មើលតម្លៃត្រកូល OnePlus 8 ទើបលេចធ្លាយ មិនថោកប៉ុន្មានឡើយ

  • 2020-04-09 04:02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៦ ថ្ងៃ​ទៀត​ប៉ុណ្ណោះ OnePlus 8 និង OnePlus 8 Pro នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ។ ប៉ុន្តែ​គេ​ដឹង​មុន​អំពី​លក្ខណៈ​សម្បត្តិ​និង​ចំណុច​ពិសេស​របស់​​តាម​រយៈ​ការ​លេច​ធ្លាយ​មិន​ចេះ​ចប់ ហើយ​ថ្ងៃ​នេះ​ប្រភព​ចេញ​ពី Roland Quandt បាន​បង្ហាញ​អំពី​តម្លៃ​របស់​ស្មាតហ្វូន​ជំនាន់​ថ្មី​ទាំង​ពីរ។

OnePlus 8

ផ្អែក​តាម​ដំណឹង​ដែល Roland Quandt ទទួល​បាន​ពី​ហាង​លក់​រាយ​មួយ​នៅ​អឺរ៉ុប​ បាន​ឲ្យ​ដឹង​ថា​ OnePlus 8 RAM8GB/ROM128GB គឺ​មាន​តម្លៃ​​ ៧១៩ អឺរ៉ូ និង​ ៧២៩ អឺរ៉ូ នៅ​ទូទាំង​អឺរ៉ុប​អាស្រ័យ​លើ​ទីផ្សារ​នីមួយៗ។ ចំណែក​ប្រភេទ RAM12GB/ROM256GB គឺ​មាន​តម្លៃ​ចន្លោះ​ពី ៨១៩ អឺរ៉ូ និង ៨២៩ អឺរ៉ូ។

តម្លៃ​ទាំង​នេះ​មិន​ថ្លៃ​នោះ​ទេ​ប្រសិន​បើ​​ប្រៀប​ធៀប​នឹង​ពពួក Flagship នា​ពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​ឡើង​​ថ្លៃ​ច្រើន​បើ​ធៀប​នឹង​ OnePlus ជំនាន់​មុន។ ជាក់​ស្ដែង OnePlus 7T ដែល​ប្រកាស​ចេញ​កាល​ពី​ខែ​តុលា​កន្លង​ទៅ ប្រភេទ RAM8GB/ROM128GB មាន​តម្លៃ​ ៥៨៩ អឺរ៉ូ និង ៥៩៩ អឺរ៉ូ នៅ​អឺរ៉ុប។

ចំណែក OnePlus 7T Pro មាន​តម្លៃ ៧៥៩ និង ៧៦៩ អឺរ៉ូ ប៉ុន្តែ​វា​មិន​បន្សល់​តម្លៃ​ដ៏​ទាក់ទាញ​នេះ​ដល់​ OnePlus 8 Pro ដែល​ជា​អ្នក​ស្នង​តំណែង​នោះ​ទេ។ OnePlus 8 Pro មាន​តម្លៃ​លក់​រាយ​ ៩១៩ និង ៩២៩ អឺរ៉ូ នៅ​អឺរ៉ុប សម្រាប់​ប្រភេទ 8GB/128GB។

OnePlus 8 Pro

ឯ​ប្រភេទ 12GB/256GB វិញ​គឺ​មាន​តម្លៃ ១០០៩ និង ១០១៩ អឺរ៉ូ ឯណោះ។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ស្មាតហ្វូន OnePlus មាន​តម្លៃ​លើស​ ១០០០ អឺរ៉ូ ហើយ​វា​ថែម​ទាំង​ថ្លៃ​ជាង​ OnePlus 7T Pro McLaren Edition (តម្លៃ ៨៥៩ អឺរ៉ូ) ទៀត​ផង។

ហេតុផល​ចម្បង​​ពី​ក្រោយ​ការ​ឡើង​​ថ្លៃ​នេះ​គឺ​ OnePlus ធ្លាប់​បាន​បញ្ជាក់​ដែរ នោះ​គឺ​ Modem 5G Snapdragon X55 ដែល​មាន​បង្កប់​នៅ​លើ​បន្ទះ​ឈីប​ Snapdragon 865 មក​​រួច​ជា​ស្រេច។ ​កត្តា​ផ្សេង​ទៀត​​ទំនង​ជា​ការ​ពង្រឹង​សមត្ថភាព​កាមេរ៉ា​លើ​ម៉ូដែល​ទាំង​ពីរ, វត្តមាន​​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ជា​លើក​ដំបូង និង​អេក្រង់​ល្អ​លើស​មុន​ជា​ដើម៕​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី