Samsung បង្ហាញមហិច្ឆតាផលិតកាមេរ៉ាទូរសព្ទទំហំ ៦០០MP

  • 2020-04-21 09:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung គឺ​ជា​ជើង​ខ្លាំង​មួយ​ក្នុង​ផ្នែក​អភិវឌ្ឍន៍​ និង​ផលិត​នូវ Sensor កាមេរ៉ា។ ក្រុមហ៊ុន​នេះ​គឺ​ធ្វើ​បាន​មុន​គេ​ក្នុង​ការ​ផលិត​កាមេរ៉ា​ទំហំ ៦៤MP និង ១០៨MP សម្រាប់​បំពាក់​លើ​ស្មាតហ្វូន ហើយ​ Samsung ជឿជាក់​ថា​នេះ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ប៉ុណ្ណោះ។

នៅ​លើ​វិបសាយ​ផ្លូវ​ការ​របស់ Samsung លោក Yongin Park ជា​អ្នក​ដឹក​នាំ​ក្រុម​ជំនួយ​ Sensor នៅ Samsung បាន​បង្ហាញ​អំពី​មហិច្ឆតា​ផលិត​ Sensor ទំហំ ៦០០MP នា​ពេល​អនាគត​ ដែល​​លើស​ពី​អ្វី​ដែល​ភ្នែក​មនុស្ស​អាច​មើល​ឃើញ។ លោក Park និយាយ​ថា​ភ្នែក​មនុស្ស​គឺ​ត្រូវ​នឹង​កម្រិត​ Resolution ទំហំ​ប្រមាណ ៥០០MP ប៉ុណ្ណោះ ហើយ​គោលដៅ​របស់​ក្រុម​អ្នក​ផលិត​គឺ​បង្កើត​នូវ Sensor ដែល​មាន Resolution លើស​នេះ។

​ដើម្បី​ថ្លឹងថ្លែង​ឲ្យ​បាន​រវាង​កម្រិត​ Resolution និង​ទំហំ​​នៃ Sensor កាមេរ៉ា ក្រុមហ៊ុន​ Samsung បាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដាក់​បញ្ចូល​គ្រាប់​ភីកសែល​ដ៏​ទំនើប។ ជាក់​ស្ដែង​ Sensor ទំហំ ៦៤MP របស់​ក្រុមហ៊ុន​នេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ 4-in-1 pixel binning ខណៈ​ដែល Sensor ទំហំ ១០៨MP ប្រើ​បច្ចេកវិទ្យា 9-in-1 pixel binning ដើម្បី​បង្កើត​សមត្ថភាព​ស្រូប​យក​ពន្លឺ និង​លុប​បំបាត់​បញ្ហា​ទាក់ទង​នឹង​ការ​ថត​រូប​នៅ​ងងឹត។ បច្ចេកវិទ្យា​ស្រដៀង​គ្នា​នេះ​ក៏​នឹង​ត្រូវ​ប្រើ​​ជា​មួយ Sensor មាន Resolution ធំ​របស់ Samsung នា​ពេល​អនាគត​ផង​ដែរ៕

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង