ក្តៅៗ! មេ WHO ប្រកាសចាត់ទុកវីរុសកូរ៉ូណាជា "ជំងឺរាតត្បាត"

  • 2020-03-12 00:38:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក (WHO) បានពណ៌នាមេរោគឆ្លងថ្មីគឺ វីរុសកូរ៉ូណា ថាជាជំងឺរាតត្បាត ជាលើកដំបូងនៅថ្ងៃពុធ (១១ មីនា) បន្ទាប់ពីវាបានផ្ទុះឡើងកាលពីខែធ្នូឆ្នាំមុន ដោយបន្ថែមថា អ៊ីតាលី និងអ៊ីរ៉ង់ ឥឡូវនេះកំពុងស្ថិតនៅជួរមុខនៃជំងឺ ហើយប្រទេសផ្សេងទៀតនឹងចូលរួមជាមួយពួកគេក្នុងពេលឆាប់ៗនេះ។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា "យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងកម្រិតនៃការរីករាលដាល និងភាពធ្ងន់ធ្ងរ"។

មិនតែប៉ុណ្ណោះ លោក Tedros បានទទូចដល់សហគមន៍ពិភពលោក ឲ្យខិតខំប្រឹងប្រែងឡើងវិញទ្វេរដង ក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺនេះ ដោយនិយាយថា វិធានការដ៏ខ្លាំងក្លានៅតែអាចដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់វាបាន។

"នេះជារោគរាតត្បាតដំបូងបង្អស់ដែលបង្កឡើងដោយវីរុសកូរ៉ូណា។ គ្រប់ប្រទេសទាំងអស់ នៅតែអាចផ្លាស់ប្តូរទិសដៅនៃជំងឺរាតត្បាតនេះបាន។ វាជាជំងឺរាតត្បាតដំបូងដែលអាចគ្រប់គ្រងបាន"។ នេះបើតាមសម្តីរបស់លោក Tedros។

គួរឲ្យដឹងថា បច្ចុប្បន្ននេះករណីឆ្លងវីរុសកូរ៉ូណាកើនឡើងរហូតដល់ទៅជាង ១១៨ ០០០ករណី នៅក្នុង ១១៤ប្រទេស ហើយមនុស្សចំនួន ៤ ២៩១នាក់ហើយបានស្លាប់៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សេង ឡុង