បេះដូងបញ្ជា ស៊ិន ឧត្តមផល្លា ប្រឹងវក់វីជាមួយការងារដែលមិនបានសូម្បី ១០០ លុយខ្មែរ
- 2020-05-07 07:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេះដូងបញ្ជា ស៊ិន ឧត្តមផល្លា ប្រឹងវក់វីជាមួយការងារដែលមិនបានសូម្បី ១០០ លុយខ្មែរ
ចន្លោះមិនឃើញ
នាមតារាចម្រៀងដែលអាចច្រៀងបានច្រើនភាសា ពិបាករកនៅក្នុងប្រទេស អាចឲ្យ ស៊ិន ឧត្តមផល្លា រកប្រាក់បានខ្ទង់ពាន់ក្នុង១ខែ ប៉ុន្តែជាមួយគ្នានាងក៏បានអះអាងថា ក៏មិនចោលការងារមួយទៀតដែលនាងមិនដែលបានប្រាក់សូម្បី១០០លុយខ្មែរប៉ុន្តែអ្វីដែលធ្វើគឺតាមបេះដូងសុទ្ធសាធតែម្ដង។
ផល្លា ថ្លែងអំពីការងារស្រាវជ្រាវរកសិល្បករចាស់ៗតាំងពីជំនាន់ទសវត្សទី៦០ មកដល់ជំនាន់ក្រោយៗទៀត ដែលនាងធ្វើតាមទំព័រមួយដែលនាងបង្កើតឡើងដោយខ្លួនឯងកាលពីប្រមាណជាង ២ឆ្នាំមុន ឈ្មោះថា Movies Star Research ដែលធ្វើការទៅលើការរុករក និងស្រាវជ្រាវរកសិល្បករចាស់ៗទាំងជាតិ និងអន្តរជាតិ។ ការងារនេះ នាងធ្វើមិនដើម្បីរកផលតបស្នងណាមួយឡើយ។
“បានអី គ្មានបានអី ១០០ទេ អ្វីដែលធ្វើគឺតាមបេះដូង និងចង់គាស់រំលើងសិល្បកររៀមច្បងចាស់ៗ ដែលខ្លះគាត់បានឈប់ពីសិល្បៈហើយបាត់ដំណឹងឈឹង អីចឹង ខ្ញុំគ្រាន់តែចង់រំលឹកអនុស្សាវរីយជាមួយគាត់ និងឲ្យបងប្អូនទស្សនិកជន ពិសេសអ្នកគាំទ្រពួកគាត់ បានដឹងពីសុខទុក្ខគាត់ប៉ុណ្ណោះ"។
ស៊ិន ឧត្តមផល្លា បានយកពេលទំនេរពីការងារសិល្បៈ និងជំនួញលក់គ្រឿងសម្រាប់បុណ្យ ទៅធ្វើ ហើយថ្វីត្បិតថា បច្ចុប្បន្នបច្ចេកវិទ្យាមានភាពជឿនលឿន ប៉ុន្តែការងារជាអ្នកស្រាវជ្រាវម្នាក់ ក៏មិនមែនជារឿងងាយស្រួលពេកដែរ ពីព្រោះសិល្បករខ្លះបាត់មុខយូរឆ្នាំពេក ដូច្នេះហើយគឺត្រូវការចំណាយពេលច្រើន ស៊ើបសួររកតាមបណ្ដាញពីមួយទៅមួយទម្រាំឃើញ។ ប៉ុន្តែដើម្បីរំលឹកអនុស្សាវរីយ និងចង់គាស់រំលើងពីសុខទុក្ខពួកគេ នាងប្រឹងរកទាល់តែឃើញ។
"មានអ្នកខ្លះ ឆ្ងល់ថា ខ្ញុំពូកែរកម្ល៉េះ ទាំងរូបថត និងព័ត៌មានផ្សេងៗ ចេះតែរកបាន ពួកគេឆ្ងល់ថាខ្ញុំបានពីណា ព្រោះមានបងប្អូនសិល្បករខ្លះ មិនមានរូបខ្លួនឯងដែលខ្ញុំមានផង អីចឹងហើយ ពួកគាត់ឆាតមកសុំរូបគាត់ពីខ្ញុំវិញផង(សើច)"។
តាមការបញ្ជាក់របស់អ្នកមេម៉ាយរូបស្រស់ មកទល់បច្ចុប្បន្ន នាងបានគាស់រំលើងឡើងវិញនូវសិល្បៈរៀមច្បង ឬវីរសិល្បករខ្ទង់រយនាក់ទៅហើយទាំងជាតិ និងអន្តរជាតិ ពោលគឺទាំងសិល្បករខ្មែរ អាមេរិក ឥណ្ឌា ចិន ហុងកុងជាដើម។ យ៉ាងណា សិល្បកររៀមច្បងនៅក្នុងស្រុក គឺជាទិសដៅអាទិភាពសម្រាប់ការងារនេះ។ ពីព្រោះថា ពួកគេទាំងនោះ ធ្លាប់ជាចំណែកដែលបានជួយជ្រោងសិល្បៈឲ្យខ្ពស់ត្រដែតនាអតីតកាល។
ដូច្នេះហើយ បើសម័យកាលរបស់ពួកគាត់បានកន្លងផុតទៅហើយក្ដី ប៉ុន្តែគ្រប់គ្នាមិនគួរបំភ្លេចពួកគាត់ដែរ។ បែបនេះហើយ ទើបនាងខ្នះខ្នែងលើការងារដែលចំណាយកម្លាំងចោលទទេនេះ។ មិនត្រឹមតែមិនចំណេញអ្វី ប៉ុន្តែ ស៊ិន ឧត្តមផល្លា ក៏ធ្លាប់ត្រូវគេរករឿងដែរពីមនុស្សមួយក្រុម ដែលចោទនាងថា បានលូកលាន់ការងាររបស់គេ។ បែបនេះក្ដី ម្ចាស់ហាង "ឧត្តម ឧត្តម" លក់គ្រឿងបុណ្យ បញ្ជាក់ថា នាងមិនចោលការងារនេះទេ។
ថ្វីត្បិតការងារនេះ មិនផ្ដល់ផលចំណេញណាមួយដោយផ្ទាល់ចំពោះខ្លះ ផល្លា លើកឡើងថា អ្វីដែលនាងមោទកភាពពីការងារនេះ ក៏ព្រោះតែសិល្បករចាស់ៗខ្លះ ដែលនាងបានគាស់រំលើង បានការលើកតម្កើងសារជាថ្មី ហើយខ្លះទៀតបានទាំងឱកាសការងាររកប្រាក់កម្រៃដើម្បីផ្គត់ផ្គត់ជីវភាពផង។
បន្ទាប់ពីមានស្នាដៃលើការស្រាវជ្រាវរកសិល្បករចាស់ៗ ទំព័រ Movies Star Research របស់នាងក៏ទទួលបានប្រជាប្រិយភាព ហើយក៏មានសិល្បករជំនាន់ថ្មីជាច្រើន ស្នើសុំនាងជួយលើកតម្កើងពួកគេ។ ចំណុចនេះ ម្ចាស់ស្រី សូមធ្វើការអភ័យទោស ទី១មួយខុសគោលការណ៍របស់នាង ទី២សិល្បករជំនាន់ថ្មី មិនទាន់មានស្នាដៃច្រើននៅឡើយ។ ដូច្នេះហើយ ទុកពេលឲ្យពួកគេសាងសមិទ្ធផលបន្តិចទៀត នាងនឹងមិនបិទផ្លូវសម្រាប់ពួកគេឡើយ៕
សួស សុគន្ធថាវរី អតីតតារាសម្ដែង