​ចំណុច​ខ្លាំង ៤ លើ​ Android នៅ​តែ​មិន​ទាន់​លេច​វត្តមាន​លើ iPhone

  • 2020-04-22 07:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ព្យាយាម​អភិវឌ្ឍ​និង​ធ្វើការ​បន្ថែម​នូវ​មុខងារ​ថ្មី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ចំណុច​ខ្វះខាត​មួយ​ផ្នែក​តូច ដែល​វា​ជា​តម្រូវការ​ចាំ​បាច់​សម្រាប់​ការ​ប្រើប្រាស់​លើ​ស្មាតហ្វូន។

ក្នុង​នោះ​មាន​ចំណុច​រសើប​ ៤ លើ​ស្មាតហ្វូន Android កំពូលៗ ដែល​មិន​ទាន់​មាន​ប្រើប្រាស់​លើ iPhone តម្លៃ​ខ្ទង់​ពាន់​ដុល្លារ៖

Always-On Display

មុខងារ Always-On Display បើ​និយាយ​ពី​អតិថិជន​ប្រើ​ស្មាតហ្វូន Android គឺ​ទទួល​បាន​បទពិសោធន៍​នេះ​ជា​យូរ​ណាស់​មក​ហើយ ដោយ​វា​អនុញ្ញាត​ឲ្យ​អ្នក​អាច​គោះ​អេក្រង់​មើល​ឃើញ​មុខងារ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​ការ​ឆែក Notification កាលបរិច្ឆេទ និង​ការ​បញ្ជា​តន្រ្តី​ជា​ដើម។

ប៉ុន្តែ​នៅ​លើ iPhone គឺ​យើង​រង់ចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មាន​ត្រឹម​តែ​ចចាមអារ៉ាម​ថា​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ពេល​ខាង​មុខ ឬ​អាច​ជា​នៅ​លើ iOS 14។

ការ​ប្រើ​រន្ធ USB-C

នៅ​លើ iPad Pro និង MacBook ជំនាន់​ថ្មី គឺ​មាន​ប្រើប្រាស់​រន្ធ​ដោត​ USB-C រួច​ទៅ​ហើយ នៅ​ឡើយ​តែ​ iPhone ដែល​លើ iPhone 11 Pro Max បន្ត​ប្រើ​ខ្សែ Lightning ដដែល។ បើ​ធៀប​នឹង​ស្មាតហ្វូន Android ​បច្ចុប្បន្ន មិន​ថា​តែ​ស្មាតហ្វូន​មធ្យម​មួយ​ចំនួន​គឺ​សុទ្ធ​សឹង​គាំទ្រ​រន្ធ USB-C ដែល​ជំនួយ​ដល់​ការ​សាក​ថ្ម​លឿន​ជាង​រន្ធ USB ធម្មតា។

ការ​គ្រប់គ្រង Control Center បាន​ធំ​ទូលាយ

ត្បិត​ផ្ទៃ Interface នៃ Control Center ​លើ​ស្មាតហ្វូន Android មើល​ទៅ​ហាក់​មិន​សូវ​ជា​ស្រស់ស្អាត​ដូច​នៅ​លើ iPhone ប៉ុន្តែ​វា​មាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ធំ​ទូលាយ​ច្រើន​ជាង។ លើ Android អ្នក​អាច​ទទួល​បាន​លើស​ពី ២ ទំព័រ ហើយ​អាច​រៀបចំ Shortcut និង Function ណាមួយ​តាម​លំដាប់​បាន​ស្រួល​ខុស​ពី iOS ដែល​មាន​កំណត់។

ការ​ចែក​អេក្រង់​នៃ​កម្មវិធី

Split-Screen សម្រាប់ iOS មាន​លើ​តែ iPad មួយ​គត់ ហើយ​វា​បាន​ដំណើរការ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​នៅ​លើ iPhone គឺ​មិន​ទាន់​អាច​ធ្វើ​បាន​នោះ​ទេ ខុស​ពី​ស្មាតហ្វូន Android សេរ៊ី​ក្រោយៗ​គឺ​អាច​ពុះ​ចែក​កម្មវិធី​ឲ្យ​ដំណើរការ​ក្នុង​ពេល​តែ​មួយ​បាន​ផុយ និង​មិនមាន​ភាព​រអាក់រអួល​អ្វី​ឡើយ៕

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា