រត់ហាត់ប្រាណពេលព្រឹក និងល្ងាចមួយណាល្អជាង?
- 2014-11-20 13:09:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រត់ហាត់ប្រាណពេលព្រឹក និងល្ងាចមួយណាល្អជាង?
ចន្លោះមិនឃើញ
“តើពេលវេលាណាល្អបំផុតសម្រាប់ការរត់ហាត់ប្រាណ? ពេលព្រឹក ឬពេលល្ងាច?” សំណួរនេះបានក្លាយជាប្រធានបទពិភាក្សាដ៏ក្ដៅគគុកក្នុងចំណោមអ្នករត់ហាត់ប្រាណ និងអ្នកជំនាញលំហាត់ប្រាណ។
ការស្រាវជ្រាវមួយចំនួនរកឃើញថា ពេលវេលាល្អបំផុតសម្រាប់ហាត់ប្រាណគឺនៅពេលដែលសីតុណ្ហភាពក្នុងរាងកាយអ្នកឡើងខ្ពស់បំផុត ដែលសម្រាប់មនុស្សទូទៅគឺនៅពេលរសៀលពីម៉ោង ៤ ទៅ ៥។ ការសិក្សាមួយចំនួនទៀតក៏បានគាំទ្រការអះអាងនេះដែរថា ការធ្វើតេស្តសកម្មភាពរាងកាយដូចជា កាយសម្ព័ន្ធ ភាពអំណត់ និងកម្លាំងគឺគួរធ្វើចន្លោះពីម៉ោង ៤ ដល់ ៧ ល្ងាច។
តែមុននឹងប្ដូរសកម្មភាពហាត់ប្រាណរបស់អ្នកទៅពេលល្ងាចទាំងស្រុង ងាកមកមើលអត្ថប្រយោជន៍ការហាត់ប្រាណនៅពេលព្រលឹមសិន។ ការរត់ហាត់ប្រាណនៅពេលព្រឹកជំរុញទឹកចិត្តអ្នកឲ្យរត់ហាត់ប្រាណបានយូរ។ ការសិក្សាមួយចំនួនរកឃើញថា អ្នកដែលរត់ហាត់ប្រាណពេលព្រឹកច្រើនរក្សាទម្លាប់របស់ខ្លួនបានស្ថិតស្ថេរជាងអ្នករត់ពេលរសៀលខ្លាំង ឬល្ងាច។
បើទោះជាពេលល្ងាចជាពេលដែលរាងកាយធ្វើការល្អបំផុតសម្រាប់ការហាត់ប្រាណក៏ដោយ ក៏អ្នកអាចបន្សាំរាងកាយអ្នកទៅនឹងការហាត់ប្រាណពេលព្រឹកបានដែរ។ សម្រាប់អ្នកដែលចូលចិត្តការប្រកួតរត់ដូចជាម៉ារ៉ាតុង និងរត់ប្រណាំងផ្សេងៗត្រូវចាំថា ការប្រកួតទាំងនោះច្រើនធ្វើឡើងនៅពេលព្រឹក។ ដូច្នេះដើម្បីអាចយកជ័យជម្នះបានអ្នកគួរបន្សាំខ្លួនទៅនឹងពេលវេលានេះ។ ក្រៅពីការរត់ ទម្លាប់ផ្សេងទៀតដូចជា ការភ្ញាក់ពីព្រលឹម ការផឹកទឹក ញ៉ាំអាហារ និងចូលបន្ទប់ក៏គួរបន្សាំដំណាលគ្នាដែរដើម្បីកុំឲ្យដល់ថ្ងៃប្រកួតអ្នកមានអារម្មណ៍មិនល្អ។ សម្រាប់ការរត់ចម្ងាយឆ្ងាយដូចជាម៉ារ៉ាតុង រត់ពេលព្រឹកជាពេលវេលាដ៏ល្អបំផុត។
ការសិក្សាមួយចំនួនទៀតរកឃើញថា ការរត់ពេលព្រឹកគឺធ្វើឲ្យអ្នកគេងលក់ស្កប់ស្កល់ជាងការរត់នៅពេលរសៀលខ្លាំង ឬល្ងាច។ បើទោះជាការរត់ពេលព្រឹកមានអត្ថប្រយោជន៍ច្រើនជាងពេលល្ងាចបន្តិច អ្នកអាចជ្រើសរើសរត់ពេលណាក៏បានសំខាន់ឲ្យតែមានពេលធ្វើវា។ ត្រូវចាំថា ការរត់ហាត់ប្រាណគឺប្រសើរជាងមិនបានធ្វើវាទាល់តែសោះ។ ពេលណាក៏អ្នកនៅតែទទួលអត្ថប្រយោជន៍សុខភាពពីការរត់បានដែរ៕
អាន៖ ស្ទះពេលម៉ោងចូលឬចេញពីធ្វើការម្ដុំហាងនំ Tous Les Jours មុនីវង្ស
ប្រែសម្រួល៖ សីហា ប្រភព៖ running.about