ភាគហ៊ុនអេស៊ីលីដា! ទិញប៉ុន្មានក៏បាន ឲ្យតែមានលុយ!

  • 2020-03-08 02:26:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមាន វិនិយោគិនសាធារណៈជាង ៥០០នាក់ចូលរួម។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជដំបូង ដែលធ្វើការ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។ ប្រសិនបើមិនមានឆន្ទះដ៏មុះមុត និងការដឹកនាំដ៏ខ្លាំងរបស់ថ្នាក់ដឹកនាំធនាគារទេ យើងមិនអាចឈានដល់ដំណាក់កាលថ្ងៃនេះទេ ហើយវាជាឱកាសសម្រាប់សាធារណជន ដែលមានចំណាប់អារម្មណ៍ ព្រោះចំនួនភាគហ៊ុនច្រើនគួរសមសម្រាប់ធ្វើការបោះផ្សាយលក់។ ចង់ទិញប៉ុន្មានក៏បាន ឲ្យតែមានលុយ"។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ បានមានប្រសាសន៍បន្ថែមថា សាធារណជន អាចចូលរួមធ្វើប៊ុកបៀលឌីង ដោយដាក់សំណើចាប់ពី១០០ មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) ឡើងទៅ ដោយកើនម្តង (១០ ឯកតាមូលបត្រកម្មសិទ្ធិ) ហើយមិនមានកំណត់ចំនួនភាគហ៊ុនអតិបរមា ដែលចង់ដាក់ពាក្យស្នើសុំទេ។ វិនិយោគិនចង់ដាក់ពាក្យស្នើសុំទិញភាគហ៊ុនប៉ុន្មានក៏បាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការ ចាប់ពីថ្ងៃទី០៣ មីនា ដល់ ថ្ងៃទី១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍) និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃ ចាប់ពី ១៥០០០ រៀល ដល់ ១៧៤០០ រៀល ក្នុងមួយភាគហ៊ុន៕