Sarri ពី​បុគ្គលិក​ធនាគារ​ ក្លាយ​ជា​អ្នក​ចាត់ការ​​ដ៏​ជោគជ័យ​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​​

  • 2020-05-06 04:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Maurizio Sarri កាល​នៅ​ជា​យុវជន​បាន​ព្យាយាម​គ្រប់​បែប​យ៉ាង​ដើម្បី​លោត​ចូល​ក្នុង​ក្របខ័ណ្ឌ​កីឡាករ​បាល់ទាត់​អាជីព​ ប៉ុន្តែ​លោក​បាន​ត្រឹម​លេង​កម្រិត​ពាក់​កណ្ដាល​អាជីព​ប៉ុណ្ណោះ។​​

ការ​ខកខាន​លេង​បាល់​អាជីព​របស់​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ដោយ​សារ​តែ​លោក​បាន​បញ្ហា​របួស​ដែល​វា​ជា​ឧបសគ្គ​មួយ​រារាំង​ក្ដី​ស្រមៃ​របស់​លោក។​ ក្រៅ​ពី​លេង​ជា​កីឡាករ​ពាក់​កណ្ដាល​អាជីព​ Sarri ក៏​ធ្លាប់​មាន​ការងារ​ផ្សេង​ទៀត​ដូចជា​បុគ្គលិក​ធនាគារ​ជា​ដើម​។​

ទោះ​ជា​មិន​អាច​ក្លាយ​ជា​កីឡាករ​អាជីព​ប៉ុន្តែ​នៅ​វ័យ​៣០​ឆ្នាំ​ Sarri បាន​ក្លាយ​ជា​អ្នក​ចាត់​ការ​វ័យ​ក្មេង​បំផុត​មួយ​ដោយ​ដឹកនាំ​ក្លឹប​ USD Stia 1925 ជា​ក្លឹប​លំដាប់​ទី​៨​នៃ​បាល់ទាត់​អ៊ីតាលី។​ នៅ​ឆ្នាំ​២០១២​ បុរស​ពូកែ​ជក់​បារី​រូប​នេះ​បាន​រំកិល​ខ្លួន​បន្តិច​ម្ដង​ហក់​ទៅ​ដឹកនាំ​ Empoli នៃ​ក្របខ័ណ្ឌ​ Serie B ជា​លីគ​លំដាប់​ទី​ពីរ។​​

លុះ​ក្រោយ​ជួយ​ Empoli មាន​កៅអី​​លីគ​កំពូល​ Sarri បាន​ឡើង​រាសី​មួយ​កម្រិត​ទៀត​ដោយ​ត្រូវ​តែងតាំង​ជា​អ្នក​ចាត់ការ​ក្រុម​ខ្លាំង​ SSC Napoli ក្នុង​ឆ្នាំ​២០១៥ មុន​ផ្ទេរ​ទៅ​ Chelsea ហើយ​ឈ្នះ​ពាន​លើក​ដំបូង​បំផុត​ក្នុង​អាជីព​ជា​អ្នក​ចាត់ការ​នៅ​ទី​នោះ​គឺ UEFA Europa League ក្រោយ​យក​ឈ្នះ​ Arsenal នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​២០១៩។​

បច្ចុប្បន្ន​ Maurizio Sarri កំពុង​ដឹកនាំ​ Juventus ឈរ​កំពូល​តារាង​ក្របខ័ណ្ឌ​ Serie A នាំ​មុខ​ Lazio ចំនួន​១​ពិន្ទុ។​ ទោះ​មាន​បទពិសោធន៍​តិច​ពេល​នៅ​ជា​កីឡាករ​ ប៉ុន្តែ​បុរស​វ័យ​៦១​ឆ្នាំ​រូប​នេះ​មាន​ឆាក​ជីវិត​តស៊ូ​ខ្លាំង​បំផុត​ ពុះពារ​ មិន​បោះបង់​ ហើយ​បាន​សម្រេច​ក្ដី​ស្រមៃ​ដែល​គ្មាន​នរណា​ម្នាក់​អាច​នឹក​ស្មាន​ដល់​៕

ប្រភព៖ ESPN FC   អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី