ភាពយន្ត​ខ្នាត​ធំ ប្រើ​តួ​ជិត​២០០០​នាក់ បើក​សម្ពោធ​យប់មិញ

  • 2014-11-20 17:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​​រឿង ​"ទ្វារ​របង ឬ The Gate” “ Les temps des aveux”ជា​ខ្សែភាពយន្ត​ខ្នាត​ធំ ដែល​និយាយ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្នុងអំឡុងពេល​មុន​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច បាន​បើក​​សម្ពោធ​ហើយ​កាល​ពី​ល្ងាច​មិញ​នេះ នៅ​រោងភាពយន្ត​ទំនើប MAJOR CINEPLEX BY CELLCARD។

រឿង​"ទ្វារ​របង" ឬ The Gate” “ Les temps des aveux”ត្រូវ​បាន​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ផលិត រវាង​ផលិតកម្ម Goumont ផលិតកម្ម Les films du cap របស់​ប្រទេស​បារាំង ជា​​មួយ​ផលិតកម្ម​បុប្ផាណា នៃ ប្រទេស​កម្ពុជា។ សាច់​រឿង​ទាំង​មូល ត្រូវ​បាន​ដក​ស្រង់​​ឡើង​ពី​សៀវភៅ​របស់​លោក ហ្វ្រង់ស្វ័រ ប៊ីហ្សូ ដែល​បាន​ចង​ក្រង​ពី​ប្រវត្តិសាស្ត្រ កម្ពុជា​ក្នុងអំឡុងពេល​មុន​ខ្មែរ​ក្រហម​គ្រប់គ្រង​អំណាច។

 

បើ​តាម​ការ​ឲ្យ​ដឹង​​ពី​លោក ជៀប សុវិជ្ជា នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​ និង​ទទួល​​ថត​ភាពយន្ត​នៅ​កម្ពុជា ខ្សែភាពយន្ត​​មួយ​នេះ​បាន​ប្រើ​ពេល​ជាង២ឆ្នាំ​ក្នុង​​ការ​ផលិត​ឡើង ដោយ​​រយៈ​ពេល​នេះ បូក​បញ្ចូល​​តាំង​ការ​ស្វែង​រក​ទីតាំង​ដើម្បី​ថត តួសម្ដែង ក៏​ដូច​ជា ឯកសារ​ផ្សេង​ៗ​ទៀត។

 

ប្លង់​នៃ​សាច់​ទាំង​មូល ត្រូវ​​បាន​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទាំង​អស់ ក្នុង​នោះ​​មាន ខេត្ត បាត់ដំបង់ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង រាជធានី​ភ្នំពេញ ក្នុង​រយៈ​ពេល​នៃ ការ​រៀបចំ​កន្លែង​ថត​មាន​ចំនួន​៤៥ថ្ងៃ និង​ចំនួន​ថ្ងៃ​ថត ៣៦ថ្ងៃ។

លោក ជៀប សុវិជ្ជា បាន​ឲ្យ​ដឹង​ទៀត​ថា ខ្សែភាពយន្ត​ដែល​មាន​ការ​​ចូល​រួម​រវាង​ផលិតកម្ម​ធំៗ​មក​ពី​ប្រទេស​បារាំង​ និង​កម្ពុជា​នេះ បាន​ប្រើប្រាស់​​អ្នក​បច្ចេកទេស​និង​​ក្រុម​ការ​ងារ មាន​រហូត​ដល់​ទៅ​២២៤នាក់​ឯណោះ ក្នុង​​នោះ​ជនជាតិ​បារាំង​ចំនួន ៤៣នាក់ ជនជាតិ​ខ្មែរ​​ចំនួន១៨១​នាក់។

 

ចំណែក​តារា​សម្ដែង​មាន​រហូត​ដល់​ទៅ ១៨០៤ ​នាក់ ក្នុង​នោះ​តួសម្ដែង​សំខាន់​ជនជាតិ​បារាំង១នាក់ តួសម្ដែង​​សំខាន់​ជនជាតិ​ខ្មែរ៣នាក់ តួ​បន្ទាប់បន្សំ​​បរទេស​ចម្រុះ​ជាតិ​សាស្ត្រ៨៤៥នាក់ និង តួ​បន្ទាប់បន្សំ​ជនជាតិ​ខ្មែរ​ចំនួន៩៥៩នាក់ ។

ពិធី​សម្ពោធ​រឿង​"ទ្វារ​របង ឬ”The Gate” “ Les temps des aveux” កាល​ពី​ល្ងាច​ម្សិលមិញ​នេះ មាន​ការ​ចូលរួម​ពី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង វប្បធម៌​វប្បធម៌ ​និង​វិចិត្រសិល្បៈ មន្ត្រី​ស្ថានទូត​បារាំង ផលិតករ អ្នក​ដឹក​នាំ​​រឿង​​តួ​សម្ដែង និង​ភ្ញៀវជាតិ​អន្តរជាតិ​ជា​​ច្រើនរូប​ទៀត។

 

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​វប្បធម៌ ​និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ​និង​បារាំង ការ​ចុះ​កិច្ចព្រមព្រៀង​​ស្ដី​​ពី​​សហ​​ផលិតកម្ម​ភាពយន្ត​កាល​ពី​ថ្ងៃ​ទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៣។ កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​រឹត​ចំណង​លើ​វិស័យ​ភាព​យន្ត បារាំង​កម្ពុជា ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រវាង​អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​ទាំង​ពីរ​សញ្ជាតិ​​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត និង​ជួយ​បង្ក​ភាព​ងាយស្រួល​ដល់​ផលិតករ ក្នុង​ការ​ចេញ​ចូល​ថត​ខ្សែភាពយន្ត ក្នុង​ប្រទេស​ទាំង២។

រឿង ​"ទ្វារ​របង ឬ The Gate”  “ Les temps des aveux” គឺ​ជា​ខ្សែភាពយន្ត​ទី១​ហើយ ដែល​បាន​ផលិត​ឡើង​​​​រវាង​ផលិតករ​បារាំង​ និង​កម្ពុជា បន្ទាប់​ពី​ចុះ​ហត្ថលេខា​ជា​មួយ​គ្នា។លោក​ជំទាវ រដ្ឋមន្ត្រី​ក្រសួង បាន​លើក​ទឹក​ចិត្ត និងសង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ផលិត​ខ្សែភាពយន្ត​នានាកាន់​តែ​ច្រើន​បន្ថែម​ទៀត៕

https://www.youtube.com/watch?v=3L0_3trzGIo

អត្ថបទ៖ ខុត សីហា