ម្នាក់​ៗ​ចង់​ក្ស័យ​ធន​ដោយ​សារ​តែ Covid-19 តែ មាន សូនីតា ស្រាប់​តែ​មាន​លាភ​ធំ​បាន​ប្រាក់​ទាំង​ម៉ឺន

  • 2020-04-06 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

បើ​ទោះ​ម្នាក់​ៗ​ស្រែក​ត្អូញ​ពិបាក​រក​ប្រាក់​ចំណូល​ដោយ​សារ Covid-19 ប៉ុន្តែ​ងាក​មក​តារា​ស្រី​ដែល​មាន​រហស្សនាម​រាជិនី​ក្រមា​ឯណេះ​វិញ ស្រាប់​តែ​មាន​លាភ​ធំ​ចូល បាន​ប្រាក់​ទាំង​ម៉ឺន​ទៅ​វិញ ដោយ​ក្នុង​នោះ គឺ​ដោយ​សារ​តែ​នាង​ទទួល​បាន​កុង​ត្រា​ការងារ​ដ៏​ធំ​មួយ​នឹក​ស្មាន​មិន​ដល់។

តាម សូនីតា តាម​ពិត​ដោយ​ទៅ​ប្រាក់​ចំណូល​របស់​នាង​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដែរ តាំង​ពី Covid-19 បាន​ចូល​មក​ដល់​ប្រទេស​កម្ពុជា ព្រោះ​ថា​ការងារ​សិល្បៈ​របស់​នាង​មួយ​ចំនួន​ត្រូវ​បាន​ពន្យារ ឬ​លើក​ពេល ហើយ​មុខ​ជំនួញ​លើ​គម្រោង "ស្រឡាញ់" របស់​នាង​ក៏​ប៉ះពាល់​ដូច​គ្នា គ្រាន់​តែ​ថា ការ​ប៉ះពាល់​នោះ នៅ​កម្រិត​អាច​គ្រប់​គ្រង​បាន។ ម្យ៉ាង​ទន្ទឹម​ការ​ប៉ះ​ពាល់​លើ​អាជីព និង​អាជីវកម្ម​ដែល​ដំណើរ​ការ​រួច​ហើយ​នោះ នាង​ក៏​រំលេច​បាន​សមិទ្ធផល​ថ្មី​ខ្លះ​ៗ​ដែរ ទើប​នាង​មិន​លំបាក​ខ្លាំង។ ជាក់​ស្ដែង​ថ្មី​នេះ នាង ទើប​តែ​ទទួល​បាន​កុង​ត្រា​ការងារ​ដ៏​ធំ​មួយ។

តាម​ព័ត៌មាន​ដែល​ទទួល​បាន មាន សូនីតា ទើប​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ឯកទេស​ថែ​រក្សា​សម្ផស្ស​មួយ​មាន​ឈ្មោះ​ថា “TRE” ជ្រើសរើស​ធ្វើ​ជា​តារា​តំណាង​ផលិតផល​របស់​ខ្លួន​មាន​រយៈ​ដល់​ទៅ ៣​ឆ្នាំ​ឯណោះ។ តាម​កុងត្រា​នេះ មាន​ការ​ប៉ាន់​ប្រមាណ​ថា សូនីតា អាច​នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​ហត់នឿយ​រយៈ​ពេល​៣​ឆ្នាំ ខ្ទង់​ជិត ១០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

សូនីតា បាន​សុំ​សិទ្ធិ​មិន​អធិប្បាយ​លើ​ប្រាក់​ថ្លៃ​ពលកម្ម​របស់​នាង​ ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា នាង​ពិត​ជា​ទើប​បាន​កុងត្រា​ខាង​លើ​រយៈ​ពេល​៣​ឆ្នាំ​ពិត​មែន​លើ​ផលិតផល​ចំនួន​២ គឺ​ដំណាប់ និង​សំបុក​ត្រចៀក​កាំ។ ការងារ​នេះ ភាគី​ទាំង​សងខាង​ទើប​តែ​ព្រមព្រៀង​គ្នា​នៅ​រយៈ​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ហើយ​វា​បាន​ក្លាយ​ជា​សមិទ្ធផល​ការងារ​ធំ​ទី​១​នៅ​ក្នុង​ឆ្នាំ ២០២០ ពិសេស​ក្នុង​ដំណាក់​កាល​ដ៏​ពិបាក​បណ្ដាល​មក​ពី Covid-19។

រាជិនី​ក្រមា បញ្ជាក់​ថា សមិទ្ធផល​នេះ បាន​ប៉ះប៉ូវ​ខ្លះ​លើ​ការ​ធ្លាក់​ចុះ​ចំណូល​ដោយ​សារ​វិបត្តិ​មេរោគ​សាហាវ​ដែល​បាន និង​កំពុង​គំរាម​កំហែង​ពិភព​លោក។ ដូច្នេះ​ហើយ នាង​លើក​ឡើង​ថា នាង​ពិត​ជា​រីករាយ​ចំពោះ​កិច្ច​ព្រមព្រៀង​ការងារ​ខាង​លើ​ជាមួយ TRE គ្រា​នេះ។ ប៉ុន្តែ​ជាមួយ​គ្នា នាង​ក៏​មាន​ការ​បារម្ភ​ខ្លះ​ដែរ។ "ចាស​...បើ​និយាយ​ពី​អារម្មណ៍​វិញ គឺ​មាន​ទាំង​ពីរ គឺ​សប្បាយ​ចិត្ត​បង...ភ័យ​ផង...ព្រោះ​ជា​ការងារ​ទី​១​ជាមួយ​ក្រុមហ៊ុន​ផ្នែក​អនឡាញ មិន​ដឹង​ថា អាច​ធ្វើ​ឲ្យ​គេ​បាន​ប៉ុណ្ណា អី​ប៉ុណ្ណី​អីចឹង​ណា​បង ព្រោះ​ជា​ការងារ​ដំបូង...!”។

តាម​ពិត​ទៅ បើ​តាម​កញ្ញា មាន សូនីតា បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ក៏​បាន​មក​ទំនាក់ទំនង​នាង ក្នុង​បំណង​យក​នាង​ទៅ​ធ្វើ​ការងារ​ក្នុង​តំណែង​ដូច​គ្នា​នេះ​ដែរ។ ប៉ុន្តែ​ចុង​ក្រោយ នាង​ក៏​បាន​សម្រេច​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ខាង​លើ ក្រោយ​ពី​បាន​សិក្សា​មើល​ពី​សក្ដានុពល​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​ហើយ ពួក​គេ​ទាំង​ពីរ​បាន​សម្រេច​ចុះ​កិច្ច​ព្រមព្រៀង​ការងារ​ជាមួយ​គ្នា​ឆ្នាំ​ទី​១​រួច​រាល់​កាល​ពី​ពេល​ថ្មី​ៗ។

តាម សូនីតា ពួក​គេ​នឹង​បន្ត​កិច្ច​ព្រមព្រៀង ១​ឆ្នាំ​ម្ដង រហូត​ដល់​គ្រប់ ៣​ឆ្នាំ​នៃ​ការ​ឯកភាព​រវាង​គ្នា។ នេះ​ជា​សមិទ្ធផល​ការងារ​ធំ​ទី​១ ពោល​គឺ​ជា​តារា​តំណាង​ផលិតផល​ទី​១​ដែល​នាង​សម្រេច​បាន​នា​ដើម​ឆ្នាំ ២០២០។ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ឆ្នាំ​ចាស់ តារា​ស្រី ក៏​បាន និង​បន្ត​កាន់​តួនាទី​ជា​តារា​តំណាង​ផលិតផល​ឲ្យ​ក្រុម​ហ៊ុន​៣-៤ ក្រុម​ហ៊ុន​រួច​ទៅ​ហើយ​ដែរ នៅ​ក្នុង​នោះ មាន​ទាំង​ផ្នែក​ទោចក្រយានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក៕

រូបភាព៖ ហ្វេសប៊ុក សូនីតា

អត្ថបទ៖ ទារិកា