ចៅហ្វាយ​ក្រុង​អ៊ីតាលី​៖ UCL ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ឆ្លង​កូវីដ​-១៩

  • 2020-03-25 13:19:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Giorgio Gori ចៅហ្វាយ​ក្រុង​ Bergamo នៃ​ប្រទេស​អ៊ីតាលី​បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ​ការ​ប្រកួត​ UEFA Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រវាង​ក្លឹប​ Atalanta នឹង​ក្លឹប​ Valencia កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ​ ឆ្នាំ ២០២០ បង្ក​ឲ្យ​មនុស្ស​រាប់​ម៉ឺន​នាក់​ឆ្លង​កូវិដ-១៩។

លោក​ Gori បាន​និយាយ​ថា​ ៖ " ការ​ប្រកួត​រវាង​ក្លឹប​ Atalanta នឹង​ក្លឹប​ Valencia ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ​ប្រៀប​ដូច​ជា​គ្រាប់​បែក​ជីវសាស្ត្រ​មួយ​ ដែល​បណ្ដាល​ឲ្យ​ប្រទេស​អ៊ីតាលី​មាន​អ្នក​ឆ្លង​ជំងឺ​-១៩​ រាប់​ម៉ឺន​នាក់​ "។

ចៅហ្វាយ​ក្រុង​រូប​នេះ​បាន​បន្ត​ថា​ ៖ " នៅ​ពេល​ហ្នឹង​យើង​អត់​ទាន់​ដឹង​ថា​​កូរ៉ូណា​កើត​មាន​ឡើង​ទេ​ ទើប​តែ​ថ្ងៃ​ទី២៣​ ខែ​កុម្ភៈ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ទើប​រក​ឃើញ​មាន​អ្នក​ឆ្លង​លើក​ដំបូង​ម្នាក់​។​ ប្រសិន​បើ​ជំងឺ​ហ្នឹង​មាន​នៅ​ទីលាន​ប្រកួត​មែន​ ប្រាកដ​ជា​អ្នក​ទៅ​មើល​ចំនួន​ ៤៤,០០​០នាក់​នោះ​ឆ្លង​ហើយ​។​ គ្មាន​អ្នក​ណា​ម្នាក់​ដឹង​មុន​ទេ​ថា​ ជំងឺ​កូវីដ​-១៩​នេះ​មាន​នៅ​ក្នុង​ខ្លួន​យើង​រួច​មក​ហើយ​នោះ​ "។

យ៉ាង​ណា​មិញ​លោក​ Gori ក៏​បាន​ច្រាន​ចោល​ដែរ​ថា​ ការ​ប្រកួត​បាល់ទាត់​នេះ​ មិន​មែន​ជា​ប្រភព​តែ​មួយ​គត់​ដែល​អាចបណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​យ៉ាង​ខ្លាំងនៅ​ក្នុង​ប្រទេស​អ៊ីតាលី​ឡើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មក​ដល់​ពេល​ថ្មីៗ​នេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​និង​ ប្រទេស​អេស្ប៉ាញ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​រាប់​ពាន់​នាក់​ និង​ស្លាប់​រាប់​រយ​នាក់​ ដែល​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​មាន​ ៦៩,១៧៦ករណី​ និង​ស្លាប់​ ៦,៨២០​ករណី​ រី​ឯ​ប្រទេស​អេស្ប៉ាញ​វិញ​មាន​អ្នក​ឆ្លង​ដល់​ទៅ ៤៧,៦១០​ករណី​ និង​ស្លាប់​ ៣,៤៣៤ករណី​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី