បិទ​ប្រទេស​ទាំង​ស្រុង កម្មករ​ឥណ្ឌា​ដួល​ស្លាប់​ដោយ​សារដើរ​ជាង​២០០​គីឡូ​ដី ត្រលប់​ទៅ​ស្រុក

  • 2020-04-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ​ប្រុស​ឥណ្ឌា​ម្នាក់ បាន​ដួល​សន្លប់ និង​ស្លាប់នៅ​ពេល​កំពុង​ដើរ​ជាង​២០០​គីឡូ ត្រលប់​ទៅ​ផ្ទះ ខណៈ​ប្រទេស​នេះ​ទាំង​ស្រុង​កំពុង​បិទ​ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​វីរុស Covid 19។

មុន​នេះ​បន្តិច យោង​តាម​បណ្ដាញ​ព័ត៌មាន CNN ប្រទេស​ឥណ្ឌា​កំពុងអនុវត្ត​បិទ​ប្រទេស​ទាំង​ស្រុង​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស Covid 19។ ដោយ​សារ​តែ​ការ​បិទ​នេះ ប្រព័ន្ធដឹក​ជញ្ជូន ​យានជំនិះ​រដ្ឋ​ និង​ឯកជន​ទាំង​អស់​ត្រូវ​បាន​បិទ​ដូច​គ្នា។

ប្រការ​ខាង​លើ​បាន​ធ្វើ​ឲ្យ​កម្មករ​​ប្រទេស​ប្រជាជន​ពាន់​លាន​នាក់​នេះ បាត់​បង់​ការងារ ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង​ធំៗ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​វិញ។

នៅ​ក្នុង​ចំណោម​នោះ​ដែរ លោក Ranveer Singh គឺ​ជា​កម្មករ​ដឹក​ជញ្ជូននៅ​ទីក្រុង New Delhi។ នៅ​ពេល​បិទ​ប្រទេស លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Madya Pradesh វិញ​ដែល​ជា​ស្រុក​កំណើត។ ចំងាយ​ពី​ទីក្រុង ទៅ​ស្រុក​កំណើត​លោក គឺ​មាន​ចម្ងាយ ២៨៨​គីឡូ ប៉ុន្តែ​នៅ​ពេល​ដើរ​បាន ២១៥​គីឡូ លោក Ranveer ក៏​ដួល​សន្លប់ ហើយ​ស្លាប់​តែ​ម្ដង។

លទ្ធផល​កោសល្យវិច្ឆ័យ​បឋម​បាន​រក​ឃើញ​ថា លោក​ស្លាប់​ដោយ​សារ​គាំង​បេះដូង ដោយ​ពេទ្យបាន​ឲ្យ​ដឹង​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​គាំង​បេះដូង​នេះ គឺ​មក​ពី​លោក​ហត់​ខ្លាំង​ពេក។

ម្ចាស់​ហាង​លក់​អាហារ​តាម​ផ្លូវ​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចូល​សម្រាក​នៅ​ក្នុង​ហាង​របស់​ខ្លួន កម្មករ​ខាង​លើ​បាន​ប្រាប់​ថា​លោក​ឈឺ​ទ្រូង​ខ្លាំង​ណាស់ ហើយ​បាន​ស្លាប់​ភ្លាម​ៗ​ក្រោយ​ពេល​លោក​បន្ត​ចេញ​ដំណើរ​ទៅ​ស្រុក៕

អានបន្ត៖ ​ ប៉ូលិស​ឥណ្ឌា​ពាក់​មួក​រូប Covid-19 ដើម្បី​បន្លាច​ប្រជាជន

ប្រភព៖ BBC | Kenh14   ប្រែ​សម្រួល៖ Caramel