គំរូល្អ! ភ្នាក់ងារ​វីង បន្ត​វប្បធម៌ចែករំលែក ខណៈវីរុសកូវីដ១៩ កំពុងរាតត្បាត

  • 2020-03-29 05:00:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនកំពុងជួបទុក្ខលំបាក ភ្នាក់ងារ វីង នៅបណ្តាខេត្តនានា និងនៅរាជធានី​ភ្នំពេញ បានស្ម័គ្រចិត្តធ្វើយុទ្ធនាការចែកអង្ករ ទឹកអាល់កុលលាងដៃ ប្រេងកូឡា និងថវិកាផ្ទាល់ខ្លួនមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតដើម្បីទប់ស្កាត់ការរីករាតត្បាតនៃវីរុស កូវីដ១៩ ។

អ្នកស្រី អេង ប៊ុនថា ដែលជាម្ចាស់ភ្នាក់ងារវីង ប៊្លូ អាយ ដែលស្ថិតនៅផ្លូវ៤៣០ នៅជិតសណ្ឋាគាររ៉េស៊ីដង់ រាជធានី​ភ្នំពេញ បានឲ្យដឹងថា ដោយមើលឃើញអត្រានៃការឆ្លងវីរុស កូវីដ១៩ ចេះតែបន្តជារៀងរាល់ថ្ងៃ អ្នកស្រីបានបរិច្ចាគអង្គរចំនួន៣០០kg អាលកុលលាងដៃ និងប្រេងកូឡាចែកជូនដល់បងប្អូនដែលកំពុងតែខ្វះខាត។

អ្នកស្រីបានឲ្យដឹងថាថា៖ «បងប្អូនអ្នកប្រកបរបររើសអេតចាយ និងអ្នករត់ម៉ូតូឌុបមួយចំនួនមិនអាចទិញម៉ាស់ អាល់កុលដើម្បីការពារខ្លួនពីការឆ្លងវីរុសកូវីដ១៩ បានឡើយ។ ក្នុងអំឡុងពេលដ៏ពិបាកនេះ ពួកគាត់មិនអាចរកប្រាក់កម្រៃបានសមរម្យដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ឡើយ។ ហេតុដូចច្នេះហើយគ្រួសាររបស់ខ្ញុំបានឧបត្ថម្ភអង្ករ ៣០០ គីឡូក្រាមដើម្បីចែកជូនដល់ពួកគាត់»។

ដោយមើលឃើញសន្តានចិត្តដ៏ប្រពៃរបស់អ្នកស្រី អ្នកជិតខាងរបស់អ្នកស្រីក៏បានចូលរួមឧបត្ថម្ភ ប្រេងកូឡា ទឹកអាល់កុលលាងដៃដើម្បីចែកជូនដល់បងប្អូនដែលកំពុងខ្វះខាតផងដែរ។ គិតត្រឹមថ្ងៃទី២៨ ខែមីនានេះ មានបងប្អូនជាង ១០០នាក់ហើយដែលបានទទួលអំណោយដ៏សប្បុរសធម៌ពីក្រុមគ្រួសារ និងអ្នកជិតខាងរបស់អ្នកស្រី។

លោកស្រី គង់ មុនីភក្តី ដែលជាម្ចាស់វីង ឈ្មោះ រតនៈ រង្សី នៅផ្សារឈូកមាស រាជធានីភ្នំពេញ បានរៀបចំចែកជូនជែលលាងដៃដល់អ្នកធ្វើដំណើរ និងអតិថិជនគាត់ជាប្រចាំ។ លោកស្រីបានឲ្យដឹងថា៖ «ខ្ញុំចែកជែលពួកគាត់នៅតាមហាងវីងរបស់ខ្ញុំទាំង ៤សាខាតែម្តង មួយថ្ងៃនៅតាមហាងនីមួយខ្ញុំចែកជូនអស់ប្រហែល ១០០ដប។ ក្រៅពីនេះខ្ញុំបរិច្ចាគថវិការទៅសមាគមន៍ផ្សេងៗដើម្បីជួយអ្នកទីទាល់ក្រផងដែរ»។

ដោយឡែកនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ វិញ ភ្នាក់ងារវីង ដែលបានមានស្លាកយយីហោ ងួន សីថា បាន ចែករំលែកទឹកអាល់កុលលាងដៃ និង ម៉ាស់ជាច្រើនដោយឥតគិតថ្លៃដល់អតិថិជន និងអ្នកធ្វើដំណើរផងដែរ។

មិនថាឡើយភ្នាក់ងារវីងនៅរាជធានាភ្នំពេញ សូម្បីតែបងប្អូនភ្នាក់ងារវីងនៅបណ្តាខេត្តនានាក៏ចូលរួមទុបស្កាត់ កូវីដ១៩ ផងដែរ។ តួយ៉ាងក្រុមគ្រួសាររបស់លោក លោក ឃិន លីហាក់ ម្ចាស់ភ្នាក់ងារវីង និងក្រុមគ្រួសាររបស់លោកក៏បានរួមចំណែកទឹកប្រាក់ចំនួន បួនលានរៀល សម្រាប់ជួយបងប្អូន ដែលកំពុងតែខ្វះខាត ស្ថិតក្នុងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ តាមរយៈលោកមេភូមិ ដោយមួយគ្រួសារៗអាចស្នើថវិកានេះបាន ១០ម៉ឺនរៀល។

លោកបានមានប្រសាសន៍​ថា៖ «នៅពេលដែលសង្គមរបស់យើងកំពុងទទួលរងការវាយប្រហារពីមេរោគកូវីដ១៩នេះ យើងមិនអាចឈរឱប​ដៃមើលបានឡើយ។ នៅពេលដែលយើងមានស៊ីគ្រប់គ្រាន់ហើយ យើងត្រូវតែចេះចែករំលែក ជាពិសេសក្នុងគ្រាដ៏លំបាកនេះ»។

ក្រៅពីនេះ ក៏នៅមានភ្នាក់ងារវីងនៅតាមកន្លែងផ្សេងដទៃទៀតនៅក្នុប្រទេសកម្ពុជា ដែលបានស្ម័គ្រចិត្តបរិច្ចាគថវិការផ្ទាល់ខ្លួនដើម្បីរួមចំនែកឧបត្ថម្ភដល់ប្រជាជនកម្ពុជាដែលខ្វះខាតបផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បាន​ឲ្យ​ដឹងថា កម្ពុជាបានរកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់ទៅ ១០៣ករណី៕