ទំនង​ជា​ដល់​ពេល​ហើយ! សាយ សៀរ៉ា ប្រកាសផ្អាកពីសិល្បៈទៅរៀបការហើយ

  • 2020-04-01 03:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​វ័យ​កណ្ដាល​រូប​សង្ហា លោក សាយ សៀរ៉ា ប្រកាស​ថា រូប​លោក​នឹង​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​ចាប់​ពី​ឆ្នាំ​២០២១ ពោល​គឺ​នៅ​ពេល​ដែល​លោក​មាន​វ័យ​៤០​ឆ្នាំ។ មូលហេតុ នៃ​ការ​ដើរ​ចេញ​ពី​ពិភព​សិល្បៈ​មួយ​រយៈ​នេះ ត្រូវ​បាន​លោក​បញ្ជាក់​ថា លោក​នឹង​ជ្រើស​រើសយក​នារី​ម្នាក់ជា​គូគាប់ ហើយ​រៀបការ​បង្កើត​ជាគ្រួសារ​តូច​មួយ។

សាយ សៀរ៉ា ដែល​ឆ្នាំ​នេះ​មាន​វ័យ​៣៩​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ប្រាប់ Sabay ថា កន្លង​ទៅ​លោក​ធ្លាប់​លួច​ស្រឡាញ់​នារី​ពីរ បី​នាក់​ដែរ តែ​ដោយ​ចិត្ដ​ស្រឡាញ់​សិល្បៈ ទើប​លោក​ពន្យារ​ពេល​គិតគូរ​រឿង​ជីវិត​ផ្ទាល់​ខ្លួន​រហូត​ដល់​វ័យ​នេះ។

ឥឡូវ​លោក​គិត​ច្បាស់​ហើយ​ថា នឹង​រៀបការ​ជាមួយ​នារី​អ្នក​ជំនួញ​ណា​ម្នាក់​នៅ​ឆ្នាំ​២០២១ ប៉ុន្ដែ​ពេល​នេះ​លោក​មិន​ទាន់​មើល​ឃើញ​នារី​ណា​ម្នាក់​នៅ​ឡើយ​ទេ។

នៅ​ក្នុង​ពិធី​មង្គលការ​របស់​តារា​សម្ដែង​ម៉ាក់ សែន​សូនីតា កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ គេ​ឃើញ​លោក សាយ សៀរ៉ា ​បណ្ដើរ និង​រួម​តុ​អាហារ​ជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ដែលគេស្គាល់ថាជាម្ដាយរបស់លោក​ទាំង​ទឹកមុខ​ស្រគត់ស្រគំ និង​ឯកា ខណៈដែលតារាផ្សេងៗមានគូត្រសង។

រូបភាព៖ ហ្វេសប៊ុក សាយ សៀរ៉ា

តារា​សម្ដែង​រូប​នេះ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​សម្ដែង​តួ​អង្គក្នុង​បទចម្រៀង​ខារ៉ា​អូខេ និងភាពយន្ត​តាំង​ពី​ឆ្នាំ​២០០៥។ សៀរ៉ា នឹង​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ​ដោយ​មិន​បាន​កំណត់​ពេល​ចូល​ប្រឡូក​វិញ។

ប៉ុន្ដែ​លោក​ថា ​ចិត្ដ និង​បេះដូង​របស់លោក​នៅ​តែ​ស្រឡាញ់​អាជីព​នេះ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​ការងារ​សិល្បៈ​មិន​សូវ​មាន​ហាងឆេង​សម្រាប់​សិល្បករ-សិល្ប​ការិនី​ដែល​មាន​វ័យ​កណ្ដាល​ដូច​ជា​រូប​លោកក៏​ដោយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ