មេ Tesla ថាឡាន Cybertruck ខ្លួន អាចអណ្តែតទឹកបាន

  • 2020-04-21 05:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់អគ្គិសនី Tesla Cybertruck បានបង្ហាញខ្លួនជារថយន្តគំរូកាលពីប៉ុន្មានខែមុន ដោយទទួលបានការជជែកវែកញ៉ែកជាច្រើន ដោយសារតែរូបរាងបែបជ្រុងៗរបស់វា។ ទោះជាយ៉ាងនេះក្តី Tesla ទទួលបានការកក់ទុកមុន រហូតដល់ទៅជាង ៦០០ ០០០គ្រឿងរួចទៅហើយ។

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថា រថយន្ត Cybertruck នឹងមានរូបរាងតូចជាងគំរូ នៅពេលចេញលក់ជាផ្លូវការ។ មិនតែប៉ុណ្ណោះ CEO រូបនេះក៏បានឲ្យដឹងទៀតថា រថយន្តភីកអាប់របស់ខ្លួនក៏អាចអណ្តែតលើទឹកបានផងដែរ។

“មែនហើយ! វានឹងអណ្តែតមួយសន្ទុះ”។ នេះបើតាមសម្តីលោក Elon Musk ឆ្លើយតបទៅអ្នកគាំទ្រលើបណ្តាញសង្គម Twitter ម្នាក់ ដែលបានសួរថា "តើលោកធ្លាប់គិតអំពីឡាន Cybertruck លយទឹកជ្រៅទេ? ជួនកាល ខ្ញុំត្រូវការឆ្លងកាត់ទឹកហូរ។ តើខ្ញុំអាចធ្វើវាដោយមិនឲ្យខូចខាតដល់ឡានអត់?"។

គួររំលឹកឲ្យដឹងថា រថយន្ត Tesla Cybertruck ត្រូវបានឌីហ្សាញឡើង ដោយបំផុសគំនិតតាមរថយន្ត Lotus Esprit ដែលអាចច្រមុជទឹកបាន ប្រើក្នុងរឿង James Bond មានចំណងជើងថា "The Spy Who Loved Me”។

រថយន្ត Tesla Cybertruck មានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ ហើយនឹងចេញលក់នៅចុងឆ្នាំ២០២១៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង