ម្ដងនេះ ពែកមី បញ្ជាក់ច្បាស់ៗ អំពីរឿងចង់ក្លាយជាងឧកញ៉ា ឬអត់!
- 2020-03-10 02:32:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដងនេះ ពែកមី បញ្ជាក់ច្បាស់ៗ អំពីរឿងចង់ក្លាយជាងឧកញ៉ា ឬអត់!
ចន្លោះមិនឃើញ
តារាកំប្លែង នាយពែកមី ត្រូវបានមហាជនមើលឃើញថា ក្រៅពីការងារសិល្បៈតារាកំប្លែងរូបនេះ បានសម្រុកបង្កើតមុខរបរជាច្រើនដោយមុខរបរខ្លះនាយបានចូលហ៊ុនជាមួយឧកញ៉ាល្បីឈ្មោះមានឥទ្ធិពលជាច្រើនរូបថែមទៀតផង ដែលទាំងនេះ នាំឲ្យមានការទស្សន៍ទាយថា នាយអាចនឹងប្រាថ្នាងារ "ឧកញ៉ា" ដូចឧកញ៉ាប៉ុន្មាននាក់ដែលទើបទទួលបានព្រះរាជក្រឹត្យផ្ដល់ងារនេះមិនខាន។
បែបនេះក្ដី នាយបានថ្លែងថា ទោះបីជា នាយរកស៊ីមានទ្រព្យច្រើន ស្គាល់ឧកញ៉ាល្បីឈ្មោះជាច្រើនរូបក្ដី ទៅថ្ងៃអនាគតលោកអត់ចង់ក្លាយជា ឧកញ៉ាឡើយ សុខចិត្តធ្វើជា តារាកំប្លែងធម្មតាៗដូចបច្ចុប្បន្ន។
តារាកំប្លែងមានប្រវត្តិជាកម្មករសំណង់មកពីខេត្ត ស្វាយរៀងរូបនេះ បានថ្លែងថា រាល់ថ្ងៃលោក បានមានមុខរបរច្រើនគូសមបន្ទាប់ពីការងារសិល្បៈ ដែលមុខរបរទាំងនោះ ទើបតែប្រលូកនៅក្មេងខ្ចីនៅឡើយទេ។ ជំនួញដីធ្លី និងសង់ផ្ទះល្វែង គឺជាមុខជំនាញដែលលោក ទើបតែបោះជំហានចូល ក្នុងនោះមានហ៊ុនជាច្រើន មានទាំងឧកញ៉ាថែមទៀតផង តែសូមមិនបញ្ចេញឈ្មោះ។
គិតមកដល់បច្ចុប្បន្នជំនួញលើអចលនទ្រព្យនេះ លោកបានធ្វើការវិនិយោគបាន២ទីតាំងហើយ មានត្បូងឃ្មុំ និងបាត់ដំបង ដែលមានផ្ទះសរុប ជិត៤០០ល្វែង ព្រមទាំងមានដីឡូតិ៍ ជាច្រើនឡូតិ៍ទៀត។ បន្ថែមលើនេះ ពែកមី កាលថ្មីៗនេះទើបតែបានបន្ថែមមុខរបរថ្មី១ទៀត ជាមួយឧកញ៉ាល្បីឈ្មោះម្នាក់សូមមិនបញ្ចេញឈ្មោះដូចគ្នា លើការលក់ផ្ដាច់មុខ ផលិតផលស្រាបៀនាំចូលពីក្រៅប្រទេស ដោយប្រើដើមទុន មិនក្រោម១០ម៉ឺនដុល្លារឡើយ។
ជុំវិញជំនួញទាំងនោះ ពែកមី មិនបានទម្លាយឲ្យដឹងថា ទុនសរុបមានទាំងអស់ប៉ុន្មានឡើយ គ្រាន់តែលោកថា រកបានចេះតែពង្រីកថែមៗ បើឲ្យដឹងថា ក្នុងខ្លួនមានប្រាក់ប៉ុន្មាននោះ គឺមិនអាចកំណត់បានឡើយ។ "ដំបូងខ្ញុំគ្រាន់តែតារាកំប្លែងទេ បន្ទាប់មកខ្ញុំច្រៀងនៅថោន ឈានពីច្រៀង ខ្ញុំសម្ដែងភាពយន្ត ហើយឈានដល់ ការនិពន្ធផលិតរឿងដោយខ្លួនឯង ឃើញគេរកដីរកផ្ទះមានឧកាសច្រើន ខ្ញុំក៏ចាប់វា១ថែមទៀត ចេះតែខំៗទៅទាន់យើងនៅអាចប្រឹងបាន ហើយបើថា ឲ្យមានលុយប៉ុន្មានក្នុងខ្លួន អត់ដឹងទេ "។ ពែកមីបញ្ជាក់បន្ថែម។
ពែកមី បានបន្តឲ្យដឹងថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបង្កើនមុខរបរបន្ថែមជាច្រើន មុខលើការងារសិល្បៈបែបនេះ ក៏ព្រោះតែ លោកមិនចង់ក្រ បារម្ភថ្ងៃក្រោយសម្ដែងសិល្បៈមិនកើត បានមុខរបរទាំងនេះហើយចាស់ទៅរស់នៅស្រួល។ ជាមួយនឹង ភាពជោគជ័យនេះបាន នាយ ប្រកាន់ភ្ជាប់នៅជំហរខ្លួនឯងមួយ ជានិច្ច គឺដាច់ខាតមិនយកល្បែងដាក់ខ្លួន ខំតែរក ជឿជាក់លើខ្លួនឯង គឺច្បាស់ជាជោគជ័យ។
ដូចបានលើកឡើងខាងលើ នាយថ្លែងទាំងសំណើចថា ប្រសិនថ្ងៃខាងមុខ ខ្លួនរកស៊ីកាន់តែមានទៅៗ ជួយសង្គមបានច្រើន ស្គាល់ឧកញ៉ាៗ សេដ្ឋីៗច្រើន ក៏លោកមិនចង់ក្លាយជា ឧកញ៉ាឡើយ គឺចង់នៅត្រឹមតែជាតារាកំប្លែងធម្មតាងាយស្រួល ផឹកស៊ី ជួបជុំបងប្អូនបង្ហាញមុខជាសាធារណៈជាដើម៕