ONE Championship ​ប្រកាស​​ពន្យារ​ពេល​​ការ​ប្រកួត​បិទ​ទ្វារ​​ចំនួន​ពីរ​នា​ខែ​​មេសា​នេះ

  • 2020-04-07 06:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ONE Championship ​បាន​ប្រកាស​សម្រេច​ពន្យារ​ពេល​​​​​ចំពោះ​​ព្រឹត្តិការណ៍​ប្រកួត​បិទ​ទ្វារ​ ​ឬ ​ការ​ប្រកួត​មិន​មាន​ទស្សនិកជន​ទស្សនា​​ចំនួន​ពីរ​​​ដែល​គ្រោង​រៀប​ចំ​នៅ​ខែ​មេសា​ ឆ្នាំ២០២០​ នេះ។ ​ព័ត៌មាន​ការ​ពន្យារ​​​នេះ​​ត្រូវ​​បាន​ប្រកាស​ឡើង​​នៅ​​លើ​ទំព័រ​​ Facebook ​ផ្លូវ​ការ​​​របស់​ប្រធាន​និង​​ ជា​​នាយក​ប្រតិបត្តិ​ ​ONE Championship​ ​លោក​ Chatri Sityodtong។

​​នេះ​ជា​រឿង​មួយ​​ដ៏​ខក​​ចិត្ត​ដែល​ ONE Championship ​ត្រូវ​ពន្យារ​ពេល​ការ​ប្រកួត​ដោយ​មិន​មាន​ទស្សនិកជន​​នា​ខែ​មេសា​នេះ​​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​​​នៃ​មេរោគ​ COVID-19។ ​​​ក្នុង​គោល​ដៅ​រឹត​បន្តឹង​​កុំ​ឲ្យ​​រាលដាល​​មេរោគ​ឆ្លង​ Covid-19 ​រដ្ឋាភិបាល​សិង្ហបុរី ​បាន​ប្រកាស​​​​និង​បញ្ជា​​​បិទ​ប្រទេស​​ដែល​ចូល​ជា​ធរមាន​​​ចាប់​ថ្ងៃ​ទី​ ៧​ ខែ​ មេសា​ ​តទៅ។ ក្នុង​​គ្រា​នេះ​ ​មាន​តែ​ផ្នែក​បម្រើ​សេវា​កម្ម​មួយ​ចំនួន​​នៅ​ដំណើរ​​ការ​​ធម្មតា​ដូច​ជា ​​ចំណី​​អាហារ​ ​​ការ​ថែ​ទាំង​សុខភាព​ និង ​ការ​ធ្វើ​ដំណើរ។ ​​លើស​ពី​នេះ​ទៅ​ទៀត​ ប្រទេស​ធំ​ៗ​ជា​ច្រើន​ដូច​ជា ​ចិន ​ថៃ ​សិង្ហបុរី​ ​អូស្ត្រាលី​ ​រុស្សី ​ឥណ្ឌា​ ​វៀតណាម​ ​​និង​​ជប៉ុន​​ជា​​ដើម​នោះ​​សុទ្ធ​តែ​បិទ​ព្រំដែន​របស់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ដើម្បី​ឲ្យ​ស្ថានការណ៍​ធូរ​ស្រាល។

លោក​​ Sityodtong ​បាន​​​​​​រៀបរាប់​នៅ​លើ​​បណ្ដាញ​សង្គម​បែប​នេះ​​ ៖«​យើង​កំពុង​​រស់​នៅ​ក្នុង​ស្ថានភាព​មិន​​អំណោយ​ផល​មួយ។ ​ប៉ុន្តែ​ដំណឹង​​​​នេះ​នឹង​ត្រលប់​មក​វិញ​បន្ទាប់​ពី​មេរោគ​កូរ៉ូណា​​​ត្រូវ​ថមថយ។ ​​ហើយ​​ត្រូវ​តែ​ច្បាស់​ក្នុង​ចិត្ត​ថា​ វា​​ត្រូវ​មាន​ភាព​ចំ​បាច់​ដើម្បី​ធ្វើ​ការ​ជា​មួយ​គ្នា​ឲ្យ​ស្អិតល្មួត​។ ​ហើយ​យើង​ម្នាក់​​ៗ​ត្រូវ​តែ​​គោរព​ដល់​ការ​សម្រេច​ចិត្រ​​ពី​​រដ្ឋា​ភិបាល​​នៃ​ប្រទេស​របស់​ខ្លួន ​ត្រូវ​​​ស្នាក់​នៅ​ដាច់​​ដោយ​​ឡែក ​និង​ ​ថែ​រក្សា​​អនាម័យ​​ឲ្យ​បាន​ល្អ​ជា​ប្រចាំ។ ​ ​មេរោគ​មិន​អាច​បន្ត​រាល​ដាល​តទៅ​ទៀត​បាន​ទេ​បើ​សិន​ជា​យើង​​ស្នាក់​នៅ​ផ្ទះ។ ​ វា​ជា​រឿង​​ដ៏​សាមញ្ញ​មួយ។ ​សូម​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ Covid-19 ​ក្នុង​នាម​​យើង​ជា​គ្រួសារ​របស់ ONE ទាំង​អស់​គ្នា»។

​ដោយ​សារ​តែ​មេរោគ​ឆ្លង​ COVID-19 ​សិង្ហបុរី​​​នឹង​បិទ​ប្រទេស​នា​សប្ដាហ៍​នេះ​​តម្រូវ​ឲ្យ​ ​ONE Championship ​ដែល​ជា​​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​​ ​ពន្យារ​ពេល​កម្មវិធី​ចំនួន​ពីរ​​រួម​មាន​ ONE: HOPE ​និង​ ONE: STRENGTH។ ​ព្រឹត្តិការណ៍​ប្រកួត​នេះ​​ត្រូវ​​គេ​គ្រោង​រៀប​ចំ​ការ​ប្រកួត​នៅ​ថ្ងៃ​​សុក្រ​​ទី​ ១៧ មេសា ​និង​ ២៤​ មេសា ​នៅ​ប្រទេស​​សិង្ហបុរី។ ​ការ​ផ្លាស់​ប្ដូរ​ពេល​​នៃ​ព្រឹត្តិការណ៍​ទាំង​ពីរ​នឹង​ត្រូវ​ប្រកាស​​​ជា​បន្ទាប់​ទៀត។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​​បន្ត​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​ ​មាន​​ការ​ផ្សាយ​​ផ្ទាល់​​តាម​រយៈ Facebook, Twitter, YouTube,​និង ONE Super App៕ ​

អត្ថបទ៖ ​​ស៊ីធី