ការដាំបន្លែសុវត្ថិភាពកំពុងមានសន្ទុះខ្លាំងនៅកម្ពុជា តែនៅមានកត្តាប្រឈមមួយចំនួន
- 2020-03-10 07:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដាំបន្លែសុវត្ថិភាពកំពុងមានសន្ទុះខ្លាំងនៅកម្ពុជា តែនៅមានកត្តាប្រឈមមួយចំនួន
ចន្លោះមិនឃើញ
ទំនោរនៃការដាំដុះបន្លែសុវត្ថិភាព កំពុងមានសន្ទុះខ្លាំងនៅកម្ពុជាស្របពេលទីផ្សារកំពង់ត្រូវការបន្លែបែបនេះដើម្បីសុខភាព ប៉ុន្ដែកសិករ លើកឡើងថា ការដាំបន្លែសុវត្ថិភាពនូវមានកត្តាប្រឈមមួយចំនួន ដូចជា កង្វះកម្លាំងពលកម្ម កង្វះទឹក និងកង្វះទុន ជាដើម។
សូមចុចអាន៖ ឆ្លើយបានទេ តើកម្ពុជាមានបន្លែប៉ុន្មានប្រភេទ?
លោក ចាវ ប៉េងណាំ នាយកប្រតិបត្តិអង្គការអភិវឌ្ឈន៍កសិកម្ម និងជាគ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម បានថ្លែងប្រាប់គេហទំព័រ Sabay ថា ក្នុងរយៈពេលប្រមាណជា ៦-៧ឆ្នាំកន្លងមកនេះ ស្ថានភាពមានការផ្លាស់ប្ដូរច្រើន ដោយប្រជាកសិករបានផ្លាស់ប្ដូរទម្លាប់ដាំបន្លែគីមី ងាកមកដាំប្រភេទបន្លែធម្មជាតិ ឬបន្លែសុវត្ថិភាព កាន់តែមានចំនួនច្រើន។
អ្វីទៅជាមូលហេតុដែលនាំឲ្យមានការផ្លាស់ប្ដូរ? ឆ្លើយតបនឹងសំណួរនេះ លោក ចាវ ប៉េងណាំ បានលើកឡើងថា កត្តាដែលនាំឲ្យងាកមក ដាំបន្លែធម្មជាតិកាន់តែច្រើន ព្រោះសព្វថ្ងៃនេះ តម្រូវការទីផ្សារត្រូវការបន្លែ ធម្មជាតិ និង សុវត្ថិភាព ព្រោះពួកគេគិតគូរច្រើនលើបញ្ហា សុខភាព។ តម្រូវការខ្ពស់បែបនេះធ្វើឲ្យតម្លៃក៏ហក់ខ្ពស់ដែរ ដែលជាកត្តាល្អសម្រាប់កសិករ។ កត្តាមួយទៀត គឺប្រជាកសិករ រងផលប៉ះពាល់សុខភាព ដោយផ្ទាល់នៅពេលបន្លែគីមី ពាសពេញទីផ្សារ ហើយពួកគាត់បានហូបកើតជាជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ អ្វីដែលមិនអាចខ្វះបាន គឺមានការចុះបណ្ដុះបណ្ដាលជំនាញកសិកម្មកាន់តែច្រើនទៅដល់មូលដ្ឋាន និង ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ ផ្សាយពីផលប៉ះពាល់នៃបន្លែគីមីលើសុខភាព។
លោក យ៉ង សាំងកុមារ ទីប្រឹក្សាអង្គការសេដាក បានលើកឡើងដែរថា ជាការពិតទំនោរនៃការដាំដុះបន្លែសុវត្ថិភាព ជារួមមានការកើនឡើងស្ទើរគ្រប់ទីកន្លែង ហើយតម្រូវការទីផ្សារក៏កំពុងពេញនិយមខ្លាំងចំពោះបន្លែសុវត្ថិភាពនេះ។ ប៉ុន្ដែការផលិតនៅមិនទាន់គ្រប់ទីផ្សារ និង ការផលិតនៅមិនទាន់ទៀងទាត់នៅឡើយ។ ទន្ទឹមនឹងនេះ ការដាំដុះអាស្រ័យតាមតំបន់នៅឡើយ ហើយការប្រឈមមួយទៀតតំបន់ខ្លះមានការខ្វះខាតទឹក ដែលធ្វើឲ្យការដាំដុះនៅមិនទៀងទៀត និង កង្វះគោលនយោបាយថ្នាក់ជាតិ ពង្រឹងទីផ្សារ និងការបណ្ដុះបណ្ដាលទៀតទាត់។
សូមចុចអាន៖ ងាយៗ ៩ចំណុចអាចឲ្យអ្នកបែងចែកបន្លែ ធម្មជាតិ ឬ គីមីបានដោយខ្លួនឯង
លោក ឡាយ ប៊ុនលាង ម្ចាស់កសិដ្ឋាន នៅភូមិដូនធី ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានលើកឡើងថា លោកបានចាប់ផ្ដើមធ្វើការដាំដុះដំណាំចម្រុះ លើផ្ទៃដីជិត៣០ហិកតា ក្នុងនោះមានដំណាំបន្លែសុវត្ថិភាព លើផ្ទៃដីប្រមាណជា១ហិកតា ដែលការដាំដុះនេះទទួលបានការបណ្ដុះបណ្ដាលពីមន្ទីរកសិកម្មខេត្ត។
«ខ្ញុំទទួលស្គាល់ថា ការដាំដុះបន្លែសុវត្ថិភាពកំពុងមានទីផ្សារខ្លាំង និងបានតម្លៃខ្ពស់ ប្រសិនបើយើងធ្វើតាមស្ដង់ដារ។ ប៉ុន្ដែខ្ញុំនៅមិនទាន់ផលិតឲ្យបានទៀងទាត់នៅឡើយ ដោយសារតែកង្វះកម្លាំងពលកម្ម និង ទឹក សម្រាប់ស្រោចស្រព ជាពិសេសរដូវក្ដៅនេះកំពុងខ្វះទឹកខ្លាំង»។
បើទោះការផលិតនៅមិនទាន់គ្រប់គ្រាន់ និងមិនទៀងទាត់ ផ្គត់ផ្គង់សម្រាប់ទីផ្សារក៏ពិតមែន តែលោកឡាយ ប៊ុនលាង ថា សព្វថ្ងៃនេះបន្លែសុវត្ថិភាពរបស់លោកបានដឹកទៅកាន់ទីផ្សារតាមហាងធំៗ និងកន្លែងលក់គុយទាវផ្ទាល់តែម្ដង ហើយជាមហិច្ឆតារបស់លោកចង់លក់តាមអនឡាញនៅពេលខាងមុខ នៅពេលការផលិតបានទៀតទាត់ និងមានទុនគ្រប់គ្រាន់សម្រាប់ធ្វើការងារកសិកម្មនេះ។
ទាក់ទងនឹងការផលិតបន្លែសុវត្ថិភាពនេះ លោក ឡាយ ប៊ុនលាង បានទទូចទៅកាន់ផ្នែកពាក់ព័ន្ធកសិកម្មទាំងឡាយ ឲ្យជួយបណ្ដុះបណ្ដាលជំនាញឲ្យបានទៀងទាត់ ហើយផ្ដល់ប្រាក់កម្ចី ដែលមានអត្រាការប្រាក់ទាបសម្រាប់កសិករ មានលទ្ធភាពពង្រីកការងារកសិកម្ម ជាពិសេសការដាំដុះបន្លែសុវត្ថិភាព ដើម្បីជាប្រយោជន៍សុខភាពសាធារណៈ។
លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការសេដាក និងជាអ្នកជំនាញខាងកសិកម្មមួយរូប បានលើកឡើងថា តាមរបាយការណ៍ចាស់ គឺប្រទេសកម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេសប្រមាណជា ២០០-៤០០ តោន ក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ តួលេខនេះអាចនឹងមានការកើនឡើង ព្រោះប្រជាជនសព្វថ្ងៃកើនឡើង ដូច្នេះតម្រូវការក៏កើនឡើងដែរ។
លោក យ៉ង សាំងកុមារ បានទទូចចង់ឲ្យមានការបង្កើនការដាំដុះ និងការគាំទ្រផ្នែកគោលនយោបាយនានា ដើម្បីគាំទ្រដល់កសិករ ឈានដល់ការសម្រចបាន នៃការកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង ងាកមកដាំដុះឲ្យកាន់តែខ្លាំងថែមទៀត ជាពិសេសការដាំដុះបន្លែសុវត្ថិភាព ឬបន្លែសរីរាង្គ ក្នុងន័យការពារសុខមាលភាពប្រជាជន។ «ការហូបបន្លែមានសារធាតុគីមី ធ្វើឲ្យប៉ះពាល់សុខភាពរយៈពេលខ្លី និងវែង។ រយៈពេលខ្លី មានក្អួត រាគ ហើយរយៈពេលវែងអាចជំងឺរុំារ៉ៃ។ ដូច្នេះការបណ្ដុះបណ្ដាលជំនាញ និងការស្វែងរកទីផ្សារ ជារឿងសំខាន់សម្រាប់ជួយដល់កសិករ ឲ្យខិតខំការដាំដុះបន្ថែមទៀត»៕