ទូរសព្ទតម្លៃជាង ៥០០ដុល្លារ ប្រើឈីប SD 865 សាកថ្មកន្លះម៉ោងពេញ ចេញជាផ្លូវការ

  • 2020-04-14 01:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO Reno Ace គឺ​ជា​ស្មាតហ្វូន​លេច​ធ្លោ​មួយ​ក្នុង​ឆ្នាំ ២០១៩ ដែល​មាន​ផ្ដល់​ស្ទើរ​តែ​គ្រប់​យ៉ាង​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​បាន​ពី​ស្មាតហ្វូន​មាន​តម្លៃ​ធូរ។ ពេល​នេះ​ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​អ្នក​ស្នង​តំណែង​ដែល​ជា​ម៉ូដែល OPPO Ace 2។

Ace 2 មាន​បំពាក់​បន្ទះ​ឈីប Snapdragon 865, RAM ប្រភេទ LPDDR5, អង្គ​ផ្ទុក UFS 3.0 និង​ទ្រាំទ្រ​ប្រព័ន្ធ 5G។ ចំណែក​អេក្រង់​មាន Refresh Rate 90Hz ជា​ប្រភេទ OLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ FHD+។

ចំពោះ​ការ​សាក​ថ្ម​វិញ​គឺ​វា​ទ្រាំទ្រ​នូវ​ការ​សាក​ល្បឿន ៦៥វ៉ាត់ ដែល​រំពឹង​ថា​អាច​សាក​បាន​ពេញ​ក្នុង​ពេល​​ប្រហែល ៣៥នាទី ដូច​ជា​ Reno Ace ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​មាន​​បច្ចេកវិទ្យា​សាក​ថ្ម AirVOOC ដែល​មាន​ល្បឿន​សាក ៤០វ៉ាត់។ OPPO និយាយ​ថា​ការ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​ចំណាយ​ពេល​ ៥៦ នាទី​ប៉ុណ្ណោះ។ អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវ​ចំណាយ​ប្រមាណ ៣៥ដុល្លារ បន្ថែម​ដើម្បី​ទិញ​ឆ្នាំង​សាក​ឥត​ប្រើ​ខ្សែ​ល្បឿន​លឿន​របស់ OPPO។ OPPO Ace 2 ក៏​មាន​ Reverse Wireless Charging ល្បឿន ១០វ៉ាត់​ផង​ដែរ។

កាមេរ៉ា​ក្រោយ​របស់ Ace 2 មាន​ចំនួន​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា Ultra-Wide ទំហំ ៨MP (កម្រិត ១១៩ ដឺក្រេ) និង​កាមេរ៉ា​ Portrait ចំនួន​ពីរ​ទំហំ ២MP។ ចំណែក​ការ​ថត​ Selfie និង​វីដេអូ​ខល​គឺ​ទ្រាំទ្រ​ដោយ​កាមេរ៉ា​ទំហំ ១៦MP ដែល​ចោះ​រន្ធ​លើ​អេក្រង់។

មុខងារ​គួរ​ចាប់​អារម្មណ៍​ដទៃ​ទៀត​លើ Ace 2 គឺ​មាន​ដូច​ជា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​អេក្រង់, មាន​ជំនួយ​ការ​សិប្បនិម្មិត​ឈ្មោះ Breeno, មាន​ Haptic Feedback ល្អ​ប្រសើរ​ជាង​មុន, មាន​រន្ធ​បំពង​សំឡេង​ស្ទេរីអូ, មាន​ ColorOS 7.1 នៅ​ពី​លើ​ Android 10។

នៅ​ប្រទេស​ចិន OPPO Ace 2 មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦៧ដុល្លារ (8GB/128GB), ប្រមាណ ៦២៤ដុល្លារ (8GB/256GB) និង​​ប្រមាណ ៦៥២ដុល្លារ (12GB/256GB) ដែល​ចេញ​លក់​​នា​ថ្ងៃ​ទី ២០ ខែ​មេសា។ ចំពោះ​កាល​បរិច្ឆេទ​លក់​ក្រៅ​​ទឹក​ដី​ប្រទេស​ចិន មិន​ទាន់​មាន​ការ​បញ្ជាក់​ពី OPPO នៅ​ឡើយ​ទេ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី