សរុបដំណឹងអំពី Toyota Tundra ស៊េរីឆ្នាំ ២០២២ ដែលប្ដូររូបរាងថ្មី

  • 2020-04-06 08:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​រំពឹង​ថា​ Toyota ​នឹង​ប្រកាស​ចេញ​រថយន្ត​ Tundra ជំនាន់​ថ្មី​មាន​រចនាបថ​រូបរាង​ថ្មី​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០២១ ខាង​មុខ​នេះ ដែល​ការ​ចេញ​លក់​នឹង​ចាប់​ផ្ដើម​នៅ​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០២១ ដោយ​លក់​ជា​ម៉ូដែល​ពាក់​កណ្ដាល​ឆ្នាំ ២០២២។ ត​ទៅ​នេះ​គឺ​ជា​ដំណឹង​ខ្លះៗ​ដែល​គេ​បាន​ដឹង​ទាក់ទង​នឹង​ Tundra ជំនាន់​ថ្មី ៖

ការ​ឌីហ្សាញ​របស់ Tundra ជំនាន់​ថ្មី​នឹង​​ជា​ការ​រួម​បញ្ចូល​គ្នា​នៃ​រថយន្ត RAV4 និង Highlander ជំនាន់​ចុង​ក្រោយ។ អំឡុង​ភ្លើង LED ផ្នែក​ខាង​មុខ​នឹង​មាន​​រុំ​ព័ទ្ធ​ទៅ​ដោយ​អំពូល DRL ដែល​មាន​រាង​ជា​អក្សរ​ C ដោយ​មាន​អំពូល​​ភ្លើង​មេ​ស្ថិត​នៅ​ផ្នែក​លើ​គេ។ ចំណែក​ផ្ទាំង​ប៉ាណា​ខាង​មុខ​មាន​ជា​ការ​ក្រូម៉េ​នៅ​ជុំវិញ ហើយ​ផ្លាស់​ប្ដូរ​រចនាបថ​ខុស​ពី​ជំនាន់​បច្ចុប្បន្ន។

រូបភាព Concept នៃ Tundra ឆ្នាំ ២០២២

រថយន្ត​ភីកអាប់​ជំនាន់​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ F1 ដែល​នឹង​មាន​ប្រើ​ប្រាស់​លើ​រថយន្ត Tacoma និង​រថយន្ត​ Sequoia ជំនាន់​ថ្មី​ដែរ។ គ្រោង​ឆ្អឹង​ថ្មី​នេះ​មាន​ទំហំ​ទូលាយ​ជាង​មុន ​ហើយ​មាន​​កាប៊ីន​ដែល​រឹងមាំ​ទៀត​ផង។

ចំពោះ​ផ្នែក​ម៉ាស៊ីន​វិញ គឺ​វា​នឹង​មាន​ជា​ប្រភេទ​ម៉ាស៊ីន​ដែល​ធ្លាប់​ប្រើ​ប្រាស់​លើ​ម៉ាក​រថយន្ត Lexus យ៉ាង​ទូលំទូលាយ​ នោះ​គឺ​ប្រព័ន្ធ​​ម៉ាស៊ីន Hybrid ​ចំណុះ ៣,៥ លីត្រ V6 ហើយ​មាន​​ប្រព័ន្ធ​​ម៉ាស៊ីន Hybrid​ Twin-Turbo ៣,៥ លីត្រ V6 ដែល​អាច​ផលិត​កម្លាំង​បាន ៤៥០ សេះ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នោះ​ទេ​ថា​ម៉ាស៊ីន​ Hybrid ទាំង​ពីរ​នេះ​គឺ​ចូល​មក​ជំនួស​ប្រភេទ​ម៉ាស៊ីន ៤,៦ លីត្រ និង ៥,៧ លីត្រ ដែល​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។

តម្លៃ​របស់ Tundra ជំនាន់​ថ្មី​ស៊េរី​ឆ្នាំ ២០២២ នេះ​រំពឹង​ថា​នឹង​ឡើង​​ថ្លៃ​លើស​ស៊េរី​បច្ចុប្បន្ន ប៉ុន្តែ​នឹង​នៅ​តែ​ស្ថិត​នៅ​កម្រិត​តម្លៃ​ប្រកួតប្រជែង​មួយ៕ ​​​

​​

អត្ថបទ៖ សុខហេង