ជាគំរូល្អ សហគមន៍ CCF របស់ Scott Neeson ចុះបាញ់ថ្នាំកម្ចាត់មេរោគកូវីដ១៩
- 2020-03-25 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាគំរូល្អ សហគមន៍ CCF របស់ Scott Neeson ចុះបាញ់ថ្នាំកម្ចាត់មេរោគកូវីដ១៩
ចន្លោះមិនឃើញ
សហគមន៍អង្គការមូលនិធិកុមារកម្ពុជា CCF ដែលមានស្ថានិកលោក Scott Neeson ចុះបាញ់ថ្នាំកម្ចាត់ និងបង្ការមេរោគកូវីដ១៩ក្នុងសហគមន៍របស់ខ្លួននៅតំបន់ចាក់សំរាមស្ទឹងមានជ័យ។
បើតាមប្រធានកម្មវិធីទំនាក់ទំនងរបស់ CCF លោក ហូយ លាងហ័ន បានបញ្ជាក់ប្រាប់ថា ខាងយើងចុះបាញ់ថ្នាំកម្ចាត់ និងបង្ការមេរោគកូវីដ១៩នៅតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នេះគឺជារៀងរាល់ ២ ឬ៣ ថ្ងៃម្តង។ នៅក្នុងសហគមន៍យើងមាន១៩ ទីតាំងផ្សេងៗគ្នា ដែលមានសរុប៤០០ខ្នងផ្ទះ និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅជាប់សហគមន៍មានជាង៣០០ខ្នងផ្ទះទៀត ដូចច្នេះយើងចុះបាញ់បែបលក្ខណៈវិលជុំ។ ការចុះបាញ់ថ្នាំនេះគឺយើងធ្វើឡើងដើម្បីចូលរួមបង្ការកូវីដ១៩ ហើយCCF មិនត្រឹមតែធ្វើការចុះបាញ់ថ្នាំនេះទេ ខាងយើងមានចែកជាសាប៊ូលាងដៃ ធ្វើកន្លែងលាងដៃ ទៅតាមសហគមន៍ មណ្ឌល សាលារៀន ការិយាល័យ និងបាញ់ថ្នាំទៅតាមមធ្យោបាយដឹកជញ្ជូនរបស់ក្មេងៗក៏ដូចជាគ្រួសាររបស់ពួកគាត់ផងដែរ។
“ជាក់ស្តែងនៅទីនេះ នៅតំបន់ស្ទឹងមានជ័យនេះ មិនទាន់មានកូវីដ១៩ផ្ទុះ និងមិនទាន់មានមនុស្សមានផ្ទុកវីរុសកូវីដ១៩ទេ ប៉ុន្តែសកម្មភាពរបស់យើងធ្វើរាល់ថ្ងៃ ការបាញ់ថ្នាំនេះ គឺធ្វើឡើងដើម្បីបង្ការ និងអប់រំឲ្យអ្នកភូមិយើងឲ្យយល់កាន់តែច្បាស់ពីជំងឺនេះ និងធ្វើយ៉ាងណាឲ្យទីនេះស្អាតជានិច្ច” លោក ហូយ លាងហ័ន បន្ថែម។
លោក លាងហ័ន បន្តថា គិតត្រឹមថ្ងៃ២៤ មីនា ឆ្នាំ២០២០ ម្សិលមិញខាងយើងបានចុះបាញ់បាន៧ថ្ងៃមកហើយ។ សម្រាប់ការបាញ់ថ្នាំសម្លាប់មេរោគនៅតាមសហគមន៍យើងនេះ CCF ទទួលបានការបណ្តុះបណ្តាលពីអង្គភាពការពារកុមារ Child Protection Unit (CPU) ដែលមានវេជ្ជបណ្ឌិតមកពីអូស្ត្រាលី មកបង្ហាត់បង្រៀនក្រុមការងាររបស់យើង ចំណែកសម្ភារៈគឺខាងយើងទិញ រហូតមកដល់ពេលនេះគឺមិនទាន់មានជំនួយមកពីដៃគូណាមួយនៅឡើយទេ៕