Toyota C-HR ម៉ូដែលពិសេសមួយ ចេញលក់នៅថៃ មានតែ២០០គ្រឿងគត់

  • 2020-04-07 06:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota Motor Thailand បានបញ្ចេញលក់រថយន្ត C-HR ម៉ូដែលពិសេសមួយហៅថា Karl Lagerfeld នៅក្នុងប្រទេសថៃ ជាមួយនឹងចំនួនមានកំណត់ គឺត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ។

រថយន្ត Toyota C-HR Karl Lagerfeld នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១,២លានបាត ឬប្រហែលខ្ទង់ ៣៧ ២០០ដុល្លារ។ រថយន្តម៉ូដែលពិសេសនេះត្រូវបានដាក់ឈ្មោះតាមអតីតអ្នកឌីហ្សាញដ៏ល្បីឈ្មោះ ដែលបានស្លាប់កាលពីឆ្នាំមុន ដោយក្នុងនោះវាបានបំពាក់លក្ខណៈពិសេសៗជាច្រើន។

C-HR Karl Lagerfeld មានតួខ្លួនខាងក្រៅពណ៌ខ្មៅ ព្រមទាំងកាប៊ីនខាងក្នុងពណ៌ខ្មៅផងដែរ ខណៈដំបូល, គម្របកញ្ចក់ចំហៀង, កាងចំហៀង និងកាងខាងមុខមានពណ៌សវិញ។ វាបំពាក់យ៉ាន់ប្រភេទ Alloy ទំហំ១៧អ៊ីងពណ៌ខ្មៅ ព្រមទាំងបិទឡូហ្គូ Karl Lagerfeld នៅគូទក្រោយរថយន្ត, លើតាប្លូ និងកៅអី ដើម្បីបញ្ជាក់ថាជាម៉ូដែលពិសេស។

រថយន្ត SUV ខ្នាតតូចខាងលើ បំពាក់ម៉ាស៊ីនប្រភេទ Hybrid ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ១២០សេះ។ វាក៏បំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើនទៀត ដូចជា ចង្កៀង LED, Smart Key, កុងទ័រឌីជីថលទំហំ ៤,២អ៊ីង, អេក្រង់ Touchscreen ទំហំ ៧អ៊ីង, ពោងសុវត្ថិភាព ៧គ្រាប់ ព្រមទាំងមុខងារសុវត្ថិភាពមួយចំនួន រួមទាំង VSC, ABS, Traction Control, Hill-start Assist Control, EBD, Lane Departure Alert, Adaptive Cruise Control, Blind Spot Monitor, Rear Cross Traffic Alert, Tyre Pressure Monitoring System និង Pre-collision System៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង