អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង មិនគួររំលងរមណីយដ្ឋាន​ភ្នំ​សំកុះ ខេត្ត​ពោធិ៍សាត់

  • 2020-05-20 04:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រមណីយដ្ឋាន​សំកុះ​ មាន​អ្វី​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ? តាម​ពិត​ទៅ​ភ្នំ​សំកុះ ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ចូល​ជា​ដែន​ជម្រក​សត្វព្រៃ ដូច្នេះ តំបន់​មួយ​នេះ ត្រូវ​បាន​ថែរក្សា​ ការពារ សត្វព្រៃ និង រុក្ខជាតិ ពី​ការ​បំផ្លិចបំផ្លាញ​ពី​មនុស្ស។ ម៉្លោះហើយ ភ្ញៀវ​ទេសចរ​ចង់​ទៅ​កម្សាន្ត​នៅ​ភ្នំ​សំកុះ អាច​ស្វែង​យល់​បាន​ពី សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សត្វ​ដំរី។

លោក នួន លីម មន្ត្រី​កិច្ចសន្យា​របស់​មន្ទីរ​ទេសចរណ៍​នៅ​ខេត្ត​ពោធិ៍សាត់ បាន​ប្រាប់​ Sabay ថា សហគមន៍​អូរសោម​មាន​តំបន់​កម្សាន្ត​បែប​ធម្មជាតិ​ជាច្រើន ដូចជា ទឹក​ធ្លាក់ ល្អាង​ក្រពើ ភូមិ​ជនជាតិ និង​ចម្ការ​ ជាច្រើន​ ហើយ​អ្វី​ដែល​ទាក់ទាញ​ទេសចរ​ចង់​មក​កម្សាន្ត​ជាង​គេ​នោះ គឺ​ភ្នំ​សំកុះ។ ភ្នំ​សំកុះ​ស្ថិត​នៅ​តាម​ជួរ​ភ្នំក្រវ៉ាញ ដែល​មាន​កម្ពស់​ខ្ពស់​លេខ ២ បន្ទាប់​ពី​ភ្នំ​ឱរ៉ាល់ ដូច្នេះ​ភ្ញៀវ​ទេសចរ​ចង់​មក​កម្សាន្ត​នៅ​ទី​នេះ​ ត្រូវ​ផ្សងព្រេង​ចូល​ព្រៃ​មើល​សត្វព្រៃ ពិត​ៗ​ ដែល​ជា​ប្រភេទ​សត្វព្រៃ​នៅ​កម្ពុជា ដូចជា ដំរី, ប្រមា, សំពោច, ក្ដាន់, កន្ធាយ, និង អាច​មើល​អំពិលអំពែក​ នា​ពេល​រាត្រី​ផង​ដែរ។

លោក នួន លីម

ចំពោះ​សេវាកម្ម​មក​កម្សាន្ត​ភ្នំ​សំកុះ គឺ​សហគមន៍​អូរសោម មាន​អ្នកណែនាំ​ភ្ញៀវ​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​ទៅ​កម្សាន្ត ដោយ​មាន​ម៉ូតូ​ ម្ហូប​អាហារ​ ៣ពេល តង់​ និង អង្រឹង សម្រាប់​គេង​កម្សាន្ត​ ក្នុង​ព្រៃ ក្នុង​ម្នាក់ ១០ម៉ឺន​រៀល រយៈពេល ១យប់ ២ថ្ងៃ។ ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ចង់​ធ្វើ​ដំណើរ​ទៅ​ភ្នំ​សំកុះ មិន​អាច​ជិះ​រថយន្ត​ឡើង​បាន​ទេ គឺ​ត្រូវ​ជិះម៉ូតូ រួច​ដើរ​ ដោយ​ជើង​ចូល​ក្នុង​ព្រៃ។

បោះជំរុំ ក្នុង​ព្រៃ នៃ​តំបន់​ភ្នំសំកុះ

ទាក់ទង​នឹង​សុវត្ថិភាព​ភ្ញៀវ លោក លីម និយាយ​ថា នៅ​​ពេល​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ភ្នំសំកុះ គឺ​អ្នក​នាំ​ភ្ញៀវ​បាន​ហៅ​ក្រុម​មន្ត្រី​បរិស្ថាន​1-2 នាក់ ដោយ​មាន​កាំភ្លើង​យក​ទៅ​ជាមួយ ដើម្បី​ការពារ​ភ្ញៀវ​ក្នុង​ព្រៃ។ «តាម​ពិត​ទៅ​វា​មិន​អី​ទេ តែ​យើង​យក​កាំភ្លើង​តាម​ គ្រាន់តែ​ចង់​ការពារ​ប្រសើរ​ជាង​ព្យាបាល​ប៉ុណ្ណោះ»។ លោក លីម និយាយ។

តំណាង​សហគមន៍​អូរសោម លោក លីម បាន​និយាយ​ទៀត​ថា កន្លង​មក​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ភ្នំ​សំកុះ ភាគច្រើន​ជា​ភ្ញៀវ​បរទេស​ ដែល​ចូល​ចិត្ត​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ខ្មែរ មក​ពី​បណ្ដា​រាជធានី និង​ខេត្ត​នានា បាន​មក​កម្សាន្ត​ច្រើន​ដែរ ដែល​ទំនង​ដោយ​សារ​ការ​ផ្សព្វផ្សាយ៕

វីដេអូ

ភ្នំសំកុះ ស្ថិត​នៅ​ជាប់​គ្នា​រវាង​ខេត្ត​ពោធិ៍សាត់ និង ខេត្ត​កោះកុង ដែល​រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​តំបន់​នេះ​ជា​ដែន​ជម្រក​សត្វព្រៃ ហើយ​ភ្នំ​សំកុះ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​ជាង ១០០គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់

ចុចអាន៖ តំបន់​ទេសចរណ៍ «ទឹក​ធ្លាក់​ឆាយ​ប្រុយ» កំណប់​ពិសេស នៅ​វាលវែង ខេត្ត​ពោធិ៍សាត់

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម