McGregor បោះសម្ដី​ទៅ Khabib ជា​មាន់​​កំសាក​ មិន​ហ៊ាន​មក​ប្រកួត​ការពារ​ខ្សែ​ក្រវាត់

  • 2020-04-03 03:31:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor បាន​​​និយាយ​ផ្លែផ្កា​ទៅ​កាន់​ Khabib Nurmagomedov ថា​ជា​មាន់​កំសាក មិន​ហ៊ាន​មក​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ UFC lightweight របស់​ខ្លួន​ទល់​នឹង Tony Ferguson នៅ​​ខែ​នេះ។

Khabib បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ពុធ​ថា គេ​កំពុង​​ជាប់​គាំ​នៅ​ប្រទេស​រុស្សី​​ដើម្បី​ថែ​ខ្លួន​នៅ​ដាច់​ដោយ​ឡែក និង​ពិបាក​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រកួត​កម្មវិធី​ UFC 249 ដែល​ត្រៀម​រៀបចំ​នៅ​ថ្ងៃ​ទី ១៨ ខែ មេសា​ព្រោះ​បារម្ភ​សុវត្ថិភាព​សុខភាព​ ខណៈ​ទីតាំង​ប្រកួត​កំពុង​គិត​គូ។

លោក​ Dana White ដែល​ជា​ប្រធាន​របស់ UFC នៅ​តែ​ទទូច​ចង់​ឲ្យ​កម្មវិធី​នេះ​ដំណើរការ​ទៅ​មុខ ត្បិត​ពិភពលោក​កំពុង​ជួប​ជំងឺ​រាតត្បាត ដែល​បង្ខំ​​ចិត្ត​ផ្លាស់​ទីតាំង​ប្រកួត​ពី​ទីក្រុង Brooklyn របស់​អាមេរិក។ ទន្ទឹម​នឹង​ការ​ស្ទាក់ស្ទើរ​ចិត្ត​របស់ Khabib ដៃ​គូ​ប្រជែង​ McGregor បាន​បោះ​សម្ដី​ឌឺ​ដង​មួយ​ចំនួន។

បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter កីឡាករ​សញ្ជាតិ​អៀរឡង់​​និយាយ​ថា បញ្ហា​​ពិត​នៅ​ពេល​នេះ Tony និង​ Khabib ជា​​មាន់​ក្នុង​ការ​ប្រកួត​មួយ​រង​ចាំ​​តែ​ស្នូរ​កណ្ដឹង​ប៉ុណ្ណោះ។ តែ Khabib ជា​មាន់​កំសាក​រត់​ចេញ​ពី​ការ​ប្រកួត។ Khabib បាន​រត់​ពី​អាមេរិក​ទៅ​ផ្ទះ​នៅ​រុស្សី ហើយ​ធ្វើ​ជា​លើក​វិបត្តិ​មិន​មក​ប្រកួត។ អបអរ Tony។

ជំនួប​រវាង Khabib និង Tony ត្រូវ​បាន​ណាត់​៥​លើក​មក​ហើយ តែ​បរាជ័យ​មិន​បាន​ប្រកួត​ទាំង​អស់។ ចំពោះ McGregor និង Khabib តែងតែ​បោះ​សម្ដី​ដាក់​គ្នា​ជា​រឿយ ក្នុង​គោលបំណង​ចង់​ប្រកួត​សងសឹក​គ្នា​ម្ដង​ទៀត៕​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ