លេង​សើច​ជាមួយ​កូន​ពេក កីឡាករ​ Stoke City ម្នាក់​ត្រូវ​បាន​ក្លឹប​បញ្ជា​ឲ្យ​លុប​គណនី Instagram

  • 2020-03-29 02:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ក្លឹប Stoke City កីឡាករ James McClean ត្រូវ​បាន​ក្លឹប​បង្គាប់​ឲ្យ​កាត់​ប្រាក់​ខែ​ចំនួន ២​សប្ដាហ៍ និង​បង្គាប់​ឲ្យ​លុប​គណនី Instagram ដោយសារ​តែ​រឿង​វិន័យ​ លើ​ការ​បង្ហោះ​នូវ​ខ្លឹម​សារ​មិន​សមរម្យ​។

កីឡាករ​រូប​នេះ​បាន​ពាក់​ស្រោម​មុខ Balaclava អម​ជាមួយ​នឹង​ខ្លឹមសារ​ថា "មេរៀន​ត្រូវ​រៀន​ថ្ងៃ​នេះ - ​ប្រវត្តិសាស្ត្រ​"។

ខាង​ក្លឹប​បាន​បង្ហោះ​សេចក្ដីថ្លែងការណ៍​ថា សាមី​ខ្លួន​បាន​ទទួល​ស្គាល់​កំហុស​ហើយ ប៉ុន្តែ​មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​លម្អិត​ជាង​នេះ​ទេ។

ស្រោម​មុខ​នេះ​ ​ជា​ស្រោម​មុខ​ប្រើ​ដោយ​អង្គការ​កងទ័ព​បណ្ដោះអាសន្ន​នៃ​សាធារណរដ្ឋ​អៀរឡង់​ ក្នុង​អំឡុង​ទសវត្ស​៦០ ដល់​ ៩០។ អង្គការ​នេះ​ធ្លាប់​ទាមទារ​ឲ្យ​ចក្រភពអង់គ្លេស​ ប្រគល់​ដែនដី​អៀរឡង់​ខាង​ជើង មក​ឲ្យ​សាធារណរដ្ឋ​អៀរឡង់ (អៀរឡង់​ខាង​ត្បូង​) កាន់​កាប់​វិញ។

សកម្មភាព​នៃ​ការ​ទាមទារ​របស់​ពួក​គេ​ បាន​ធ្វើ​ឡើង​អំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ និង​ទំនាស់​សាសនា នៅ​ដែនដី​អៀរឡង់​ខាង​ជើង ជាមួយ​អំពើ​ហិង្សា និង​ភេរវកម្ម ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ក៏​ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​ និង​ញាតិវង្ស​របស់​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស​ទៀត​ផង​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល McClean មាន​បញ្ហា​ ដោយសារ​តែ​រឿង​ស្មារតី​ប្រវត្តិសាស្ត្រ​នេះ។ កាល​ពី​លើក​មុន គេ​បាន​បដិសេធ​មិន​ពាក់​បូ Poppy ដែល​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​សម័យ​សង្គ្រាម។ គេ​យល់​ឃើញ​ថា វិញ្ញាណក្ខន្ធ​ជនជាតិ​អៀរឡង់​ខាង​ជើង ស្លាប់​ដោយ​ការ​បាញ់​សម្លាប់​ អំឡុង​បាតុកម្ម​ឆ្នាំ១៩៧២ គួរ​តែ​ត្រូវ​បាន​ចងចាំ​ផង​ដែរ៕

ប្រភព៖ គេហទំព័រ​ក្លឹប Stoke City

អត្ថបទ៖ ហ៊ីម រស្មី