Covid 19 បាន​បង្រៀន​មេរៀន​ជីវិត​ដល់​ខ្ញុំ​ដ៏​ធំ​មួយ​គឺ ត្រូវ​មាន​លុយ​សន្សំ​ទុក​ក្នុង​ខ្លួន​ជា​និច្ច ទើប​ស្ងប់ចិត្ត

  • 2020-04-03 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ទាន់​មាន​ពេល​ណា ខ្ញុំ​ឃើញ​ថា លុយ​កាក់​អាច​នាំ​មកនូវ​សុភមង្គល និង​សេចក្ដី​ស្ងប់ចិត្ត​ដូច​នៅ​ពេល​មេរោគ Covid 19 កំពុង​វាយ​លុក​បច្ចុប្បន្ន​ឡើយ។

ទើប​តែ​ប៉ុន្មាន​សប្ដាហ៍​មុន​សោះ យើង​គ្រប់​គ្នា​នៅ​ពេល​ប្រទេស​ចិន​រង​ការ​ប៉ះពាល់​ដោយ​មេរោគ Covid 19 នៅ​ឡើយ ប៉ុន្តែ​នៅ​ពេល​នេះ កាលៈទេសៈ​ត្រូវ​បាន​ផ្លាស់​ប្ដូរ ដោយ​យើង​នៅ​ពេល​នេះ​ទើប​ជា​អ្នក​រង​ផល​ប៉ះពាល់​ពី​រោគ​ដ៏​កាច​សាហាវ​នេះ។

ដោយ​សារ​តែ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​ចាប់​ផ្ដើម​អនុវត្ត​វិធាន​ការ​បិទ​ប្រទេស​ទាំង​ស្រុង​ដើម្បី​ទប់ទល់មេរោគ​មួយ​នេះ។ អាស្រ័យ​ហេតុ​នេះ មនុស្ស​គ្រប់​គ្នា គ្រួសារ​គ្រប់​គ្រួសារ នាំ​គ្នា​សម្រុក​ទិញ​ម្ហូបអាហារ​ ក៏​ដូច​ជា​សម្ភារៈ​ចាំបាច់​ស្ដុក​ទុក​ក្នុង​ផ្ទះ ចៀស​វាង​កាលៈទេសៈ ចេញ​ពី​ផ្ទះ​មិន​បាន។

តែ​តថភាព​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ពិត​ដ៏​ឃោរឃៅ​មួយ​ថា ការ​ទិញ​ស្ដុក​ខាង​លើ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មនុស្ស​មាន​លទ្ធភាព អ្នក​មាន​គេហដ្ឋាន​សម្រាប់​ជ្រក​កោន។ ចុះ​សម្រាប់​អ្នក​រស់​មួយ​ថ្ងៃ​ គិត​មួយ​ថ្ងៃ ហើយ​ស្នាក់​នៅ​ក្រោម​ស្ពាន តាម​សំយ៉ាប​ផ្ទះ​អ្នក​ដទៃ សួរ​ថា​ពួក​គេ​មាន​លុយ​កាក់​ឯ​ណា​ទិញ​ឥវ៉ាន់​ស្ដុក ហើយ​មាន​កន្លែង​ឯ​ណា​សម្រាប់​ផ្ទុក​ទំនិញ។

សម្រាប់​អ្នក​ដែល​រស់​មួយ​ថ្ងៃ​គិត​មួយ​ថ្ងៃ ខ្ញុំ​នឹង​មិន​និយាយ​ឡើយ ដ្បិត​​ពួក​គាត់​គ្មាន​ជម្រើស​ក្រៅ​ពី​នេះ។ យ៉ាងណាក្ដី នៅ​មាន​មជ្ឈដ្ឋាន​មួយ​ទៀត ដែល​រក​ចំណូល​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ ឬ​មួយ​ខែ ប៉ុន្តែ​ពួក​គេ​គ្មាន​បំណង​សន្សំ​សម្រាប់​គ្រា​អាសន្ន​ឡើយ ដោយ​ឃើញ​សប្បាយ​ចំពោះ​មុខ​ជា​ធំ​មុន។ ជាក់​ស្ដែង រាល់​ពេល​ទទួល​បាន​លុយ​មួយ​ចំនួន​ធំ ពួក​គេ​នឹង​ចាយ​សប្បាយ​តែ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង ហើយ​សល់​ប៉ន្មាន​ទើប​ចាយ​ត្បៀត​ដល់​ចុង​ខែ ឬ​ដល់​ចុង​ខែ​ចាំ​ខ្ចី​គេ​ចាយ​ក៏មាន។

ការ​ធ្វើ​ដូច​នេះ ទោះ​បី​ជា​ពួក​គេ​មាន​ចំណូល​ធំ​រៀងរាល់​ខែ​ក្ដី តែ​នៅ​ក្នុង​គ្រា​ត្រូវ​ការ​លុយ​ទំនុកបម្រុង ពួក​គេ​នឹង​គ្មាន​លុយ​សាគួរ​ក្នុង​ខ្លួន​ឡើយ។ ទន្ទឹម​នឹង​នេះ ដោយ​សារ​តែ​ស្ថិត​ក្នុង​គ្រា​អាសន្ន​ដូច​គ្នា ហេតុ​នេះ​ហើយ អ្នក​ដទៃ​ក៏​មាន​ភាព​ក្រែង​រអែង​ក្នុង​ការ​ឲ្យ​ខ្ចី​ដូច​នេះ។

នៅ​ក្នុង​កាលៈទេសៈ​ដូច​បច្ចុប្បន្ន ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​ចាយ​ត្បិតត្បៀត​របស់​ខ្ញុំ​ប្រចាំ​ខែ ដែល​តែង​ត្រូវ​ក្រុម​មិត្តភ័ក្ដិ​រិះគន់​ជា​ប្រចាំ​នោះ ទើប​មាន​ប្រយោជន៍​ពិត​មែន ដ្បិត​ខណៈ​ក្រុម​មិត្ត​ភ័ក្ដិ​របស់​ខ្ញុំ​ដែល​កំពុង​រត់​ទៅ​លិច រត់​ទៅ​កើត​ដើម្បី​បង្វិល​លុយ​ទិញ​ម្ហូប​ស្ដុក​ក្នុង​ផ្ទះ​នោះ ខ្ញុំ​អាច​ប្រើ​លុយ​សាគួរ​ដែល​មាន​ស្រាប់​យ៉ាង​ស្ងប់​ចិត្ត។ ព្រោះ​យ៉ាងហោច​ណាស់ ខ្ញុំ​ដឹង​ថា លុយ​សាគួរ​នេះ អាច​ជួយ​ឲ្យ​គ្រួសារ​ខ្ញុំ មាន​ម្ហូប​គ្រប់​គ្រាន់​យ៉ាង​តិច​ក្នុង​រយៈ​ពេល​៦​ខែ​ដែរ៕

អានបន្ត៖ ​ នៅផ្ទះច្រើនថ្ងៃគ្មានអ៊ីនអឺណេតអផ្សុក អាចសាកវិធីទាំងនេះដើម្បីសប្បាយរីករាយវិញ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel