលើបន្លែ គឺកសិករត្រូវសិក្សាអំពីប្រវត្តិដីរបស់ខ្លួនឲ្យប្រាកដថា ដីមិនធ្លាប់ប្រើប្រាស់ថ្នាំគីមី ឬទទួលឥទ្ធិពលគីមី ពីមុនមក។
៤. បន្លែគីមី៖ បន្លែគីមីជាប្រភេទបន្លែដែលកសិករប្រើប្រាស់គីមីគ្មានក្បួនខ្នាតត្រឹមត្រូវនោះទេ ហើយភាគច្រើនប្រើប្រាស់ថ្នាំពុលកសិកម្មមិនត្រឹមត្រូវតាមការណែនាំថែមទៀត ដែលបន្លែប្រភេទនេះត្រូវបានប្រជាពលរដ្ឋកម្ពុជាកំពុងមានការព្រួយបារម្ភខ្លាំង ដែលមានវត្តមាននៅលើទីផ្សារ។
លោក ចាវ ប៉េងណាំ ដែលជាគ្រូបណ្ដុះបណ្ដាលជំនាញកសិកម្ម បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេលប្រមាណជា ៦ទៅ៧ឆ្នាំកន្លងមកនេះ ស្ថានភាពមានការផ្លាស់ប្ដូរច្រើន ដោយប្រជាកសិករបានផ្លាស់ប្ដូរទម្លាប់ដាំបន្លែគីមី ងាកមកដាំប្រភេទបន្លែធម្មជាតិ ឬបន្លែសុវត្ថិភាព កាន់តែមានចំនួនច្រើន។
អ្វីទៅជាមូលហេតុដែលនាំឲ្យមានការផ្លាស់ប្ដូរ? ឆ្លើយតបនឹងសំណួរនេះ លោក ចាវ ប៉េងណាំ បានលើកឡើងថា កត្តាដែលនាំឲ្យងាកមកដាំបន្លែធម្មជាតិកាន់តែច្រើន ព្រោះសព្វថ្ងៃនេះតម្រូវការទីផ្សារត្រូវការបន្លែ ធម្មជាតិ និង សុវត្ថិភាព ព្រោះពួកគេគិតគូច្រើនលើបញ្ហា សុខភាព។ តម្រូវការខ្ពស់បែបនេះធ្វើឲ្យតម្លៃក៏ហក់ខ្ពស់ដែរ ដែលជាកត្តាល្អសម្រាប់កសិករ។ កត្តាមួយទៀត គឺប្រជាកសិកររងផលប៉ះពាល់សុខភាព ដោយផ្ទាល់នៅពេលបន្លែគីមី ពាសពេញទីផ្សារ ហើយពួកគាត់បានហូបកើតជាជំងឺផ្សេងៗ។ កត្តាមួយទៀតដែលមិនអាចខ្វះបាន គឺមានការចុះបណ្ដាលបណ្ដាលជំនាញកសិកម្មកាន់តែច្រើនទៅដល់មូលដ្ឋាន និង ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ ផ្សាយពីផលប៉ះពាល់នៃបន្លែគីមីលើសុខភាព។
ជាចុងក្រោយ លោក ចាវ ប៉េងណាំ បានលើកទឹកចិត្តឲ្យកសិករទាំងចាប់អារម្មណ៍លើការដាំដុះប្រភេទបន្លែធម្មជាតិ ឬបន្លែសុវត្ថិភាព ខណៈតម្រូវការទីផ្សារខ្ពស់ ជាពិសេសនៅរាជធានីភ្នំពេញ ហើយក៏ជាផ្នែកសំខាន់ដែរ ដែលបានចូលរួមគិតគូអំពីសុខភាពសាធារណៈ នៅពេលគ្រប់គ្នាហូបបន្លែធម្មជាតិ ឬបន្លែសុវត្ថិភាព៕