ក្ដៅៗ ! កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ថ្មី ចំនួន១ករណី

  • 2020-05-21 14:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច​ ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញវិជ្ជមានជំងឺកូវីដ១៩​ ក្រោយពីទទួលបានលទ្ធផល​តេស្តសំណាក​ពីវិទ្យាស្ថានប៉ាស្ទ័រ កាលពីម៉ោង​៦ល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា បុរសខាងលើនេះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន បន្ដជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជា​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០យប់។

របាយការណ៍ក៏បានបញ្ជាក់ទៀត​ថា អ្នកដំណើរមានសរុបចំនួន​៦៣នាក់ គឺស្រី១៤នាក់ និងប្រុស​៤៩នាក់​ ដែលមានជនជាតិកូរ៉េ ២៣នាក់ ក្នុងនោះស្រី៣នាក់​ បុរសជនជាតិប៊ែលហ្សិក ១នាក់​ បុរសជនជាតិតៃវ៉ាន់​ ១នាក់​ បុរសជនជាតិហូឡង់ ១នាក់ ជនជាតិជប៉ុន ៣នាក់ ក្នុងនេះស្រី១នាក់​ និងជនជាតិខ្មែរ ៣៤នាក់ (ស្រី១០នាក់) មានការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ​ និងបានដាក់នៅរងចាំកន្លែងធ្វើចត្តាឡីស័ក​ នៅជិតអាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយ​បាន​យក​វត្ថុសំណាក​ទៅធ្វើ​វិភាគទាំង​អស់ ដែលជាលទ្ធផល​បង្ហាញ​ថា មានវិជ្ជមាន​វិរុស​កូវីដ១៩ លើបុរសជនជាតិ​ខ្មែរ​ម្នាក់​ខាង​លើ​នេះ។​

ក្រសួងបាន​បញ្ជូន​បុរសរូបនេះ​ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​ សូវៀត រួចហើយ​​។ ដោយឡែក​ អ្នក​ដំណើរ​ទាំង​ ៦២នាក់​ទៀត​ ត្រូវ​បន្ត​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤ថ្ងៃ នៅសណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ ដើម្បី​តាម​ដាន​សុខភាព​តាម​វិធាន​ការ​សុខាភិបាល​ជាចាំបាច់។

ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោមនេះ៖​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម