ទីបំផុត​ស្រី​ស្អាត លីកា បញ្ចេញ​ពី​សភាព​ពិត​នៃ​ជំងឺ​របស់​ខ្លួន ដែល​ត្រូវ​ព្យាបាល​ដល់​រាប់​ខែ

  • 2020-05-19 03:35:00
  • ចំនួនមតិ 49 | ចំនួនចែករំលែក 47

ចន្លោះមិនឃើញ


ក្រោយ​ពី​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត និង​អ្នក​គាំទ្រ​របស់​នាង​មាន​ការ​ព្រួយ​បារម្ភ នៅ​ពេល​នេះ​ស្រី​ស្អាត​សមាជិក OMG តែ ស៊ុន​សុដាលីកា ហៅ លីកា បាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ហើយ ដែល​អាការ​ត្រូវ​ការ​ការ​ព្យាបាល​ប្រមាណ​១-២ខែ​ឯណោះ។

កញ្ញា តែ ស៊ុន​សុដាលីកា បាន​បញ្ចេញ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ប្រាប់​ប្រិយមិត្ត និង​អ្នក​គាំទ្រ​របស់​នាង​កាល​ពី​ថ្ងៃ​ទី ៧ឧសភា ថា នាង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​នាង​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ និងបាន​បញ្ជាក់​ទៀត​ថា អាការ​របស់​នាង គឺ​​នាង​មិន​អាច​កម្រើក​បាន​ទេ។ សារ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ មិត្តភ័ក្ដិ​មួយ​ចំនួន​កើត​មាន​ក្ដី​បារម្ភ​ពី​សុខភាព​របស់​តារា​ស្រី។

ឥឡូវ​នេះ លីកា បាន​បញ្ចេញ​សារ​ប្រាប់​ប្រិយមិត្ត​បន្ថែម​លើ​បណ្ដាញ​សង្គម​ថា នាង​មាន​បញ្ហា​ឆ្អឹង​ខ្នង តែ​មិន​បាន​បញ្ជាក់​ថា​ឆ្អឹង​ខ្នង​កើត​រោគអ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ គ្រាន់​តែ​បង្ហើប​ថា បញ្ហា​ដែល​កើត​នេះ ត្រូវ​ធ្វើ​ការ​វះកាត់​ជា​ចាំ​បាច់ ក្រៅ​ពី​នេះ នាង​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ខ្លះ​ថែម​ទៀត។ យ៉ាង​ណា ជា​ភ័ព្វ​នៅ​ក្នុង​គ្រោះ​នេះ តារា​ស្រី​បញ្ជាក់​ថា នាង​បាន​ឆ្លង​កាត់​ការ​វះកាត់​បាន​ជោគជ័យ​ហើយ។ “ឥឡូវ​នេះ ខ្ញុំ​បាន​ទទួលការ​វះ​កាត់​បាន​ជោគជ័យ​៥ថ្ងៃ​ហើយ"។

ក្រោយ​ពី​ជោគជ័យ​លើ​ការ​ឆ្លង​កាត់​មុខ​កាំបិត សមាជិក​ក្រុម​រាំ OMG ដ៏​ល្បី​របស់​កម្ពុជា បញ្ជាក់​ទៀត​ថា នៅ​ពេល​នេះ​ស្ថានភាព​របស់​នាង​បាន​វិល​មក​ល្អ​ប្រសើរ​ច្រើន​ហើយ។ យ៉ាង​ណា នាង​មិន​អាច​អាច​ងើប​អង្គុយ និង​ដើរ​បាន​នៅ​ឡើយ ក្នុង​នោះ​តាម​ការ​ប៉ាន់​ស្មាន នាង​ត្រូវ​ការ​រយៈ​ពេល​ព្យាបាល​ប្រមាណ ១-២ខែ​ទៀត​ឯណោះ ទើប​អ្វី​ៗ​អាច​វិល​មក​រក​ភាព​ប្រក្រតី​វិញ ១០០%។

តែ ស៊ុន​សុដាលីកា គឺ​ជា​សមាជិក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​របស់​ក្រុម​រាំ​នារី​ល្បី​ឈ្មោះ​នៅ​កម្ពុជា OMG Girl Dance Crew ដែល​ចំណុច​ទាក់​ទាញ​របស់​នាង គឺ​ទី១​តាម​រយៈ​រូប​សម្រស់ ដ៏​ស្រស់​សោភា និង​ទី​២​ទេពកោសល្យ និង​ភាព​រស់រវើក​នៅ​ក្នុង​ក្បាច់​រាំ K-Pop របស់​នាង។ និយាយ​ពី​ការ​រាំ​នេះ គឺ​ត្រូវ​ពឹង​ផ្នែក​លើ​ស្ថានភាព​រាងកាយ​ខ្លាំង ព្រោះ​ថា​ក្បាច់​ៗ​រាំ​នីមួយ សុទ្ធ​តែ​ពុត​ពេន​កាច់​ចង្កេះ​ខ្លាំង។

រូបភាព៖ ហ្វេសប៊ុក លីកា

ដូច្នេះ​ហើយ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា អាការ​របស់ លីកា លើ​ចំណុច​ឆ្អឹង​ខ្នង​នេះ កើត​ឡើង​ដោយ​សារ​កាយ​វិការ​ពុត​ពេន​ទាំង​នោះ​ឬ​យ៉ាង​ណា? ហើយ​មួយ​វិញ​ទៀត​ថា​តើ អាការ​ឆ្អឹង​ខ្នង​របស់​តារា​ស្រី​នា​ពេល​នេះ អាច​ប៉ះពាល់​ដល់​អាជីព​របស់​នាង​នា​ពេល​អនាគត​ឬ​យ៉ាង​ណា ក៏​មិន​ទាន់​មាន​ចម្លើយ​ដែរ ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៩ ឧសភា នេះ​សាមី​ខ្លួន មិន​ទាន់​សុំ​ការ​អធិប្បាយ​លម្អិត​បាន៕

អត្ថបទ៖ ទារិកា