ភ្នំពេញក្រោន​នៅ​តែ​ខ្លាំង ៥ ប្រកួត​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ឈរកំពូលតារាង

  • 2020-03-16 02:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើងឯក​លីគ​កំពូលកម្ពុជា៦សម័យ​កាល​​ ភ្នំពេញ​ក្រោន មិន​ទាន់​ស្គាល់​ពាក្យ​ថាចាញ់​ឡើយ ក្រោយ​ឆ្លង​កាត់​៥ប្រកួត​កន្លង​មក។

Paulo Victor ក្រហម/រូបភាពភ្នំពេញក្រោន

ភ្នំពេញក្រោន​ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​៥ប្រកួត​ចុងក្រោយ​នេះ ​ឈ្នះ​៤​ និង​ស្មើ​១ មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់ ខណៈ​ការប្រកួតល្ងាច​ម្សិលមិញ​ នៅកីឡដ្ឋាន Smart RSN ​ពួកគេ​បានយកឈ្នះ​ក្រុម​ភ្ញៀវ​អង្គរថាយហ្គ័រ ក្នុង​លទ្ធផល​ ១-០ មាន​១៣​ពិន្ទុ​ក្នុង​ដៃ ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន​ តាម​ពី​ក្រោយ​ដោយ​ព្រះខ័នរាជ​ស្វាយរៀង មាន​១៣​ពិន្ទុ វិសាខា​មាន៩ពិន្ទុ និង​អង្គរ​ថាយហ្គ័រ​មាន៨ពិន្ទុ។

ជំនួប​រវាង​ជើងឯក Hun Sen Cup ពីរសម័យកាល ភ្នំពេញ​ក្រោន និង​អង្គរថាយហ្គ័រ ក្នុង​សប្ដាហ៍​ទី​៥​ ពិត​ជា​ធ្វើ​ឱ្យ​ទស្សនិកជន​ជក់ចិត្ត ដ្បិត​​តង់​ទី​១ ក្រុម​ទាំង​ពីរ​​បាន​ដាក់​សម្ពោធ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​មាន​ឱកាស​ទាត់ និងមានបាល់បុករបារច្រើន​ដូច​គ្នា ប៉ុន្តែ​គ្មាន​សំណាង​។ ចូល​តង់​ទី​២ ក្រុម​ម្ចាស់​ផ្ទះ​ព្យាយាម​​សម្រុក រហូត​ដល់​នាទី​៥៦ កីឡាករ Paulo Victor ឆ្កឹះ​បាល់​ផុត​ដៃ​ យី ប៊ុនហេង អ្នកចាំទីអង្គរថាយហ្គ័រ ក្រោយ​ទទួល​​បាល់​បញ្ជូន​របស់​ប្រធាន​ក្រុម អន ចាន់ប៉ូលីន ជួយ​ឱ្យ​ភ្នំពេញ​ក្រោន​នាំ​មុខ​អង្គរថាហ្គ័រ​ ១-០។

អន ចាន់ប៉ូលីន ក្រហម/រូបភាពភ្នំពេញក្រោន

ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​សម្រាប់​ក្រុម​ភ្ញៀវ ព្រោះ Yudai Ogawa ត្រូវ​​បាន​កាត​ក្រហម បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​​ខ្សែ​បម្រើ​រូប​នេះ បុក​ក្បាល​​បុក​ទ្រូង​កីឡាករ Andres Nieto នៅ​ម៉ោង​បន្ថែម​៣នាទី មិន​អាចជួយ​ក្រុម​តាម​ស្មើបាន​ឡើយ។ ចប់​ការប្រកួត​ ភ្នំពេញ​ក្រោន​យក​ឈ្នះអង្គរថាយហ្គ័រ ១-០។

សូម​បញ្ជាក់ផង​​ដែរ​ថា ការ​ប្រកួត​ពាន​លីគកំពូលកម្ពុជា និងពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នឹង​ត្រូវ​សម្រាក​សិន ពោល​គឺ​​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២០។

នេះក៏ដោយសារកាលវិភាគជម្រុះ FIFA World Cup 2022 ដំណាក់កាលទីពីរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នៅថ្ងៃទី២៦ ខែមីនា និងទទួលអ៊ីរ៉ង់ នៅថ្ងៃទី៣១ ខែមីនា។ ផ្ទុយទៅវិញ FIFA និងសហព័ន្ធបាល់ទាត់អាស៊ី AFC បានព្រមព្រៀងលើកការប្រកួតទាំងអស់ទៅពេលក្រោយវិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ