គ្រូ​ស្វាយរៀង​ថាប្ដូរ​ ប្រាក់ មុនីឧត្ដម​ ចេញធ្វើ​ឱ្យ​ការប្រកួត​មាន​ការ​ប្រែប្រួល

  • 2020-03-09 05:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចប់​ការ​ប្រកួត​ក្នុង​លទ្ធផល ០-០ ជាមួយ​ម្ចាស់​ផ្ទះភ្នំពេញក្រោន លោក Conor Nestor គ្រូ​បង្វឹក​ព្រះខ័នរាជ​ស្វាយរៀង បាន​លើកឡើង​ថាក្រោយ ប្រាក់ មុនីឧត្ដម ត្រូវ​បាន​ប្ដូរ​ចេញ​អ្វីៗ​មាន​ការ​ផ្លាស់ប្ដូរ ព្រោះរូបគេ​លេង​ល្អ និង​​គ្មាន​កីឡាករ​​រូប​ណា អាច​ជំនួស​តំណែង​​គេ​បាន។

ប្រាក់ មុនីឧត្ដម ប៉ះគ្នាជាមួយ Edeguchi Masaaki របស់​ភ្នំពេញ​ក្រោន

គ្រូ​បង្គោល​សញ្ជាតិ​អៀរឡង់ Nestor បាន​សង្កត់​ធ្ងន់​ថាបើ​មាន​ ប្រាក់ មុនីឧត្ដម ការលេង​របស់​ព្រះខ័នរាជ​ស្វាយរៀង​ អាច​នឹង​ល្អ​ជាងនេះ ជាក់ស្ដែង​រូបគេ​ មានឱកាសមាសមួយលើកនៅ​តង់​ទី​មួយ ប៉ុន្តែ​ទាត់​ទៅ​បុក​នឹង​របាទី​ទៅ​វិញ ធ្វើ​ឱ្យ​​​​ក្លឹប​និង​ក្រុម​អ្នកគាំទ្រ​ មាន​ការ​សោកស្ដាយ​ជា​​ខ្លាំង។

ក្នុង​រយៈ​ពេល ២០​នាទី​ដំបូង ព្រះខ័នរាជ​ស្វាយរៀង ​លេង​ល្អ​ដោយ​ដាក់់​សម្ពាធ​ខ្លាំងលើ​ភ្នំពេញក្រោន និង​មាន​ឱកាស​ច្រើន ប៉ុន្តែ​ជារឿង​គួរ​ឱ្យ​សោកស្ដាយ​ព្រោះ ប្រាក់ មុនីឧត្ដម ត្រូវ​បែកក្បាល បន្ទាប់​ហក់​តែត​បុក​កីឡាករ Edeguchi Masaaki របស់​ភ្នំពេញ​ក្រោន និង​ត្រូវ​ប្ដូរ​ចេញ​នៅ​នាទី ២១ ជំនួស​មក​វិញ​ ដោយ​កីឡាករ សំអឿន ពិដោរ។

ចំពោះរបួស​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើលោក Nestor មិន​ទាន់​ដឹង​ថា​យ៉ាងណា​​ ហើយ​រូបគេអាច​លេង AFC Cup បាន​ឬ​​មិន​បាន​ក៏​មិន​ទាន់​ដឹង​ដូច​គ្នា ដោយ​ត្រូវ​រងចាំ​ចម្លើយ​របស់​ក្រុម​គ្រូពេទ្យ។

យ៉ាងការប្រកួត​ក្រៅ​ដីក្នុង​សប្ដាហ៍ទីបួននៅ​កីឡដ្ឋាន Smart RSN កាល​ពី​រសៀល​ម្សិលមិញ លោក Conor Nestor ក៏បាន​សរសើរ​ក្រុម​ម្ចាស់​ផ្ទះ​ថា​ធ្វើ​បាន​ល្អ និង​ជា​ក្រុម​ប្រកួត​ប្រជែង​ខ្លាំងក្នុងឆ្នាំ២០២០ មិន​ដូច​ឆ្នាំ​មុន​ឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី